Huawei របស់​ចិន​ត្រៀម​វ៉ា Samsung ឡើងមក​លេខ ១ ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​លើ​ពិភពលោក​

1479
ចែករម្លែក

​បន្ទាប់ពី​វ៉ា​ដាច់​ក្រុមហ៊ុន Apple ក្នុង​ការលក់​ស្មា​ត​ហ្វូ​ន​លើ​សកលលោក ក្រុមហ៊ុន Huawei ឥឡូវ​មាន​ចក្ខុវិស័យ​ក្នុងការ​ដណ្តើមយក​លេខ​១​ពី​ក្រុមហ៊ុន Samsung ដើម្បី​ក្លាយទៅជា​អ្នកលក់​ទូរស័ព្ទ​លំដាប់​កំពូល​នៅលើ​ពិភពលោក​។​

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់​ចិន​នេះ​បាន​បង្កើន​ការព្យាករណ៍​របស់ខ្លួន​សម្រាប់​ការនាំចេញ​ស្មា​ត​ហ្វូ​ន​ពេញ​មួយឆ្នាំ​រហូតដល់​ជាង ២០០ លាន​គ្រឿង ហើយ​និយាយថា​ខ្លួន​អាច​នឹង​ក្លាយជា​អ្នកលក់​ឧបករណ៍​អេឡិចត្រូនិក​ឈានមុខ​គេ​របស់​ពិភពលោក​នៅក្នុង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំក្រោយ​។​

​ការលើកឡើង​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន Huawei បាន​វ៉ា​ឈ្នះ Apple ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំជាងគេ​លំដាប់​ទី ២ នៅលើ​ពិភពលោក​។​

​លោក រី​ឆាត យូ ប្រធាន​ប្រតិបត្តិ​ផ្នែក​អតិថិជន​របស់​ក្រុមហ៊ុន Huawei បានឱ្យដឹងថា ក្រុមហ៊ុន​រំពឹងថា ការនាំចេញ​ពេញ​មួយឆ្នាំ​នឹង​កើនឡើង​លើស​គោលដៅ​ដំបូង ១៨០ លាន​គ្រឿង បន្ទាប់ពី​នាំចេញ​ទូរស័ព្ទ​ទំនើប​ជាង ៩៥ លាន​គ្រឿង​នៅ​ឆមាស​ទី​១​ឆ្នាំនេះ​។​

​លោក​យូ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣​សីហា​ថា “​ខ្ញុំ​គិតថា វា​មិនមែនជា​បញ្ហា​ទេ​ដែល​យើង​ក្លាយជា​ក្រុមហ៊ុន​លេខ ២ នៅ​ឆ្នាំក្រោយ​។ នៅក្នុង​ត្រីមាស​ទី​៤​ឆ្នាំក្រោយ វា​អាចទៅរួច​ដែល​យើង​ក្លាយជា​ក្រុមហ៊ុន​លេខ ១”​។​

​លោក​បាន​សន្មត​ថា កំណើន​នេះ​គឺ​បានមកពី​ការលក់​ដ៏​ខ្លាំងក្លា​នៅក្នុង​ទ្វីបអឺរ៉ុប​និង​ប្រទេស​ចិន ដែល​ទ្រទ្រង់​ដោយ​ផលិតផល​ថ្លៃៗ ដូចជា ស៊េរី P20 ជាដើម ដែល​លក់បាន​ជាង ៩ លាន​គ្រឿង តាំងពី​ចាប់ផ្តើម​ដំណើរ​ការលក់​កាលពី ៤ ខែ​មុន​៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Huawei គ្រោង​នឹង​លក់​ស្មា​ត​ហ្វូ​ន​ឱ្យបាន ២០០ លាន​គ្រឿងក្នុង​មួយឆ្នាំ ដែល​នឹង​ចាប់ផ្តើម​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩
#