ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale
មាតិកាៈ កសិកម្ម

ការដាំ​ខាត់ណា​ដើម​ខុសរដូវ​

​ដោយ ៖ ថ្ងៃទី 31 ធ្នូ 2016 ម៉ោង 10:05:AM

I. ការជ្រើសរើស​ពូជ​
​ពូជ​ខាត់ណា​នាំចូល​ពី​ប្រទេសជិតខាង (​ដំណាំ​នេះ​មិនទាន់​ផលិត​ពូជ​បាន​នៅ​កម្ពុជា​) ក្នុងនោះ​មាន​:


- ពូជ​ផលិត​ដោយ​ក្រុមហ៊ុន ជា​តៃ មាន​រូប​សញ្ញា​យន្តហោះ ពូជ​នេះ​ដើម​ធំ វែង​ស្លឹក​ក្រាស​រួញ ទំ​ហុំ​ស្លឹក​តូច​មធ្យម ។ លក្ខណៈ​នៃ​ការលូតលាស់​ធន​នឹង​រដូវក្ដៅ​ជាង​ពូជ​នានា ហើយ​ពេញនិយម លើ​ទីផ្សារ ។​
- ពូជ​ផលិត​ដោយ​ក្រុមហ៊ុន​ពី​តូ មាន​រូប​សញ្ញា​រថក្រោះ​ជាប់​នឹង​កញ្ចប់ ឬ​កំប៉ុង ពូជ​ជា​តៃ ពូជ​នេះ​ដើម​ធំ​ខ្លី ស្លឹក​ញឹក​ហើយ​ធំ មូល​រួញ​បន្តិចៗ ហើយ​ស្ដើង​វា​លូតលាស់​នៅ​រដូវ​ត្រជាក់​ល្អ ប៉ុន្តែ​នៅ​រដូវក្ដៅ ច្រើន​ប្រេះ​ដើម ពេញនិយម​លើ​ទីផ្សារ​បង្គួរ ។​
- ពូជ​ផលិត​ដោយ​ក្រុមហ៊ុន អេ​ស្ត​វេ​ស៊ី​ដេ មាន​សញ្ញា​រូប​យុទ្ធ​ថ្កា ពូជ​នេះ​មាន​ដើម​តូច ខ្លី​ស្លឹក ដំបូល​រលោង ទង​ស្លឹក​តូចៗ ការលូតលាស់​ក្នុង​តំបន់​អាកាសធាតុ​ក្ដៅ ឬ​រដូវក្ដៅ​មិន​សមប្រកប​ឡើយ ។​

II. វិធីសាស្ត្រ​សាប​កូន​ខាត់ណា​
​នៅ​រដូវក្ដៅ​ការផលិត​កូន​ខាត់ណា​ជួប​ការលំបាក​ពីរ​យ៉ាង​គឺ​ភាព​រលួយ និង​សត្វល្អិត​បំផ្លាញ ដើម្បី​ផលិត​កូន​ខាត់ណា​អោយ​ជោគជ័យ យើង​មាន​វិធីសាស្ត្រ​ដូចតទៅ​:

១. ការរៀបចំ​ថ្នាល​សំរាប់​សាប​

​ត្រូវ​ជ្រើស​រើសយក​ដី​ដែល​ទួល មាន​ជីជាតិ​ល្អ វាល​ស្រឡះ រដូវ​មុន​មិន​ដាំ​អ​បូរ​ស្ពៃ (​ស្ពៃ ខាត់ណា​) ។ ត្រូវ​ភ្ជួរ​ហាល​ដី​អោយបាន​ច្រើនដង ប្រមូលយក​ស្មៅ​ចេញ​អោយ​ស្អាត ហាល​ដី​អោយ​ស្ងួត បន្ទាប់​មកលើ​ករង​ដោយ​ទទឹង​រង​និ​មួយៗ ប្រវែង ១​ម បណ្ដោយ ១០-១៥​ម ។ យក​ជី​លាមក​គោ ឬ​ជី​កំ​ប៉ុស្តិ៍​ចំនួន ៣-៤ បង្គី កំ​បោស​ទំងន់ ០.៥ kg ថ្នាំ​សំលាប់​សត្វល្អិត​ប្រភេទ​ក​ហ្វុ​យ​រ៉ា​ដង់ ទំងន់ ៣០០g មក​បាច​ពង្រាយ​ពីលើ​រង ហើយ​ពូនដី​រង​អោយ​ខ្ពស់ ដូច​រង​ដាំដំឡូង​រួច​ស្រោច​ទឹក​អោយ ជោគ​ទើប​គ្រប​កៅស៊ូ​ពាស​ពីលើ​រង​សង្កត់​គែម​កៅស៊ូ​អោយ​ជាប់​ដី ទុកចោល​រយៈពេល ៧​ថ្ងៃ ។ ធ្វើបែបនេះ ដើម្បីអោយ​ដី​រង​នោះ​មាន​កំដៅ​ក្ដៅ​ខ្លាំង សំលាប់​នូវ​ពួក​សត្វល្អិត ព្រមទាំង​ពួក​មេរោគ មួយចំនួន​នៅក្នុង​ដី ។​

២. ការ​សាប​គ្រាប់ពូជ​ខាត់ណា​

​មុននឹង​សាប​ត្រូវយក​កៅស៊ូ​គ្រប​ដី​នោះ​ចេញ ហើយ​កាយ​ដី​ពង្រា​បរង​អោយ​ស្មើ គៀរ​ដី​លើ​ផ្ទៃ​រង​អោយ​ស្មើ​ល្អ វាយ​ដី​អោយ​ល្អិត បង្ហាប់​គែម​រង​រួច​យក​គ្រាប់ពូជ​ខាត់ណា​ទំងន់ ៣០g (៣​ស្លាបព្រា​បាយ​) មក​សាប​អោយ​ស្មើ ក្រោយមក​បាច​កំណាត់​ចំបើង​ខ្លីៗ អោយបាន​កំរិត ៦០% (​មើលឃើញ​ដី​ខ្លះៗ​) ស្រោច​ទឹក​អោយ​ជោគ យក​ថ្នាំ​ការ​ផ្សិត​ប្រភេទ​ម៉​ង់​កូ​សែ​បលាយ​ទឹក​ស្រោច តាម​ក្រោយ ។ បន្ទាប់ពី​សាប​ហើយ​ត្រូវ​ដោត​បន្ទះ​ឬ​ស្សី​ធ្វើ​ដំបូល​បង្កង រួច​យក​សំណាញ់​ពណ៌​បៃតង ក្រឡា​ញឹក​មក​គ្រប​ប្រក​ពីលើ​អោយ​ជិត សង្កត់​ជើង​សំណាញ់​អោយ​ជាប់​ទៅនឹង​ដី ។ ករណី​មាន ភ្លៀង​ធ្លាក់​ត្រូវ​គ្រប​កៅស៊ូ​ការពារ​ភ្លៀង ហើយ​បើកចំហ​វិញ​ក្រោយ​អស់​ភ្លៀង សំណាញ់​ការពារ​សត្វ ល្អិត ។​

៣. របៀប​ថែទាំ​កូន​ខាត់ណា​
​ការ​ស្រោច​ទឹកជា​រៀងរាល់ថ្ងៃ ព្រឹក ល្ងាច អោយ​សើម​ល្មម ពេល​ស្មៅ​ដុះ​ត្រូវ​លូកដៃ​ទៅក្នុង​ដំបូល សំណាញ់ ដកយក​ស្មៅ​ដោយ​មិន​បើក​សំណាញ់​ឡើយ ។ ពេល​កូន​ខាត់ណា​មាន​សន្លឹក​ចំនួន ៣-៤ សន្លឹក​ត្រូវ​ដក​រំ​លោះ​ចេញ​កន្លែង​ដុះ​ញឹក ឬ​ក្រាស់ បន្ទាប់មក​យក​ជី​កំ​ប៉ុស្តិ៍​ទឹក​មក​លាយ​ជាមួយ​ជី​អ៊ុយ រ៉េ​បន្តិចៗ ស្រោច​បំប៉ន​កូន​អោយ​ឆាប់​លូតលាស់ ។ ក្រោយពី​សាប​រយៈពេល ២០-២៥​ថ្ងៃ អាចមក យក​កូន​ខាត់ណា​ទៅ​ស្ទូង​លើដី​ថ្នាល​បាន ។​

III. វិធីសាស្ត្រ​ស្ទូង​ខាត់ណា​ដើម​
​ភាគច្រើន​កសិករ​ខ្លះ​តែង​អនុវត្តន៍​ការដាំដុះ​ខាត់ណា​ដើម​ដោយ​សាប​គ្រាប់ពូជ​ផ្ទាល់​ទៅលើ​រង​ផ្ទាល់ បន្ទាប់មក​ដេក​រំ​លោះ​កូន​ទុកអោយ​រង្វើល ធ្វើ​របៀបនេះ​រង​ការបំផ្លាញ​ដោយ​សត្វល្អិត​ច្រើន​ហើយ ចំណាយ​លើ​ការថែទាំ​ច្រើន ចំពោះ​នៅ​រដូវក្ដៅ ការអនុវត្ត​បែបនេះ​ពុំបាន​ទទួលផល​ច្រើន​ឡើយ ។​

១. ការរៀបចំ​ថ្នាល​សំរាប់​ស្ទូង​
​ក្រោយពី​សាប​គ្រាប់ពូជ​ខាត់ណា​ហើយ គេ​ត្រូវ​ភ្ជួរ​ដី​សំរាប់​ដាំ ហាល​ទុកជាមុន ។ បន្ទាប់ពី​ការ​ភ្ជួរ រាស់​លើក​ទី​២ ត្រូវ​ប្រមូលយក​ស្មៅ​ចេញ លើក​រង​អោយបាន​ខ្ពស់​កំពស់​រង​ពី ២០-៣០​ស​.​ម (​រដូវវស្សា​) ទទឹង​រង ១,០​ម ប្រវែង​រង ១០-១៥​ម ក្រោយមក​យក​ជី​កំ​ប៉ុស្តិ៍ ឬ​ជី​លាមក​សត្វ​ចំនួន ៤-៥​បង្គី ជី​១៥-៥-១៥ ទំនង ៣០០-៣៥០g (៣​ខាំ​-៣​ខាំ​កន្លះ​) មក​បាច​លើ​រង​អោយ​ស្មើ​ល្អ​ជ្រុំ​បង្កប់ ដី​ទៅក្នុង​ដី បាច​កំណាត់​ចំបើង​ខ្លីៗ ពេញ​លើ​រង​ដើម្បី​ការពារ​សំណើម និង​សម្ពាធ​គ្រាប់​ភ្លៀង​ពេល មាន​ភ្លៀង​ធ្លាក់ ។​

២. របៀប​ស្ទូង​កូន​ខាត់ណា​
​មុននឹង​ដក​កូន​ខាត់ណា​ត្រូវ​ស្រោច​ទឹក​លើ​រង​អោយ​ជោគ​រយៈពេល​កន្លះ​ម៉ោង ហើយ​ដក​ជ្រើសរើស យក​កូន​ធំៗ​ថ្លោស​ស្មើគ្នា​ដាក់​កញ្ច្រែង​ស្រោច​ទឹក​អោយ​សើមៗ រក្សាទុក​ក្រោម​ម្លប់​ពី​ពេលព្រឹក​ជាមុន ។ ចំពោះ​ថ្នាល​ដែល​ត្រូវ​ស្ទូង ត្រូវ​ស្រោច​ទឹក​អោយ​ជោគ ទើប​យក​កូន​ខាត់ណា​ទៅ​ស្ទូង​តាម​ចន្លោះ ចំបើង ដោយ​ប្រើ​ចន្លោះ​គុម្ព និង​ជួរ ១៥​សម​-១៥​សម មួយ​គុម្ព​មួយ​ដើម​ក្នុង​ជំរៅ ២-៣​សម ក្រោយ ស្ទូង​ហើយ​ស្រោច​ទឹក​អោយ​ជោគ​ភ្លាម ការ​ស្ទូង​ច្រើន​ធ្វើឡើង​ពេល​ល្ងាច ។​

IV. ការថែទាំ​ខាត់ណា​ដើម​
​ខាត់ណា​ដើម​ជា​ដំណាំ​មាន​វត្តមាន​ជីវិត​ខ្លី ដូចនេះ ការថែទាំ​ត្រូវ​ចែក​ដំណាក់កាល​អោយ​ច្បាស់លាស់ ក្នុងនោះ​រួមមាន​៖

១. ការ​ស្រោច​ទឹក​
​ស្រោច​ទឹកជា​ប្រចាំ​ព្រឹកល្ងាច ក្រោយ​ស្ទូង​រយៈពេល​៣​ថ្ងៃ ករណី​អាកាសធាតុ​ក្ដៅ​ខ្លាំង​ត្រូវ​ស្រោច​ទឹក មួយថ្ងៃ​៣​ដង គឺ​ព្រឹក ថ្ងៃត្រង់ និង​ល្ងាច ។ ក្រោយមកទៀត​ស្រោច​តែ​ពីរដង​ក្នុង​មួយថ្ងៃ ។ នៅ​រដូវ ភ្លៀង​ពេលយប់​មាន​ភ្លៀង​ធ្លាក់ ព្រលឹម​ឡើង​ត្រូវ​ស្រោច​ទឹក​លាង ព្រោះ​ទឹកភ្លៀង​បណ្ដាលអោយ រលួយ ។​

២. ការដក​ស្មៅ ជ្រុំ​ជ្រោយ​ដី​
​គេ​ត្រូវ​ដកស្មៅ​ចេញពី​ថ្នាល​ខាត់ណា ពេលដែល​ដុះ​ស្មៅ​ច្រើន ក្រោយពី​ស្ទូង​ប្រមាណ ១៥​ថ្ងៃ លើក ទី​១ និង​៣៥ ថ្ងៃក្រោយ​ស្ទូង​លើក​ទី​២ ។ នៅពេល​ដកស្មៅ​ម្ដងៗ ត្រូវយក​កូន​ចប​ដៃ​មុខ​តូច​មក​ជីក ដក ហើយ​ជ្រុំដី​បន្តិចៗ ចន្លោះ​ជួរ​ខាត់ណា​ហើយ​ពង្រាយ​ចំបើង​គ្រប​វិញ ។​

៣. ការដាក់​ជី​បំប៉ន​
​ក្រោយពី​ស្ទូង​ហើយ​រយៈពេល ៧​ថ្ងៃ កូន​ខាត់ណា​លែង​ស្រពោន គេ​ត្រូវយក​ជី​កំ​ប៉ុស្តិ៍​ទឹក​ប្រមាណ ១,៥ លីត្រ​លាយ​ជីអ៊ុយរ៉េ​ចំនួន ២​ស្លាបព្រា​បាយ​លាយ​ទឹក​ពី ១៥-១៨​លីត្រ​ស្រោច​អោយ​ជោគ​មួយ រង​ស្មើ និង​មួយ​អំ​រែក​ទឹក ។ ក្រោយមក​បន្ទាប់ពី​ដកស្មៅ​លើក​ទី​១ ក្នុងករណី​ដីឥដ្ឋ ឬ​ល្បាយខ្សាច់ ខ្វះ​ជីជាតិ គេ​ត្រូវ​បាច​ជី​កំ​ប៉ុស្តិ៍ ឬ​ជី​លាមក​សត្វ​ពុកៗ​មួយ​រង ២​បង្គី​បន្ថែមទៀត​រួមជាមួយ​ជីអ៊ុយរ៉េ ៥០g (​កន្លះ​ខាំ​) លាយ​គ្នា​នឹង​ជី ១៥-១៥-១៥ ១០០g (​មួយ​ខាំ​) ។​

​របៀប​ប្រើ​បាច​ជីគីមី​ពីរ​ប្រភេទ​នេះហើយ ទើប​បាច​ជី​កំ​ប៉ុស្តិ៍ ឬ​ជី​លាមក​សត្វ​តាម​ក្រោយ​តាម ចន្លោះ​ជួរ ហើយ​ស្រោច​ទឹក​អោយ​ជោគ​ខ្លាំង ។ ការ​ស្រោច​ជី​បំប៉ន​លើក​ក្រោយៗ គឺធ្វើឡើង​រយៈ ពេល​៧​ថ្ងៃ​ម្ដង ។ រហូត​ដល់ពេល​ប្រមូល​ផល ប្រភេទ​ជី​កំ​ប៉ុស្តិ៍​ទឹក និង​ជីអ៊ុយរ៉េ ។​

V. ជំងឺ​សត្វល្អិត និង​វិធានការ​គ្រប់គ្រង​
​ការដាំដុះ​ខាត់ណា​ដើមរដូវ​វស្សា​កត្តា​ច​ង្រែ​ដែល​បណ្ដាលមកពី​សត្វល្អិត​មានកំ​រិត​ទាប​ប៉ុន្តែ​ជំងឺ​ដែល​បណ្ដាល អោយ​ខាត់ណា​រលួយ និង​អុច​ស្លឹក​កើតមាន​ច្រើន​ក្នុងនោះ​មាន​៖
១. ជំងឺ​សំខាន់ៗ​កើត​នៅ​រដូវភ្លៀង​
​នៅ​រដូវក្ដៅ ដី​សើម​ខ្លាំង ភ្លៀង​ធ្លាក់​ញឹកញាប់​ធ្វើអោយ​កើត​ជំងឺ ៣​ប្រភេទ​គឺៈ​
- ជំងឺ​អុច​រលៀក​ស្លឹក​ដំបូង​សង្កេតឃើញ​គល់​កូន​ខាត់ណា​មាន​ស្នាម ប្រជ្រុយ​ពណ៌​ត្នោត​ក្រោយមក​ប្រជ្រុយ នោះ​រីក​រាល​ឡើង​មកលើ​ដល់​ធាង​ស្លឹក និង​ស្លឹក​ធ្វើអោយ​ត្រួយ​ខ្ចីៗ រលៀក​ហើយ​រលួយ​ហៅថា​ជំងឺ​ប្រជ្រុយ ត្នោត (Bacteriall Spotted)
- ជំងឺ​ប្រេះ​ដើម​រលួយ​ធាង ជំងឺ​នេះ​ច្រើនតែ​កើត​នៅក្នុង​វគ្គ​កូន​ខាត់ណា​ពង្រីក​ដើម​ក្រោយ​ស្ទូង​បាន​២៥​ថ្ងៃ​ឡើង ទៅ​មេរោគ​បានធ្វើអោយ​ដើម​ខាត់ណា​ប្រេះ​តាម​បណ្ដោយ​ដើម ហើយ​ធ្វើអោយ​រលួយ ជាពិសេស​នៅពេល មាន​ភ្លៀង​ធ្លាក់​ខ្លាំង អាកាសធាតុ​ក្ដៅ គេ​អោយ​ឈ្មោះថា​ជំងឺ​រលៀក​បណ្ដូល ព្រោះ​វា​ធ្វើអោយ​បណ្ដូល​សាច់ ខ្ចី​ក្នុង​ដើម​រលួយ ជា​ប្រភេទ​ជំងឺ (Soft Rot) ជំងឺផ្សិត​រលួយ​កូន ។​
- ជំងឺ​រលួយ និង​ពក​ឫស ជំងឺ​នេះ​ច្រើនតែ​កើត​លើ​ប្រភេទ​ដីឥដ្ឋ​ខ្លាំង ហើយ​ខ្សោះ​ជីជាតិ ដី​នោះ ជ្រាប​ទឹក មិនល្អ​ស្ងួត​លើ​តែ​សើម​ក្រោម​វា​កើត​គ្រប់​រដូវ ប៉ុន្តែ​រដូវភ្លៀង​ធ្វើអោយ​បាត់បង់​ទិន្នផល​ច្រើន​ជា​ប្រភេទ​ជំងឺ ផ្សិត​ឈ្មោះ (Fusarium Wilt)
- វិធានការ​គ្រប់គ្រង និង​ការពារ​នៅពេល​លេចចេញ​នូវ​សញ្ញា​ជំងឺ​ទាំង​៣​ខាងលើ​យើង​ត្រូវ​បន្ថយ​ការ​ស្រោច ទឹក និង​ជី​បំប៉ន ប្រមូលយក​ស្លឹក​ក្រោមៗ​ចេញ ដក​ដើម​ដែល​កើត​ជំងឺ​ចេញពី​ថ្នាល​ខាត់ណា​យកទៅ​ដុត ចោល ហើយ​ថ្នាំ​ការពារ​ជំងឺផ្សិត​នឹង​បាក់តេរី​ឈ្មោះ​ខុប​ភើ​ហាយ​ដុក​លាយ ឬ​មេ​ណូ​ម៉ឺ​លម​កលាយ​ទឹក​បាញ់ អោយ​ជោគ រយៈពេល ៧​ថ្ងៃ​ម្ដងៗ កំរិត​ប្រើ ៣​ស្លាបព្រា​បាយ​លាយ​ទឹក ១៥​លីត្រ ។​
ជំងឺ​រលៀក​ដើម​

ជំងឺ​រលៀក​ស្លឹក​


២. សត្វល្អិត​ចង្រៃ​សំខាន់ៗ​
​ក្នុងចំណោម​សត្វល្អិត​ជាច្រើន ការបំផ្លាញ​ធ្ងន់ធ្ងរ​នៅ​រដូវ​នេះ​មានតែ​៣​ប្រភេទ​ប៉ុណ្ណោះ​រួមមានៈ​
- សត្វ​ទា​គូ​មេ​ខ្មៅ វា​ជា​ប្រភេទ​សត្វល្អិត​មាន​ស្លាប​តូច​ពណ៌​ត្នោត​ខ្មៅ ស្លាបមាន​ពណ៌​ឆ្នូត​លឿង វា​បំផ្លាញ លក្ខណៈ​ជា​ហ្លូ​ងៗ គឺ​ស៊ី​ទំ​លុះ​ស្លឹក ធ្វើអោយ​ក្រិន​ស្លឹក បន្ថយ​ការលូតលាស់ ។ កូន​ញាស់​របស់​វា​ស៊ី ឬ​ស​ខាត់ណា​ក្នុង​ដី (Flea beetle leaf) ដើម្បី​ការពារ​សត្វ​ប្រភេទ​នេះ គេ​បាំង​សំណាញ់​ញឹក​ព័ទ្ធ​ចំការ​អោយ មាន​កំពស់ ២​ម វា​មិនអាច​លោត​ចូល​បានឡើយ ហើយ​ថ្នាំ​សំរាប់​កំចាត់​វា ប្រើ​ប្រភេទ​អា​បា​ម៉ិច​ទិន​លេខ ៥០ ចំនួន ៣០ សេ​សេ លាយ​នឹង​ម្សៅ​កា​បារី​ល ២​ស្លាបព្រា​បាយ ទឹក​១៥-១៨​លីត្រ​បាញ់​ចន្លោះ​ម៉ោង ៨ ទៅ​ម៉ោង ១០​ព្រឹក និង​ម៉ោង ៣-៤ ល្ងាច​ជា​ពេលដែល​វា​ចេញ​បំផ្លាញ​ដំណាំ ។​
- ដង្កូវ​ហ្លូ​ង​កាត់​ស្លឹក​-​ដើម ក្រោយពី​ពិនិត្យឃើញ​មានកូន​ដង្កូវ​ទើប​ញាស់​ចេញពី​សំបុក​ក្រោម​ស្លឹក ត្រូវ​ក្ដិច ស្លឹក​ថ្នមៗ ដាក់​ក្នុង​ធុង​ទឹក​មាន​លាយ​ប្រេងម៉ាស៊ីន ហើយ​យកទៅ​ចាក់ចោល​ក្រៅ​ចំការ ។ បន្ទប់​មក​បាញ់ ថ្នាំ​កំចាត់​បន្ថែម គឺ​ប្រភេទ​ថ្នាំ​ឈ្មោះ មេ​ទិល​ផូស​ស្វាត​លេខ ៥០ កំរិត​ប្រើ ៣៥-៤០ c.c លាយ​ទឹក ១៨​លីត្រ បាញ់​ពេលព្រឹក​ព្រលឹម ឬ​ពេល​ល្ងាច ។​

- ដង្កូវ​ស៊ី​រូង​កំពូល​ខាត់ណា​ដង្កូវ​ប្រភេទ​នេះ​ច្រើនតែ​ញាស់​ចេញពី​ពង​មេអំបៅ​ដែល​ពង​ដាក់​ចំណុច​ត្រួយ នៅពេល​វា​ញាស់​ភ្លាម​វា​បង្កើត​ស្បៃ​សៗ​រុំ​ព័ទ្ធ​កំពូល​ខាត់ណា​ការពារ​ខ្លួន​វា​ហើយ​វា​ក៏​ស៊ី​ចូល​នៅក្នុង​កំពូល បណ្ដូល នៃ​ខាត់ណា​ធ្វើអោយ​ខាត់ណា​លែង​លូតលាស់​បន្តទៅទៀត​បាន ។ នៅពេល​មាន​ដង្កូវ​នេះ​ស៊ី គេ​ប្រើ​ថ្នាំ​ប្រភេទ​ប៊ី​យូ​ស៊ីន ឬ​ផ្ល​បាក់ របៀប​ប្រើ​គឺ​ទឹក​មួយ​ធុង​១៨​លីត្រ លាយថ្នាំ​នេះ ៣​កញ្ចប់ មួយកញ្ចប់​១០ c.c បាញ់​ពេល​ល្ងាច​ត្រជាក់ ។​

VI. ការប្រមូល​ផល​
​ក្រោយពី​ស្ទូង​បាន​រយៈពេល​៤០-៤៥​ថ្ងៃ ខាត់ណា​មាន​ដើម​រីក​ប៉ោង​ធំ​ស្លឹក​ខាងចុង​នៃ​កំពូល​តូច​ខ្លីៗ ហើយ ញឹក​ចុង​បំផុត​នៃ​ទ្រួ​យ​លេចចេញ​សញ្ញាណ​នៃ​ផ្កា​តូចៗ គេ​អាច​សំគាល់​បាន​ថា​វត្ត​ជីវិត​របស់​ខាត់ណា​បញ្ឈប់ ត្រូវ​ប្រមូល​ផល​បាន ។ មុនពេល​ប្រមូល​ផល​រយៈពេល ១០​ថ្ងៃ​បញ្ឈប់​ការ​ស្រោច​ជី និង​បាញ់​ថ្នាំពុល​ផ្សេងៗ ។​

​របៀប​ប្រមូល​ផល​ត្រូវយក​កាំបិត​បុ​ត​គល់​ខាត់ណា​ក្បែរ​ដី ក្រោយពី​ស្លឹក​ខាត់ណា​ស្ងួត​ទឹក​ចន្លោះ​ម៉ោង ៨ ទៅ​ម៉ោង ១០​ព្រឹក ក្រោយពី​កាត់ ហើយ​ត្រូវ​ជញ្ជូន​ដើម​ខាត់ណា​ទៅ​ដាក់​ក្រោម​ម្លប់​ត្រជាក់ ហើយ​ទើប​ធ្វើការ​សំរាំង​ដោយ​កាត់​គល់​អោយ​ត្រឹម​កាត់​នាង​ខាត់ណា​អោយ​ស្មើ​ដើម​ស្លឹក​ក្រោមៗ បន្ទាប់មក តំរៀប​ដើម​ខាត់ណា​ដាក់ចូល​ក្នុង ឧបករណ៍​ដឹកជញ្ជូន ។ លទ្ធផល​ពិសោធន៍​បានបង្ហាញ នូវ​ទិន្នផល​ជា មធ្យម​ពី ៣២-៣៦ តោន​ក្នុង​មួយ​ហិកតា ៕​ ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bbkkkll

បុកល្ហុង​បង្គា​ស្រស់​

ថ្ងៃទី 17 មករា 2017 ម៉ោង 10:49:AM