Hun Sen Cup: ក្រុម​គិរីវង់ ប៉ះ​កំពត ឯ U18 បាទី ជួប​ម្ចាស់ផ្ទះ​កោះកុង ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

927
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា / ភ្នំពេញ​៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់​ខេត្ត បានបញ្ចប់​កម្មវិធី​ចាប់​គូប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួចហើយ ដោយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ ត្រូវ​ជួប​ក្រុម​ជម្រើស​ខេត្តកំពត និង​ក្រុម​ជម្រើស​ខេត្តកោះកុង ជួប​ក្រុម​ខ្លាំង​សាលា​បាល់ទាត់​ជាតិ​ក្រោម​អាយុ ១៨​ឆ្នាំ ខណៈ​ការប្រកួត​នឹងធ្វើ​ឡើងលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​តែមួយគត់​។​

ទិដ្ឋភាពពេលប្រកួតនាពេលកន្លងមក (រូប៖ Bayon TV)

​លោក ឆាំង ពិសិដ្ឋ លេខាធិការ​ប្រតិបត្តិ នៃ​គណៈ​ការប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែឧសភា​ចុង​សប្ដាហ៍​នេះ ដោយ​ប្រកួត​ម៉ោង​ខុសគ្នា ពោលគឺ​ក្រុម​គិរីវង់ ប្រកួត​ជាមួយ​ខេត្តកំពត នា​វេលា​ម៉ោង ៣​រសៀល ឯ​ក្រុម​ខេត្តកោះកុង ប្រកួត​ជាមួយ​ក្រុម U18​បាទី នា​វេលា​ម៉ោង ៦​ល្ងាច​ថ្ងៃ​ដដែល ដើម្បី​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ ។​

​លោក​បន្ថែមថា ជាមួយ​ការប្រកួត​នេះដែរ ក្រោយ​រកឃើញ​ក្រុម​ទទួលបាន​ជ័យជម្នះ ក្រុម​ទាំងពីរ​ត្រូវ​ជួបគ្នា​ដណ្ដើម​ជើងឯក​ប៉ុន្ដែ​ក្រុម​បរាជ័យ​មិន​ត្រូវបាន​តម្រូវ​ធ្វើការ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ នោះទេ ពោលគឺ​មានតែ​ជើងឯក និង​ជើងឯក​រង សម្រាប់​ពានរង្វាន់​ថ្នាក់​ខេត្ត​នេះ​ប៉ុណ្ណោះ ។​

​ទោះជា​យ៉ាងណា​ក្រុម​ទាំង ៤ សុទ្ធតែ​បាន​កក់​កៅអី​ពានរង្វាន់​ថ្នាក់ជាតិ នៃ​ពាន Hun Sen Cup នេះ​រួចទៅហើយ ដោយ​ការប្រកួត​ថ្នាក់ជាតិ គ្រោង​ចាប់ផ្ដើម​នា​ពាក់កណ្ដាល​ខែកក្កដា​ខាងមុខ​៕