ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale
មាតិកាៈ កសិកម្ម

ដំណាំ​ខាត់ណា​ផ្កា​

​ដោយ ៖ ថ្ងៃទី 26 ធ្នូ 2016 ម៉ោង 03:08:PM

១. ការរៀបចំ​ដី និង​ធ្វើ​រង​
- សំអាត​ដីចំការ និង​រើស​ស្មៅ​ចេញ​ឲ្យ​អស់​។​
- ភ្ជួរ រាស់​ដី​ឲ្យ​បាន​ម៉ដ្ឋ​ល្អ ហើយ​ហាល​ឲ្យ​បាន​ពី​១០ ទៅ​១៥​ថ្ងៃ ។​
- ភ្ជួរ​ដី (​គោក្របី ឬ​គោយន្ត​) ជម្រៅ ១៥​ទៅ ២០​សង់ទីម៉ែត្រ ។​


ការលើក​រង​ដាំ​:
- ទទឹង​: ១ ម៉ែត្រ (៣​ជួរ​) ឬ ០៦​ម៉ែត្រ (២​ជួរ​) និង បណ្ដោយ​ទៅតាម​លទ្ធភាព​ដី តែ​មិនគួ​ឲ្យ​លើសពី ១៥​ម៉ែត្រ ពីព្រោះ​វា​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការថែទាំ ដូចជា ស្រោច​ទឹក ដកស្មៅ ជាដើម ។​
- កំពស់​: នៅ​រដូវប្រាំង ពី​២០ ទៅ ៣០ សង់ទីម៉ែត្រ និង​នៅ​រដូវវស្សា​ពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ ។​
- ដាក់​លាមក​សត្វ​ស្ងួត ឬ​ជី​កំ​ប៉ិ​ស្តិ៍ ក្នុង​បរិមាណ​ពី ១ ទៅ ២​គីឡូក្រាម ក្នុង​ផ្ទៃដី​រង ១ ម៉ែត្រការ៉េ ដោយ​កប់ ទ្រាប់​បាត​រង ដោយ​ច្របល់​វា​ឲ្យ​សព្វ​ល្អជា​មួយ​ដី​រង ។ (​មើល​តារាង​ប្រើ​ជី នៅ​ទំព័រ ខាងមុខ​)
- គ្រ​បរង​: ធ្វើបាន​ពីរ​ប្រភេទ​ដើម្បី​ទប់ស្កាត់​ការហូរ​ច្រោះ​រង ការពារ​សំណើម​ដី កាត់បន្ថយ​ការ​ដុះ​ស្មៅ ។​

ការធ្វើ​រង ដោយ​ប្រើ​ប្លា​ស្ទិ​ច​គ្រប​ដី​

- ប្រើ​ខ្សែ​ទាញ​តំរង់ ដើម្បី​ចោះ​រណ្ដៅ​ដាំ​កូន និង​ប្រើ​ខ្នាត​សម្រាប់​ចោះ​រណ្ដៅ​ពី​គុម្ព​មួយ ទៅ​គុម្ព​មួយ (៤​តឹក​x៤​តឹក​)
- ប្រើ​កំប៉ុង​ក្ដៅ​សម្រាប់​ចោះ​រណ្ដៅ លើ​ថង់​ប្លា​ស្ទិ​ច​គម្រប​រង ។​


​ការធ្វើ​រង ដោយ​ប្រើ​ចំបើង​គ្រ​បរង​

២. ការធ្វើ​រោង​បណ្ដុះ​កូន
​ការធ្វើ​រោង​បណ្ដុះ​កូន​បន្លែ គឺអាច​ធ្វើ​ឲ្យ​គ្រាប់​ដុះ​បានល្អ កាត់បន្ថយ​ការ​រលួយ​កូន និង​អាច​ការពារ​កូន​ដំណាំ បាន​ពី​ការឆ្លង​ជម្ងឺ​ពី សត្វល្អិត​ចង្រៃ (​ដែល​មក​យាយី​កូន​ដំណាំ​) ។ រោង​បណ្ដុះ​កូន​បន្លែ អាចធ្វើ​តាម​ទំហំ​ខាង ក្រោម​៖
- ដំបូល​សំរាប់​គ្រប​រាន​: ពី​១,៨ ទៅ ២ ម៉ែត្រ ដើម្បី​ងាយស្រួល​ចេញចូល​ថែទាំ​ង​កូន ។​
- កំពស់​រាន​: ពី ០,៨ ទៅ ១​ម៉ែត្រ​ពី​ដី​
- ទទឹង​រាន​: ពី ០,៨ ទៅ ១​ម៉ែត្រ​
- ដំបូល​ធ្វើ​ពី​ថង់​ប្លា​ស្ទិ​ច​ថ្លាំ​ការពារ​ទឹកភ្លៀង គ្របពីលើ​ដោយ​សំណាញ់​កាត់​ពន្លឺ និង​បន្ថយ​កំដៅថ្ងៃ ហើយ​ជញ្ជាំង​ធ្វើ​ពី​សំណាញ់​មុង សំរាប់​ការពារ​សត្វល្អិត ។​

៣. ការរៀបចំ​ដី​បណ្ដុះ​
- យក​ដី​មាន​ជីជាតិ ១​ភាគ​លាយ​ជាមួយ​ជីលា​មក​គោ​ស្ងួត ឬ​ជី​កំ​ប៉ុស្តិ៍ ២​ភាគ និង​ផេះ​អង្កាម​ពី​២ ទៅ​៤​ភាគ (​ផេះ​អង្កាម​ត្រូវ​ត្រាំ​ទឹក​រយៈពេល ពី​៣ ទៅ ៤​យប់​)
- យក​ល្បាយ​ដែល​បាន​លាយ​ច្របល់​ហើយ​ទៅ​លីង​រហូត​ក្ដៅ​សព្វ​ទាំងអស់​

​ផលប្រយោជន៍​នៃ​ការ​លាយ​ល្បាយ​ដី​បណ្ដុះ​បែបនេះ គឺ​៖
- គ្រាប់​ងាយ​ដុះ ឬ​ស​ដុះ​លូតលាស់​ល្អ​
- កូន​បន្លែ​ស្រូបយក​ជីជាតិ​បាន​គ្រប់គ្រាន់​
- សម្លាប់​មេរោគ (​ជម្ងឺ​) ដែល​បង្ក​ឲ្យ​កូន​បន្លែ​រលួយ​
- សម្លាប់​គ្រាប់​ស្មៅ​ចង្រៃ​ដែល​ដុះ​ដណ្ដើមយក​ជី​ពី​កូន​បន្លែ​
- សម្លាប់​ពង​សត្វល្អិត និង​សត្វល្អិត​ចង្រៃ​ក្នុង​ដី​ដែល​បំផ្លាញ​គ្រាប់​បន្លែ​

​-យក​ដី​ដែល​លីង​រួចហើយ ទុក​ឲ្យ​ត្រជាក់​សិន មុននឹង​ដាក់​ក្នុង​កន្ទោង ឬថា​សប​ណ្ដុះ ។​

៤. ការរៀបចំ​បណ្ដុះ​គ្រាប់​
- ត្រូវ​រៀបចំ​បណ្ដុះ​គ្រាប់ ព្រម​ពេល​ជាមួយគ្នា​នឹង​ការលើក​រង​ដាំ ។​
- ការបណ្ដុះ​គ្រាប់ អាច​ធ្វើបាន​ពីរបែប​គឺ​៖

​ក​. បណ្ដុះ​គ្រាប់​ជាមុន​:
- ផ្អាប់​គ្រាប់​រយៈ​ពីរ​យប់ ទើប​យកទៅ​ប​ណ្ដុ​ក្នុង​កន្ទោង​
- យក​គ្រាប់​ដាក់ពង្រាយ​ក្នុង​ក្រណាត់​ស្បៃ​ជក់ទឹក រួច​រុំ​គ្រាប់​នេះ​ឲ្យ​ហាប់​ល្អ​
- ស្រោច​ទឹកជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​ក្រណាត់​ស្បៃ​សើម​រហូត​
- ជ្រើស​រើសយក​គ្រាប់បែក​មាត់ ដាក់​១ គ្រាប់​ក្នុង​១ កន្ទោង ឬ​១​ប្រលោះ​ថាស​បណ្ដុះ​
- កប់​គ្រាប់​ជំរៅ ១​សង់ទីម៉ែត្រ ។ បើកប់​គ្រាប់​ជ្រៅ​ពេក ឬក៏ រាក់​គ្រាប់​ពេក ធ្វើ​ឲ្យ​គ្រាប់​មិនអាច​ដុះ​បាន​
- យក​កន្ទោង ឬថា​សប​ណ្ដុះ ដែល​ដាក់​គ្រាប់​ហើយ ទៅ​ដាក់​ក្នុង​រោង​បណ្ដុះ​
- ស្រោច​ទឹក​រៀងរាល់​ពេលព្រឹក​ឲ្យ​ជោក ។ បើ​ដី​ស្ងួត គឺ​វា​ធ្វើ​ឲ្យ​គ្រាប់​មិន​ដុះ បានឡើយ ។​

ខ​. ការដាក់​គ្រាប់​បណ្ដុះ​ដោយផ្ទាល់​ក្នុង​ថាស​បណ្ដុះ ឬ​កន្ទោង​
- យក​គ្រាប់ ចំនួន ១​គ្រាប់ ដាក់​បណ្ដុះ​ផ្ទាល់​ក្នុង ១​កន្ទោង ឬ ១ ប្រលោះ​ថាស​បណ្ដុះ ។​
- ស្រោច​ទឹក​ឲ្យ​ជោគ ទើប​យក​ថាស ឬ​កន្ទោង​ដែល​ដាក់​គ្រាប់​ហើយ ទៅ​ដាក់​ក្នុង​រោង​បណ្ដុះ ។​
- ស្រោច​ទឹក​រៀងរាល់​ពេលព្រឹក​ឲ្យ​ជោគ ។ បើ​ដី​ស្ងួត គឺ​វា​ធ្វើ​ឲ្យ​គ្រាប់​មិន​ដុះ​ឡើយ ។​

៥. ការដាំ​កូន​ស្ពៃ​ផ្កា​

- ដើម្បី​ជៀសវាង​កុំ​ឲ្យ​កូន​អន់ (​សន្លប់​) នៅពេល​ដាំ ត្រូវ​បន្ថយ​ការ​ស្រោច​ទឹក និង​ដាក់​កូន​ស្ពៃ​ផ្កា ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ ចំនួន​ពី​២ ទៅ ៣​ថ្ងៃ ដើម្បី​ពង្រឹង​កូន ។ កូន ស្ពៃ​ផ្កា​អាយុ​ពី ១៨ ទៅ​២២ ថ្ងៃ ទើប​ដាំ​បាន ។​



+ របៀប​ដាំ​កូន​
- បញ្ចូល​ទឹក​តាម​ចន្លោះ​រង (​សំរាប់​រង​គ្រប​ថង់​ប្លា​ស្ទិ​ច​) ឬ ស្រោច​ទឹក​លើ​រង ដែល​គ្រប​ចំបើង​
- ដាក់​ជីគីមី​តាម​រណ្ដៅ ច្របល់​ជាមួយ​ដី​ឲ្យ​សព្វ ទើប​ដាំ​កូន​ស្ពៃ​ផ្កា នៅពេល​រសៀល ។​
- ដាំ​កូន​ស្ពៃ​ផ្កា ត្រឹម​ដី​បណ្ដុះ កុំ​ដាំ​កូន ស្ពៃ​ផ្កា កប់​លិច​ដើម ពីព្រោះ​វា​បណ្ដាល​ឲ្យ​ដើម​កូន​រលួយ​បាន ។​
- ត្រូវ​ដាំ​កូន​ស្ពៃ​ផ្កា ពេល​រសៀល ។​

៦. ការថែទាំ

៦.១ ការដាក់​ជី​

​ពូជ​ស្ពៃ​ផ្កា កូនកាត់ (​ឬ​អ៊ីប្រ៊ីត​) យើង​ត្រូវដាក់​ជី និង​ស្រោច​ទឹក​ឲ្យ​បាន​ទៀងទាត់ ទើប​ផ្ដល់​ផ្កា​បាន​ច្រើន ។ ពេលវេលា និង​បរិមាណ​ជី​ត្រូវដាក់​ជី​អាស្រ័យ​ទៅតាម​ប្រភេទ​ដី ។ ចំពោះ​ដី​មាន​ល្បាយ ច្រើនជាង​ខ្សាច់ ត្រូវ ដាក់​ជី​ចំនួន ១៥​ថ្ងៃ​ម្ដង ។ តែបើ​ដីខ្សាច់​ច្រើន ត្រូវដាក់​ជី​កាន់តែ​ញឹក​គឺ ពី​៧​ទៅ​១០ ថ្ងៃ​ម្ដង ។ បរិមាណ​ជី​ត្រូវ ដាក់​ម្ដងៗ នៅ​ដីខ្សាច់ ត្រូវ​តិចជាង​ជី​ត្រូវដាក់​នៅ​ដីល្បាយខ្សាច់ ចំនួន​ពាក់កណ្ដាល ។ (​ដាក់​ជី​ឆ្លាស់គ្នា ក្នុង​រណ្ដៅ​ទាំង ២)

បរិមាណ និង​ពេលវេលា​ដាក់​ជី​


​របៀប​ដាក់​ជី​
​ដើម្បី​ដាក់​ជី​ឲ្យ​ដំណាំ អាច​ស្រូប​យកបាន​ច្រើន គឺ​ត្រូវ​ស្រោច​ទឹក​ភ្លាម បន្ទាប់ពី​ដាក់​ជី​រួច ។​
- ដាក់​ជី​ទ្រាប់​បាត​: ដាក់​តាម​ពោះ​រង ហើយ​ច្របល់​ជាមួយ​ដី ឬ​ដាក់​ជី​តាម​រណ្ដៅ​និ​មួយៗ​ហើយ ទើប​ច្របល់ ជាមួយ​ដី​ក្នុង​រណ្ដៅ ឲ្យ​សព្វ ។​
- ដាក់​ជី​បំប៉ន​: កប់​ជី​សងខាង​រណ្ដៅ (​ចន្លោះ​គុម្ព​)

​ការថែទាំ​ផ្កា​
​ពេល​ផ្កា​បាន​ទំហំ ៤​សង់ទីម៉ែត្រ យើង​ចាក់​ស្លឹក​អម​ផ្កា ពត់​រកគ្នា ហើយ​ខ្ទាស់​ឲ្យ​ជាប់ ដើម្បី​បាំង​ពន្លឺ និង​កំដៅថ្ងៃ រហូត​ល់​ផ្កា​រីក​ធំ​ល្មម ប្រមូល​ផល ។​

៦.២ ការ​ស្រោច​ទឹក​
- ស្រោច​ទឹក​នៅពេល​ព្រឹក និង​បញ្ចូល​ទឹក​តាម​ចន្លោះ​រង ។ បើ​ស្រោច​ទឹក​នៅពេល​ថ្ងៃត្រង់ ឬ​នៅពេល​ល្ងាច​ពេក អាច​បណ្ដាល​ឲ្យ​ស្ពៃ​ផ្កា​មាន​បញ្ហា ដូចជា រលួយ ឬ​រលាក​ដើម ។​
- ត្រូវ​ស្រោច (​បញ្ចូល​) ទឹក​ឲ្យ​បាន​ទៀងទាត់ មិនត្រូវ​ឲ្យ​ដី​ស្ងួត ជាពិសេស​បន្ទាប់ពី​ដាំ​កូន​ហើយ ពីព្រោះ​កូន​ស្ពៃ ត្រូវការ​ទឹក ជី​សំ​រាប់ការ​ដុះ​លូតលាស់​ឬ​ស ដើម ស្លឹក​របស់​វា ។ នៅពេល​ចេញ​ផ្កា ក៏ត្រូវ​ស្រោច​ទឹក​ឲ្យ​បាន ទៀងទាត់​ដែរ ។ បើ​ស្រោច​ទឹក​មិន​គ្រប់គ្រាន់ នឹង​បណ្ដាល​ឲ្យ​ការចេញ​ផ្កា​មិន​បានល្អ ។​
- បើ​ពិនិត្យឃើញ​ដី​នៅក្បែរ​គល់​ស្ងួត (​ដែល​សំគាល់ ដោយ​មិនអាច​លុ​ញ​ជា​ដុំ​មូល​បាន​) ត្រូវ​ស្រោច​ទឹក​បន្ថែម ។ បើ​ដី​នៅក្បែរ​គល់​ស្ពៃ​ផ្កា​សើម​ខ្លាំង (​ដែល​សំគាល់ ដោយ​ច្របាច់​ដី​មានទឹក​ហៀរ​តាម​ម្រាមដៃ​) មិនត្រូវ​ស្រោច​ទឹក​បន្ថែម​ទេ ។ បើ​នៅតែ​ស្រោច​ទឹក វា​នឹង​អាច​ងាយ​ធ្វើ​ឲ្យ​ដី​ដក់​ទឹក​ខ្លាំង នាំ​ឲ្យ​រលួយ​ឬ​ស ដើម​ងាប់​បាន ។​

៦.៣ ការធ្វើ​ស្មៅ​
​ធ្វើ​ស្មៅ​ឲ្យ​បាន​ទៀងទាត់ និង​កាត់​ស្លឹក​ចាស់ៗ​ចោល ដើម្បី​សំអាត​ជម្រក​សត្វល្អិត​ចង្រៃ ។​

៧. សត្វល្អិត​ចង្រៃ​
៧.១ ដង្កូវ​ហ្វូង​

​ដង្កូវ​ហ្វូង​ស៊ី​ស្លឹក ដើម ផ្កា របស់​បន្លែ​ជាច្រើន​ប្រភេទ ។ វា​ស៊ី​ស្លឹក​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​នៅ​ដំណាក់កាល​លូត លាស់ ។ ដង្កូវ​ចំណាស់ ស៊ី​បំផ្លាញ​ស្លឹក​នៅពេល​យប់ ហើយ​ពេល​ថ្ងៃ​វា​លាក់ខ្លួន​នៅ​ខាងក្រោម​ស្លឹក ឬ​នៅ​ជុំវិញ គល់ ។​

​វិធានការ​កំចាត់​ដង្កូវ​តាម​វិធី​ដាំ​ដុះ​៖
- ប្រើ​សំណាញ់​សត្វល្អិត ដើម្បី​គ្រប​ការពារ​បណ្ដុះ​កូន​បន្លែ​
- បណ្ដុះ​កូន​ដំណាំ​ឲ្យ​ឆ្ងាយ​ពី​ចំការ​ដែល​កំពុង​ដាំ​ដុះ​
- បេះ​ដង្កូវ​ដោយ​ដៃ ហើយ​ញេច​ចោល​
- បេះ​ផ្កា​មាន​ដង្កូវ​ស៊ី យកទៅ​កប់​ចោល ក្នុង​ជម្រៅ​យ៉ាងតិច ២០​សង់ទីម៉ែត្រ (​ឬ ២​តឹក​)
- សំអាត​ស្មៅ​តាម​រង និង​ក្នុង​ចំការ​
- ដាំ​ដំណាំ​ឆ្លាស់ ដើម្បី​កាត់បន្ថយ​សត្វល្អិត​បំផ្លាញ​ស្ពៃ​មួយចំនួន ដែល​រស់នៅក្នុង​ដី សល់​ពី​រដូវ​មុន ។​
- ប្រមូល​កំទេចកំទី​កាកសំណល់​ដំណាំ បន្ទាប់ពី​ប្រមូល​ផល​ហើយ ចេញពី​ចំការ ហើយ​កប់ ឬ​ដុតចោល ។​

​វិធានការ​គីមី​ប្រើ​សម្រាប់​កំចាត់​ពពួក​ដង្កូវ​ហ្វូង​៖
- យើង​គួរ​បាញ់​ក្នុងដំណាក់កាល​លូតលាស់​
- ការបាញ់​ថ្នាំពុល​កសិក​ម្ម គឺ​បាញ់​ពីក្រោម និង​លើ​ស្លឹក​

​ថ្នាំ​គីមី​ដែល​អាច​ប្រើ​បាន ឆ្លាស់គ្នា មាន​ដូចខាងក្រោម​៖
- ថ្នាំ បាក់​ស៊ីលូ​ស ស្សូ​រី​ន​ជៀន​ស៊ី​ល (Bacillus Thuringiensis)
- ថ្នាំ​បេ​តា​ស៊ី​ហ្លូ​ស្រី​ន (Beta-cyfluthrin)
- ថ្នាំ​ក្ល​ភី​រិ​ហ្វូ​ស (Chlopirifos)
- ថ្នាំ ស៊ី​ភើ​មេ​ទ្រី​ន (Cypermethrin)
- ក្នុងករណី​ថ្នាំ​ខាងលើ ប្រើ​ទៅ​គ្មាន​ប្រសិទ្ធភាព សូម​ប្រើ អ៊ី​មេ​មេ​ទីន បេន​ហ្សូ​អាត (Emamectin benzoate) វា​ជា​ប្រភេទ​ថ្នាំ​ប្រឆាំងនឹង​ភាព​ធន់​ទ្រាំ​របស់​ដង្កូវ ។​

​ការ​កំចាត់​តាម​វិ​ថា​ន​ការ​គីមី កាន់​តែមាន​ប្រសិទ្ធភាព លុះត្រាតែ​អនុវត្ត​វិធានការ​កំចាត់​តាម​វិធី​ដាំ​ដុះ ជាមុនសិន ។​

៨. ការប្រមូល​ផល​

- ស្ពៃ​ផ្កា អាច​ប្រមូល​ផល​បាន នៅ​អាយុ​ពី ៤៥ ទៅ ៥៥​ថ្ងៃ (​អាស្រ័យ​ទៅតាម​ប្រភេទ​ពូជ​) ។​
- កាត់​ផ្កា​ពេលព្រឹក ដោយ​រក្សាទុក​ស្លឹក​អម​ផ្កា ៤​ទៅ ៥ និង​មិនត្រូវ​ទុក​ផ្កា​ដែល​កាត់​ហើយ ឲ្យ​ត្រូវ​ថ្ងៃ​ក្ដៅ​ទេ ។​
- បន្ទាប់ពី​កាត់​ផ្កា​ហើយ ត្រូវ​ជ្រើសរើស និង​រៀប​ផ្កា​ស្ពៃ ដែល​ល្អ​មិន​ខូចខាត (​មិនមាន​កកិត ឬ​បំផ្លាញ​ដោយ សត្វល្អិត​) និង​រៀប​តាម​ទំហំ ៕​ ប្រភពពី: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ