iPhone កំពុងមាន​បញ្ហា​? ពួក​អ្នកវិភាគ​អះអាងថា តម្រូវការ​ទូរស័ព្ទ​ថ្លៃ​របស់​ក្រុមហ៊ុន Apple បាន​ប្រែ​ពី​អាក្រក់​ទៅ​អាក្រក់​ខ្លាំង​

425
ចែករម្លែក

​ក្រុមអ្នកវិភាគ​នៅ​សង្កាត់​ហិរញ្ញវត្ថុ Wall Street ជាច្រើន​នាក់​បាន​អះអាងថា តម្រូវការ​ជាទូទៅ​សម្រាប់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Apple កំពុងតែ​កាន់​ប្រែ​ទៅ​អាក្រក់​ទៅៗ​ហើយ ជាពិសេស​នៅក្នុង​ប្រទេស​ចិន​។​

​របាយការណ៍​នេះ​បានចេញ​ផ្សាយ បន្ទាប់ពី​ក្រុមហ៊ុន Apple បានចេញ​នូវ​លទ្ធផល​ដ៏​ខ្សោយ​សម្រាប់​ត្រីមាស​ចុងក្រោយ​បំផុត ដោយបាន​គូសបញ្ជាក់​ពី​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​ប្រាក់ចំណូល​ពី​ប្រទេស​ចិន​និង​ការធ្លាក់ចុះ​ការលក់​ទូរស័ព្ទ iPhone ។​

​លោក​សូន ហារី​សុន អ្នកវិភាគ​ម្នាក់​មកពី​ក្រុមហ៊ុន Longbow Research បាន​សរសេរ​នៅក្នុង​កំណត់ត្រា​មួយ​ទៅកាន់​អតិថិជន​ថា “​ជាមួយនឹង​ការធ្លាក់ចុះ​តម្រូវការ​ទូរស័ព្ទ iPhone នាពេល​បច្ចុប្បន្ននេះ យើង​មិនឃើញ​មាន​កត្តា​ជំរុញ​ណាមួយ​ដើម្បី​ជំរុញ​កំណើន​ប្រាក់ចំណូល​នោះទេ​។​…​ការកាត់បន្ថយ​តម្លៃ iPhone ជាច្រើនលើក មិនបាន​បញ្ឈប់​និន្នាការ​ធ្លាក់ចុះ​តម្រូវការ iPhone នៅ​ប្រទេស​ចិន​បានទេ ខណៈដែល​ការលក់​នៅ​ខែកុម្ភៈ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ធៀប​នឹង​ខែកុម្ភៈ​ឆ្នាំមុន​”​។​

​លោក​ហារី​សុន​បាន​បន្ថែមថា អ្នកផ្គត់ផ្គង់​ការលក់​របស់​ក្រុមហ៊ុន Apple ហាក់ដូច​ទទួល​អារម្មណ៍​រំខាន​ដោយសារតែ​តម្រូវការ​ទូរស័ព្ទ iPhone ចុះខ្សោយ ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចំនួន ៣៧ ក្នុងចំណោម ៤២ បាន​រាយការណ៍​អំពី “​ការលក់​ចុះខ្សោយ​ខ្លាំង​” ធៀប​នឹង​រយៈពេល ៣ ខែ​មុន​៕ ដោយ៖ កញ្ញាដាលីស

តម្រូវការ iPhone ធ្លាក់ចុះ​ខ្លាំង ជាពិសេស​នៅក្នុង​ទីផ្សារ​ចិន