Juventus បង្កើន​ការតាមប្រមាញ់​កីឡាករ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី​

268
ចែករម្លែក

ក្លឹប Juventus គ្រោង​បង្កើន​កិច្ចប្រឹងប្រែង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi) ស្របពេល​កីឡាករ សឺ​ហ្គេ មី​លីន​កូ​វី​ច (Sergej Milinkovic Savic) និង ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) អាច​នឹង​ចាកចេញ មុនពេល​រដូវ​កាល​ទិញដូរ​កីឡាករ នៅ​ក្របខណ្ឌ Serie A បិទទ្វារ​។

​អនាគត​របស់ អ៊ី​កា​ឌី នៅ​ក្លឹប Inter Milan ទំនងជា​ស្ថិតក្នុង​ភាព​សង្ស័យ បន្ទាប់ពី​ក្លឹប Inter Milan ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ពី​ក្លឹប​ម៉េ​ន ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។

​អ៊ី​កា​ឌី ទទួលស្គាល់ថា ខ្លួន​នឹងត្រូវ​ចាក​ចេញពី​ក្លឹប Inter Milan ប្រសិនបើ​ចង់បង្ហាញ មុខ​នៅ​ក្រុម​ជម្រើស​ដំបូង​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​លែង​ក្លាយជា​កីឡាករ​សំខាន់ ក្នុង​ក្រុម​កាលពី​រដូវ​កាល​មុន​។

​អ៊ី​កា​ឌី ត្រូវបាន​ដកតំណែង​ប្រធាន​ជា​ក្រុម​កាលពី​រដូវ​កាល​មុន បន្ទាប់ពី​ភរិយា​និង​ជា ភ្នាក់ងារ​របស់ខ្លួន វ៉ានដា ណា​រា (Wanda Nara) បញ្ចុះបញ្ចូល​ឲ្យ​ទទួលយក​កិច្ចសន្យា​ថ្មី បើទោះបីជា​លេង​៧​ប្រកួត​រក​មិនបាន​១​គ្រាប់​សោះ​ក៏ដោយ​។

​ប៉ុន្តែ​ការលំបាក​របស់​កីឡាករ​រូបនេះ​នៅលើ​ទីលាន​ប្រកួត មិនបាន​រារាំង​ក្លឹប Juventus ទេ ស្របពេល​កាសែត​អ៊ីតាលី​អះអាងថា ក្លឹប​ជើងឯក​ក្របខណ្ឌ Serie A នេះ​នឹងដាក់ សំណើ​ផ្ទេរ​កីឡាករ​រូបនេះ មុនពេល​រដូវ​កាល​ទិញដូរ​បិទទ្វារ​នៅ​ថ្ងៃទី​២​ខែកញ្ញា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ