IMF បន្ទាប​កំណើន​សកល​សំ​រាប់​ឆ្នាំ​២០១៩ មក​នៅ​៣​ភាគរយ​

154
ចែករម្លែក

​ក្នុង​របាយការណ៍​ទើប​ចេញ​ថ្មី​ឈ្មោះថា ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​(WEO) អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​តុលាការ​ព្យាករណ៍​កំណើន​សកល​​របស់​ខ្លួន​សំរាប់​ឆ្នាំ​២០១៩​មក​នៅត្រឹម​៣​ភាគរយ ដោយ​ចុះ​អស់​០,២​ពី​ការព្យាករណ៍​របស់​ខ្លួន​កាលពី​ខែ​កក្កដា​។​

​ដោយ​កត់សម្គាល់​ថា​វា​ជា​ការរីកចំរើន​យឺត​បំផុត​ចាប់តាំងពី​ពិភពលោក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​សកល​មក នាយក​សេដ្ឋកិច្ច​IMF លោកស្រី​ហ្គី​តា ហ្គោ​ពីណាត បាន​និយាយ​ក្នុង​សន្និសីទ​​សារព័ត៌មាន​មួយ​នៅ​ស្នាក់​ការ​របស់​ខ្លួន​ថា «​កំណើន​បន្ត​ចុះខ្សោយ ដោយសារ​តែ​ការកើនឡើង​នៃ​របាំង​ពាណិជ្ជកម្ម និង​កំណើន​នៃ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​»​។​

​ហ្គោ​ពីណាត បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​កំណើន​ក៏​ត្រូវ​បាន​សង្កត់​អោយ​ចុះ​ទាប​ដោយសារ​កក្តា​ជាក់លាក់​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ផ្សារ​សេរី​ដែល​កំពុង​ងើបឡើង​ជាច្រើន និង​​កម្លាំង​រចនា​សម្ពន្ធ ដូចជា​កំណើន​ផលិតភាព​ទាប និង​ប្រជាជន​មាន​វ័យ​កាន់តែ​ចាស់​នៅក្នុង​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​»​។​

​របាយការណ៍​បានបង្ហាញ​ថា សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​មាន​ជឿនលឿន​បន្ត​យឺត​ក្នុង​រយៈពេល​វែង ជាមួយ​នឹង​កំណើន​ប្រមាណ​១,៧​ភាគរយ​នៅ​ឆ្នាំនេះ ធៀប​នឹង​២,៣​ភាគរយ​នៅ​​ឆ្នាំ​២០១៨​។​កំណើន​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​ស្ទុះ​ងើប​និង​កំពុង​អភិវឌ្ឍន៍ ក៏​ត្រូវ​កែប្រែ​មក​នៅត្រឹម​៣,៩​ភាគរយ​សំរាប់​ឆ្នាំ​២០១៩ ធៀប​នឹង​កំណើន​៤,៥​ភាគរយ​នៅ​ឆ្នាំមុន​។​

​របាយការណ៍​WEO​សំរាប់​ខែតុលា ក៏​បាន​បន្ទាប​ចុះ​កំណើន​សកល​សំរាប់​ឆ្នាំ​២០២០​មក​នៅត្រឹម ៣,៤​ភាគរយ ដោយ​ចុះ​០,១​ភាគរយ​ពី​ការប៉ាន់ស្មាន​កាលពី​ខែកក្កដា​។​

IMF កាលពី​ពេល​ថ្មីៗ​បាន​វាយ​តំលៃ​ថា ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាម៉េរិក នឹង​កាត់បន្ថយ​កំរិត​កំណើន​សកល​០,៨​ភាគរយ​នៅត្រឹម​ឆ្នាំ​២០២០ បើ​គិត​ពី​ការ​វាយ​ពន្ធ​​ពិន័យ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​១៥​តុលា​និង​១៥​ធ្នូ​។​តែបើ​ការយកពន្ធ​នេះ​មិន​ត្រូវបាន​អនុវត្ត​ទេ នោះ​កំណើន​សកល​នឹង​ចុះ​ពី​០,៨​មក​នៅត្រឹម​០,៦​ភាគរយ​។​

​លោកស្រី​បាន​បន្តថា «​យើង​ស្វាគមន៍​វិធានការ​បន្ថយ​ភាព​តានតឹង និង​ដកចេញ​វិធានការ​ពាណិជ្ជកម្ម​ដែល​ទើប​ត្រូវបាន​អនុវត្ត​កាលពី​ពេល​ថ្មីៗ ជាពិសេស​បើសិនជា​ពួកគេ​អាច​​ដើរ​លើ​ផ្លូវ​ឆ្ពោះទៅ​ការបង្កើត​កិច្ចព្រមព្រៀង​ឋិតថេរ​មួយ​»​។​

​ក្រៅ​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម លោកស្រី ហ្គោ​ពីណាត ក៏​បាន​រំលេច​អំពី​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ ថា​ជា​ហានិភ័យ​មួយទៀត​ចំពោះ​កំណើន​សកល និង​បាន​ព្រមាន​ថា​​ហានិភ័យ​ពាក់ព័ន្ធ​នឹង​Brexit(​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​)​វា​កាន់តែ​ធ្វើអោយ​រាំងស្ទះ​សកម្មភាព​សេដ្ឋកិច្ច ហើយ​ទាញ​ទម្លាក់​ការ​រើប​រើ​នៅក្នុង​បណ្តា​ប្រទេស​មាន​​សេដ្ឋកិច្ច​ទីផ្សារ​ដែល​កំពុង​ងើបឡើង​និង​តំបន់​ចាយប្រាក់​អឺរ៉ូ​ផងដែរ​៕​ដោយ​៖​វាសនា​

លោកស្រី​ហ្គី​តា ហ្គោ​ពីណាត បាន​និយាយថា ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​«​នៅតែ​មិន​ទៀង​» ជាមួយ​នឹង​ការធ្លាក់ចុះ​និង​ការ​រើប​រើ​មិន​ប្រាកដ​