Inter Milan ត្រៀម​ដណ្តើមយក ណេ​ម៉ាន​ចា ម៉ា​ទិ​ក​

826
ចែករម្លែក

​ក្លឹប Inter Milan បាន​ត្រៀម​ផ្ទេរ​ខ្សែបម្រើ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) ឲ្យ​បាន​មុន​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ ម៉ា​ទិ​ក វ័យ​២៨​ឆ្នាំ ហើយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) សង្ឃឹមថា នឹង​ទទួលបាន​កីឡាករ​រូបនេះ អំឡុង​រដូវក្តៅ ខណៈ​លោក​ត្រៀម​ជួបជុំ​ឡើងវិញ​ជាមួយ​ខ្សែបម្រើ​សញ្ជាតិ​ស៊ែ​ប​រូបនេះ​។​
​ ​
​កាសែត Corriere dello Sport អះអាងថា ក្លឹប Inter Milan បាន​ដណ្តើមយក​កីឡាករ រូបនេះ​រួចហើយ ហើយ​បាន​យក​ប្រៀប​លើ​ទំនាក់ទំនង​ល្អក់កករ រវាង​ក្លឹប​ឆេ​ល​ស៊ី​និង​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត បន្ទាប់ពី​យូ​ណាយ​ធី​ត​បាន សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) នៅ​សប្តាហ៍​នេះ​។​
​ ​
​គេ​ជឿថា ឆេ​ល​ស៊ី​មិន​សប្បាយចិត្ត​ជាមួយនឹង​របៀប​ដែល​យូ​ណាយ​ធី​ត​ផ្ទេរ​ខ្សែប្រយុទ្ធ​សញ្ជាតិ បែលហ្ស៊ិក​រូបនេះ ហើយ​ស្ទាក់ស្ទើរ​មិន​ចង់​ធ្វើ​ជំនួញ​ជាមួយនឹង​គូប្រជែង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប​Inter Milan កំពុងតែ​ស្វែងរក​ផ្ទេរ​ខ្សែបម្រើ​ម្នាក់ អំឡុង​រដូវក្តៅ​នេះ ខណៈ​ពួកគេ​ចង់រក​កីឡាករ​មក​ជំនួស​តំណែង ចូ​អាវ ម៉ា​រី​យ៉ូ (Joao Mario) ដែល រំពឹងថា នឹងចូលរួម​ជាមួយ​ក្លឹប Paris Saint-Germain ហើយ​មាន​អារម្មណ៍​ថា ម៉ា​ទិ​ក អាចជា​កីឡាករ​ដ៏​ស័ក្តិសម​។​
​ ​
​គេ​ជឿថា រ៉ា​ដ​ចា ណេ​ន​ហ្គោ​ឡែ​ន (Radja Nainggolan) ជា​គោលដៅ​ផ្ទេរ របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នោះ បាន​ក្លាយជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប Inter Milan ផងដែរ ប៉ុន្តែ​នៅពេលនេះ កិច្ចព្រមព្រៀង​ផ្ទេរ ម៉ា​ទិ​ក គឺជា​អាទិភាព​កំពូល​៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

​ខ្សែបម្រើ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic)