JAILBREAK the Game, Bong Pheak និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទទួល​ពានរង្វាន់​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៧

1338
ចែករម្លែក

(​ភ្នំពេញ​)៖ ស្នាដៃ​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ចំនួន​បី បាន​ក្លាយជា​ជ័យលាភី​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍​និង​ព័ត៌មាន​កម្ពុជា ឆ្នាំ​២០១៧​។​នេះ​គឺជា​ការប្រកួតប្រជែង​មួយ​ដែល​ផ្តល់នូវ​ពានរង្វាន់​ចំពោះ​សមិទ្ធិផល​បច្ចេកវិទ្យា​គ​មនាគ​មន៍​និង​ព័ត៌មាន​ដែលមាន​​ភាព​ច្នៃប្រឌិត​ខ្ពស់បំផុត​ក្នុងប្រទេស និង​ដែល​រៀបចំឡើង​ដោយ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ។​

JAILBREAK the Game ជាប់​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពាន​១​និង​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​អាមេរិក Bong Pheak ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ពាន​១​និង​រង្វាន់​ទឹកប្រាក់​៣​ពាន់​ដុល្លារ​និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ទទួលបាន​ពាន​១​និង​​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​។​

​ពិធី​ប្រគល់​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍​និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៧​បាន​ត្រូវ​ប្រារព្ធ​ធ្វើ​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែ កក្កដា ឆ្នាំ​២០១៧ នៅ​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ ដោយមាន​ការចូលរួម​ពី លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​។​

​គួរ​បញ្ជាក់ថា​បេក្ខភាព​ដែល​ទទួលបាន​ជ័យលាភី​ចំនួន​បី​រូប​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​បេក្ខភាព​ចំនួន​៣៧ មកពី​បណ្តា​ក្រសួង ក្រុមហ៊ុន​ឯកជន ក្រុមហ៊ុន​ធុរកិច្ច​ដែល​ទើបនឹង​បង្កើត និង​អង្គការក្រៅរដ្ឋាភិបាល​។

​បេក្ខជន​តម្រូវ​ឲ្យ​ការពារ​គម្រោង​របស់​ពួកគេ​នៅ​ចំពោះមុខ​ចៅក្រម​ដែល​មកពី​វិស័យ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​សង្គម​ស៊ីវិល​។

•​មេដាយមាស​៖ JAILBREAK The Game បង្កើតឡើង​ដោយ Direct Play

JAILBREAK The Game​ជា​ហ្គេម​ទូរស័ព្ទ​ផ្លូវការ​មួយ​ដែល​បាន​រចនា​ឡើង​បន្ទាប់ពី​ខ្សែភាពយន្ត​ខ្មែរ​មាន​ចំណងជើង​ថា Jailbreak ។​

​លោក ឈួ​ម ពិសិដ្ឋ នាយក​គ្រប់គ្រង​Direct Play បាន​ប្រាប់​រស្មី​កម្ពុជា​ថា JAILBREAK The Game​ជា​ហ្គេម​សកម្ម​មួយ​ដែល​​មាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android​ហើយ​ត្រូវបាន​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ដោយ​អ្នក​អភិវឌ្ឍ​ន៏​ជនជាតិខ្មែរ​ក្នុង​​ភាពជា​ដៃគូ​ជាមួយ​ផលិតករ​ខ្សែភាពយន្ត​។ ត្រឹមតែ​រយៈពេល ៤៨​ម៉ោង​បន្ទាប់ពី​ការដាក់​បង្ហាញ​ហ្គេម​នេះ​បានទទួល​ការ​ដោ​ន​ឡូត​​រហូតដល់ ២០K ហើយ​បច្ចុប្បន្ន​មាន​អ្នកលេង​ហ្គេម​ជាង ១០៤K ។​

​ស្នាដៃ​របស់លោក នឹង​ជា​តំណាង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​យកទៅ​ប្រកួតប្រជែង​លំដាប់ថ្នាក់​តំបន់​អាស៊ាន​បន្តទៀត​។​

•​មេដាយប្រាក់​៖ Bong Pheak បង្កើតឡើង​ដោយ Open Institute

Open Institute ទទួលបាន​ពានរង្វាន់​ទី ២ ដែលមាន​ទឹកប្រាក់​ចំនួន ៣.០០០ ដុល្លារ​អាមេរិក​សម្រាប់​កម្មវិធី Bong Pheak​។ Bong Pheak គឺជា​សេវាកម្ម​ការងារ​ដែល​បាន​បើក​ដំណើរការ​នៅ​ខែតុលា​ឆ្នាំ​២០១៦​ដែល​ដាក់​បង្ហាញ​នូវ​ការងារ​គ្មាន​ជំនាញ​និង​ការងារ​ប្រើ​ជំនាញ​តិចតួច​។

​ផ្អែក​តាម​ការ​ស្ទាបស្ទង់​ភាគច្រើន​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​តែ​ម្យ៉ាង​មិនមាន​ភាព​គ្រប់គ្រាន់​ក្នុងការ​ទៅដល់​អ្នក​ដែល​មិនអាច​ធ្វើការ​ចូលទៅ​កាន់​ទិន្នន័យ​នោះបាន​ឡើយ ដូច្នេះ Bong Pheak នឹងធ្វើ​ការផ្សព្វផ្សាយ​ការងារ​តាម​អ៊ី​ន​ធើ​ណេ​ត និង​តាមរយះ​សម្លេង​ដោយ​ស្វ័យប្រវត្តិ​ដែល​បញ្ជូនទៅឱ្យ​កម្មករ​សក្តានុពល​តាម​រយៈ​ការហៅ​ទូរស័ព្ទ​។

​សេវាកម្ម​នេះ​មាន​អ្នកតាមដាន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ចំនួន ១០០.០០០ នាក់​រួចហើយៗ​មានការ​បង្ហាញ​ផងដែរ​នូវ​ការងារ​ចំនួន​៦,០០០ តំណែង​ក្នុង​រយៈពេល​ប្រាំពីរ​ខែ​ដែល​នាំឱ្យមាន​បេក្ខជន​ដាក់ពាក្យ​ចំនួន​៤.០០០ ។​Bong Pheak ក៏​ទទួលបាន​ពានរង្វាន់​ដ៏​ល្អ​បំផុត​ផងដែរ​នៅក្នុង​ប្រភេទ CSR ។​

•​មេដាយ​សំរឹទ្ធិ​៖ ប្រព័ន្ធ​ចុះបញ្ជី​រថយន្ត​ស្វ័យប្រវត្តិ ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​​អ្នកឈ្នះ​រង្វាន់​ទី​៣ នៃ​ការប្រកួត​គឺ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែលមាន​ចំនួន​ទឹកប្រាក់​១.០០០ ដុល្លារ​អាមេរិក​ដើម្បី​អភិវឌ្ឍ​គម្រោង​របស់ខ្លួន​បន្តទៀត​លើ​ផ្នែក​យានយន្ត​ស្វ័យប្រវត្តិ​និង​ត្រូវបាន​ប្រគល់ជូន​រង្វាន់​ល្អ​បំផុត​ផងដែរ​ក្នុង​វិស័យ​សាធារណៈ​។​ប្រព័ន្ធ​ថ្មី​នេះ​អនុញ្ញាតឱ្យ​ពលរដ្ឋ​ចុះឈ្មោះ​រថយន្ត​របស់​ពួកគេ​តាមរយៈ​កម្មវិធី​អន​ឡាញ ដែល​អាច​សន្សំសំចៃ​ពេលវេលា​និង​ថវិកា​និង​លុបបំបាត់​ជា​លំដាប់​នូវ​ការបង់ប្រាក់​ក្រៅផ្លូវការ​។​ការចុះឈ្មោះ​និង​ការទូទាត់​ប្រាក់​ត្រូវបាន​ធ្វើឡើង​តាម​ប្រព​ន្ធ័​អ៊ី​ន​ធើ​ណេ​ត​។​មួយ​ឬ​ពីរ​ថ្ងៃ​ក្រោយមក​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ប​ណ្ណ័​សំគាល់​យានយន្ត និង​ស្លាក​លេខ​។

​វិធានការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី ៣​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​បំណង​សម្រួល​ដំណើរការ​និង​កាត់បន្ថយ​ការធ្វើ​ក្រដាស​ស្នាម​។​

​ក្រុមហ៊ុន​មួយចំនួន​ដែល​ចូល​មកដល់​វគ្គ​ផ្តាច់​ព្រាត់​ក៏ត្រូវ​បាន​អបអរសាទរ​និង​បានប្រគល់​ពានរង្វាន់​លើ “​ការអនុវត្ត​ល្អ​បំផុត​” ។ ក្រុមហ៊ុន Tesjor ដែលជា​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​ត្រូវបាន​កត់សម្គាល់​ផងដែរ​នៅក្នុង​វិស័យ​ឯកជន Sokhakrom ដែលជា​ប្រភេទ​វេទិកា​ថែរក្សា​សុខភាព​ដែលមាន​ការចាប់អារម្មណ៍​ខ្លាំង​ក្នុង​ប្រភេទ​ក្រុមហ៊ុន​ដែល​ទើបតែ​បង្កើតឡើង Osjar AR – ការអភិវឌ្ឍ​ន៏ Virtual Reality នៅក្នុង​ប្រភេទ​ឌីជីថល និង​ហាង​កាហ្វេ​រ៉ូ​ប​ដែលជា​មនុស្ស​យន្ត​ដែល​អាច​រៀបចំ និង​បម្រើ​កាហ្វេ​បាន – នៅក្នុង​ប្រភេទ​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​។

​លោក Stephen Paterson អ្នកសម្របសម្រួល​រប​ស់ Mekong Business Plan Challenge និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​វិនិច្ឆ័យ​បាន​មានប្រសាសន៍ថា​៖​យើង​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​គុណភាព​នៃ​បេក្ខភាព​ដែល​យើង​ទទួលបាន​នៅក្នុង​ឆ្នាំនេះ ។ ពួកគេ​ពិតជា​មាន​ស្មារតី​សហគ្រិន​ពិតប្រាកដ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​ព្រឹត្តិការណ៍ ដូចជា​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន​កើតមានឡើង ដើម្បី​លើកទឹកចិត្ត​ដល់​សហគ្រិន​វ័យក្មេង និង​ទទួលបាន​ចំណាប់អារម្មណ៍​ពី​មហាជន​។ ការប្រកួតប្រជែង​ពិតជា​មាន​ភាព​តឹងតែង ប៉ុន្តែ​យើង​ជឿជាក់ថា​បេក្ខជន​ជ័យលាភី​បី​រូបនេះ​ពិតជា​មាន​ទាំង​ភាព​ច្នៃប្រឌិត និង​គុណភាព​នៃ​ផលិតផល​ដែល​ពួកគេ​ផ្តល់ជូន​។​

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា​«​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គ​មនាគ​មន៍​និង​ព័ត៌មាន មាន​សារៈសំខាន់​ណាស់ ដើម្បី​លើកស្ទួយ​គំនិត​ច្នៃប្រឌិត​វិស័យ​ICT​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​។​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ថ្នាក់​អាស៊ាន​នៅ​ឆ្នាំ​២០១៧​ហើយ បើ​កម្ពុជា​ឈ្នះ​ការប្រកួត​ថ្នាក់​អាស៊ាន នឹងធ្វើ​ឱ្យ​កម្ពុ​ជាមាន​ភាពល្បីល្បាញ​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅក្នុង​តំបន់ ព្រមទាំង​ទាក់ទាញ​ទេសចរ និង​អ្នក​វិនិយោគិន​លើ​វិស័យនេះ​ទៀតផង​»​។​

​គួរ​ជម្រាប​ថា BookmeBus SmartPay និង Tosfun បានឈ្នះ​ពានរង្វាន់ ICT Award ឆ្នាំ​២០១៦ ហើយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នឹង​បន្ត​រៀបចំ​កម្មវិធី​នេះ​ជា​លើក​ទី​៤​ក្នុង​ឆ្នាំ ២០១៨ ដោយ​ចាប់ផ្តើម​បើកទទួល​ពាក្យ​នៅ​ដើមឆ្នាំ​ក្រោយនេះ​ផងដែរ​៕ដោយ៖សុផល

​លោក​ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍ ប្រគល់​ពានរង្វាន់ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ​២០១៧​ដល់​ជ័យលាភី​កាលពី​ល្ងាច​ថ្ងៃទី​២១ កក្កដា​(​រូប សុផល​)