JCIA កំពុង​ស្វែងរក​ការបង្កើត​ភូមិ​ខ្មែរ​នៅក្នុង​ប្រទេស ជប៉ុន​

616
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក Fumio Yamada ប្រធាន​អង្គការ JCIA ជប៉ុន ប្រចាំ​អាស៊ីអាគ្នេយ៍ បាន​លើកឡើងថា ដើម្បី ឱ្យ​កម្មសិក្សាការី​ខ្មែរ​អាច​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ខ្មែរ និង ខ្មែរ នៅ​ប្រទេស​ជប៉ុន អាច​ទទួលទាន​អាហារ​ខ្មែរ និង បរិយាកាស​ដែលមាន​លក្ខណៈ​ដូចជា​នៅ​ប្រទេស​កំណើត​របស់​ពួកគេ ជប៉ុន កំពុង​បង្កើត​ភូមិ​ខ្មែរ​ចំនួន ៤ កន្លែង នៅក្នុង​ប្រទេស ជប៉ុន ។ ចំណែក​ផ្ទៃដី ឬ ទីកន្លែង និង សំណង់​អាគារ គឺ​ត្រូវ​បានរៀបចំ​ចាត់ចែង​រួចរាល់​ហើយ នៅតែ​ត្រូវការ​កិច្ចសហការ​ពី​ថ្នាក់ដឹកនាំ​កម្ពុជា ដើម្បី បង្កើត​ភូមិ​ខ្មែរ​នៅ​ប្រទេស ជប៉ុន ឱ្យ​កើតចេញ​ជា​រូបរាង និង ដំណើ​ករា​តែម្តង ។​


​លោក Fumio Yamada ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក យី យ៉ូន រដ្ឋលេខា​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា តំណាង​លោក វង សូត រដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៩ នេះ នៅឯ​ក្រសួង​សង្គមកិច្ច ។​


​លោក Fumio Yamada ក៏បាន​បន្ថែម​ដែរ​ថា JCIA ពោធិ៍​សែន​ជ័យ ក៏​នៅតែ​បន្ត​ពង្រឹងសមត្ថភាព​ក្នុងការ​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា​បន្ថែមទៀត តាមរយៈ​នាំ​អ្នកជំនាញ​មក​បណ្តុះបណ្តាល​គ្រូ​បង្គោល​នៅ​កម្ពុជា ហើយក៏​ស្នើឱ្យ​សិស្ស​និស្សិត ឬ មន្ត្រី​កម្ពុជា ដែលមាន​ចំណាប់អារម្មណ៍​លើ​ជំនាញ​ថែទាំ​មនុស្ស​ចាស់ អាច​សិក្សា​នៅ JCIA ពោធិ៍​សែន​ជ័យ រួចហើយ​បន្តទៅ​សិក្សា​នៅ​ជប៉ុន​ទៀត ក៏​ជាការ​ប្រសើរ ។​


​លោក យី យ៉ូន បាន​ថ្លែងអំណរគុណ និង កោតសរសើរ​ចំពោះ គោលបំណង​របស់ ជប៉ុន ក្នុងការ​បង្កើត ភូមិ​ខ្មែរ​នៅ​ប្រទេស ជប៉ុន និង ការជួយ​ពង្រឹង​ជំនាញ​ថែទាំ​មនុស្ស​ចាស់ ដោយ​ឯកឧត្តម បាន​លើកឡើងថា នេះ​គឺជា​បំណង​ដ៏​ឧ​ត្ត​ម ហើយ​ថា ភាគី​កម្ពុជា នឹង​សហការ​ដោយ​រីករាយ ហើយ​នេះ​គឺជា​ការបង្ហាញ​មួយទៀត អំពី​សាមគ្គីភាព និង មិត្តភាព​រវាង​រដ្ឋាភិបាល និង រដ្ឋាភិបាល រវាង​ប្រជាជន និង ប្រជាជន នៃ ប្រទេស​ទាំង ២ កម្ពុជា​-​ជប៉ុន ហើយ​ថា នៅ​កម្ពុជា បើទោះជា​មិនទាន់មាន​ភូមិ​ជប៉ុន ក៏មាន​ហាង និង អាហា​រដ្ឋា​ន​ជប៉ុន​ច្រើនណាស់​មកហើយ​ដែរ ។​


​គប្បី​រំឭកថា រហូតមកដល់​ពេលនេះ មាន​កម្មសិក្សាការី​កម្ពុ​ជា នៅ​ប្រទេស​ជប៉ុន ជាង ៩.០០០ នាក់​មកហើយ ៕ Kh