IMF ថា ប្រទេសជាង២០បន្ថែមទៀតបានមកសុំជំនួយ

556
ចែករម្លែក

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា នាយកគ្រប់គ្រងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃចន្ទទី១៦មីនាថា ប្រទេសចំនួន ២០ បន្ថែមទៀតបានស្នើសុំជំនួយពីស្ថាប័នផ្តល់ប្រាក់កម្ចីពិភពលោកមួយនេះ ខណៈដែលជំងឺកូរ៉ូណាបានបញ្ឈប់សកម្មភាពសេដ្ឋកិច្ច ហើយលោកស្រីបានអំពាវនាវឱ្យមានការជំរុញសារពើពន្ធដែលមានការសម្របសម្រួលឱ្យបានខ្លាំងក្លា ដើម្បីកាត់បន្ថយការខូចខាត។

នៅក្នុងសារបង្ហោះមួយនៅលើវេបសាយររបស់អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ លោកស្រីចចជីវ៉ានិយាយថា IMF បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រមូលសមត្ថភាពប្រាក់កម្ចីដែលមានទឹកប្រាក់ ១ លានលានដុល្លាររបស់ខ្លួនដើម្បីជួយប្រទេសជាសមាជិកក្នុងការដោះស្រាយវិបត្តិនេះ។

លោកស្រីចចជីវ៉ានិយាយថា “ខណៈវីរុសកំពុងរីករាលដាល ករណីសម្រាប់ការជំរុញសារពើពន្ធសកល ដែលមានការសម្របសម្រួលនិងមានការធ្វើសមាហរណកម្ម កំពុងមានភាពរឹងមាំខ្លាំងឡើងៗគ្រប់ម៉ោង”។

អ្នកនាំពាក្យ IMF និយាយថា ប្រទេសខ្លះ ដែលបានបង្ហាញការចាប់អារម្មណ៍លើហិរញ្ញប្បទានរបស់ IMF ដើម្បីដោះស្រាយវិបត្តិនេះ បានទទួលយកកម្មវិធីប្រាក់កម្ចីរបស់ IMF រួចទៅហើយ ខណៈប្រទេសផ្សេងទៀតមិនបានទទួលយកវាទេ។ អ្នកនាំពាក្យនោះបន្ថែមថា ការសុំជំនួយទាំងនេះមិនចាំបាច់មានការស្នើជាផ្លូវការនោះទេ។

អ្នកនាំពាក្យបដិសេធមិនបញ្ជាក់ឈ្មោះប្រទេសដែលមកសុំជំនួយនោះទេ ប៉ុន្តែនិយាយថា ជម្រើសសមហេតុផលបំផុតសម្រាប់ពួកគេភាគច្រើនគឺកន្លែងផ្តល់ហិរញ្ញប្បទានគ្រាអាសន្ន ដែលលោកស្រីចចជីវ៉ានិយាយថាទឹកប្រាក់ចំនួន ៥០ ពាន់លានដុល្លារនឹងអាចរកបានយ៉ាងឆាប់បំផុតដើម្បីបន្ធូរបន្ថយការប៉ះទង្គិចសេដ្ឋកិច្ចពីការផ្ទុះឡើងនៃមេរោគកូវីដ១៩។

ប្រទេសអ៊ីរ៉ង់ដែលរងគ្រោះខ្លាំងពីកូវីដ១៩កាលពីសប្តាហ៍មុនបាននិយាយថាខ្លួនកំពុងស្វែងរកប្រាក់កម្ចីបន្ទាន់ចំនួន ៥ ពាន់លានដុល្លារពី IMF។

បច្ចុប្បន្នអង្គការមានកម្មវិធីប្រាក់កម្ចីនិងជំនួយហិរញ្ញវត្ថុជាមួយប្រទេសចំនួន ៤០ ដែលមានទឹកប្រាក់ប្រមាណ ២០០ ពាន់លានដុល្លារ។

ប្រធាន IMF បានចេញសារលិខិតភ្លាមៗមុនពេលតេទៅមេដឹកនាំនៃប្រទេស G7 ដែលជាប្រទេសប្រជាធិបតេយ្យមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដែលភាគច្រើននៃប្រទេសទាំងនោះកំពុងតស៊ូប្រយុទ្ធនឹងជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរ។ មេដឹកនាំទាំងនោះបានសន្យាធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងការពារសុខភាពសាធារណៈ ការងារ និង កំណើនសេដ្ឋកិច្ច៕ ដោយ៖ កញ្ញាដាលីស

លោកស្រី គ្រីស្តាលីណា ចចជីវ៉ា នាយកគ្រប់គ្រងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ