Huawei បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​ដើម្បី​ប្រជែង​ជាមួយ Android របស់ Google

297
ចែករម្លែក

​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​ចិន Huawei បានបង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ទី​៩ សីហា ខណៈដែល​ក្រុមហ៊ុន​នេះ​ប្រឈម​នឹង​ការគំរាមកំហែង​នៃ​ការបាត់បង់​សិទ្ធិ​ប្រើប្រាស់​ប្រព័ន្ធ Android និង​ទណ្ឌកម្ម​ជាច្រើន​របស់​អាម៉េរិក​។​

​លោក រី​ឆាត យូ ប្រធាន​ផ្នែក​អាជីវកម្ម​ផលិតផល​និង​សេវាកម្ម​របស់​ក្រុមហ៊ុន Huawei បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​តុង​ហ្គា​ន ភាគខាងត្បូង​ប្រទេស​ចិន​ថា ប្រព័ន្ធ​ថ្មី​ឈ្មោះ HarmonyOS នឹង​នាំមក​នូវ​ភាពសុខដុមរមនា​ដល់​ពិភពលោក​។​

​សូ​ហ្វ​វែ ដែល​គេ​ទន្ទឹងរង់ចាំ​មើល​បំផុត​នេះ ត្រូវបាន​ចាត់ទុកថា​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ការរស់រាន​រប​ស់​ក្រុម​បច្ចេកវិជ្ជា​យក្ស​នេះ ខណៈដែល​ក្រុមហ៊ុន​កំពុង​ប្រឈម​នឹង​បម្រាម​របស់​សេត​វិមាន​លើ​ក្រុមហ៊ុន​អាមេរិក កុំឱ្យ​លក់​ផលិតផល​បច្ចេកវិជ្ជា​ឱ្យទៅ​ក្រុមហ៊ុន Huawei ដែល​អាច​នឹង​ដក Huawei ពី​ការប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Google ។​

​លោក​យូ​បាន​និយាយថា ប្រព័ន្ធ​ថ្មី​នេះ​គឺជា “​ប្រព័ន្ធ​ប្រតិបត្តិ​ការដែល​ផ្តោតលើ​អនាគត​” ដែលមាន​ភាពរលូន​និង​មាន​សុវត្ថិភាព​ជាង​មុន ដែល​លោក​បាន​និយាយថា​ខុសគ្នា​ទាំងស្រុង​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS​។​

​ក្រុមហ៊ុន Huawei បាន​និយាយថា ជំនាន់​ដំបូង​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​នឹង​បង្ហាញខ្លួន​នៅ​ចុង​ឆ្នាំនេះ​នៅក្នុង​ផលិតផល​អេក្រង់​ឆ្លាត​របស់ខ្លួន​។​

​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ ប្រព័ន្ធ​នេះ​នឹងត្រូវ​អភិវឌ្ឍ​សម្រាប់​ឧបករណ៍​ឆ្លាត​វៃ​ជាច្រើន​ប្រភេទ រួមទាំង បច្ចេកវិជ្ជា​ពាក់​នឹង​ដៃ​។​

​កាលពី​ខែឧសភា​ក្រុមហ៊ុន​នេះ​បាន​ធ្លាក់​ចូលក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប៉េកាំង​និង​វ៉ាស៊ីនតោន ដែល​បានឃើញ​ការ​វាយ​ពន្ធ​ទណ្ឌកម្ម​បន្ថែម​លើ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែលមាន​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស