ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Home-sale
មាតិកាៈ កសិកម្ម

ដំណាំ​ឆៃថាវ​

​ដោយ ៖ ថ្ងៃទី 4 មករា 2017 ម៉ោង 03:35:PM

I ស្ថានភាព​ទូទៅ
​ដំណាំ​ស្ពៃមើម ឬ​ដំណាំ​ឆៃថាវ​ជា​ប្រភេទ​ដំណាំ​ម្យ៉ាង​ដែលមាន​ប្រជាប្រិយ​យ៉ាងខ្លាំង​នៅក្នុង​ការប្រើប្រាស់​ជា ម្ហូបអាហារ​ប្រចាំថ្ងៃ ។ ក្នុងការ​បរិភោគ​គេ​អាច​ច្នៃ​ចេញ​ជា​ពីរ​ប្រភេទ​គឺ​: មើម​ឆៅ ឬ​ចំអិន ដំណាំ​នេះ​មាន ប្រភព​កំណើត​មកពី​ប្រទេស​ចិន គេ​បាន​ប្រើប្រាស់​វា​តាំងពី​យូរយារ​ណាស់​មកហើយ​យើង​អាចយ​កវា​ទៅ កែច្នៃ​ធ្វើជា​ជ្រក់ ឆាំ​ប៉ូវ ជាដើម​ក្នុង​ទំងន់​១០០​ក្រាម ដែល​បរិភោគ (​មើម​) សារធាតុ​សំខាន់ៗ​ជាច្រើន​ដូចជា​:



II. បច្ចេកទេស​ដាំ​ដុះ
​ដើម្បី​ឆ្លើយតប​ទៅនឹង​ការដាំដុះ​លូតលាស់ ព្រមទាំង​ទទួលបាន​ទិន្នផល​ខ្ពស់​មាន​លក្ខខណ្ឌ​ជាច្រើន​ដែល តំរូវ​ឲ្យ​ធ្វើការ​ជ្រើសរើស​ដូចជា​:

១-​អំពី​រដូវ​កាល​
ឆៃថាវ​ជា​ប្រភេទ​ដំណាំ​ដែល​អាច​ដុះ​លូតលាស់​មិន​ប្រកាន់​រដូវ គេ​អាច​ដាំ​បាន​ស្ទើរ​ពេញ​១​ឆ្នាំ នៅក្នុង​តំបន់​ក្ដៅ (Tropic) ។ ប៉ុន្តែ​ការជ្រើសរើស រដូវ​វា​មាន​ទំនាក់ទំនង​ទៅនឹង​សត្វល្អិត​ចង្រៃ​ស៊ី​បំផ្លាញ ព្រមទាំង​ធ្វើ​ឲ្យ​ទិន្នផល​ថយចុះ សីតុណ្ហភាព​សមស្រប​បំផុត​ចន្លោះ​ពី ២០-២៥ អង្សា កាលណា​កើន​ពី ២៥-៣០ អង្សា ការផ្ដល់​ទឹកបាន​ច្រើន ទើប​ទទួលបាន​ទិន្នផល​ល្អ​។ នៅ​ប្រទេស​កម្ពុជា​គេ​អាច​ដាំ​ដុះ​បានល្អ​នៅ រដូវ​ទឹកសំរក​ចាប់ពី​ខែតុលា ដល់​ខែ មករា កាលណា ពន្យារពេល​រហូតដល់ កុម្ភៈ ឬ​មិនា តែង​ទទួលរង នូវ​ការបំផ្លាញ ពី​សត្វល្អិត​ចង្រៃ ជាច្រើន ។​

២-​ការជ្រើសរើស​ពូជ​
​ដំណាំ​ប្រភេទ​នេះ​មិនអាច​ផលិត​ពូជ នៅក្នុង​ប្រទេស​យើង​បានឡើយ​ដូចនេះ ពូជ​សុទ្ធតែ​នាំ​មកពី​ប្រទេស​នានា ក្នុង​តំបន់​អាស៊ី ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជាច្រើន ហើយ​ត្រូវបាន​ពិសោធន៍ វាយតំ​លៃ​ទៅលើ​ភាព​បន្សាំ​ក្នុង  លក្ខខណ្ឌ​ប្រទេស​កម្ពុជា​ភាគច្រើន​ជា​ពូជ​អាយុកាល​លូតលាស់​ខ្លី (​ពូជ​ស្រាល​) និង​ពូជ​អាយុកាល​លូត លាស់​មធ្យម (​ពូជ​កណ្ដាល​) ប៉ុន្តែ​ចំពោះ​ពូជ​ធ្ងន់​មិន​សមស្រប​ទៅនឹង​លក្ខខណ្ឌ​នៃ​ប្រទេស យើង​ឡើយ ។ ពូជ​ដែល​ត្រូវបាន​ណែនាំ​ឲ្យ​ប្រើប្រាស់​មាន​:
- ពូជ R៦១៩៧ និង​ពូជ Kao yuak ១៨ មកពី​ប្រទេស​ថៃ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន East west seed
- ពូជ ៥៥​ថ្ងៃ មកពី​ប្រទេស​ថៃ ផលិត​ដោយ​ក្រុមហ៊ុន Chea tai seed សញ្ញា​យន្តហោះ​
- ពូជ Everst (F១) មកពី​ប្រទេស​ជប៉ុន​ផលិត​ដោយ​ក្រុមហ៊ុន Takiiseed
- ពូជ wang jian មកពី​ចិន​ហុងកុង ដែល​ផលិត​ដោយ Hong Kong Field Friend Agriculture Unite. Co ហើយ​កំពុង​ពេញនិយម​ទូទាំងប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំ​២០០១ មក ។​
- ពូជ​ជាច្រើន​ប្រភេទ​ទៀត​មកពី​ប្រទេស​ជប៉ុន​ផលិត​ដោយ ក្រុមហ៊ុន​ពីរ​គឺ Sakata Seed និង Kaneco Seed ដែល​អាច​ដាំ​ដុះ​បាន ។​

៣-​ការជ្រើសរើស និង​រៀបចំ​ដី​
- អំពី​ប្រភេទ​ដី​: ឆៃថាវ​ជា​ប្រភេទ​ដំណាំ​យក​មើម​ដែល​លូតលាស់​នៅក្នុង​ស្រទាប់ដី​ប៉ែក​ខាងលើ ម្យ៉ាងទៀត វា​ជា​ប្រភេទ​ដំណាំ​ដែលមាន​វដ្ដ​ជីវិត​ខ្លី​ដូចនេះ តំរូវការ​ដី​ដែលមាន​ជីជាតិ​គ្រប់គ្រាន់ ។ លក្ខខណ្ឌ​ដែល​សមស្រប​សំរាប់ធ្វើ​ការដាំដុះ​គឺ​ដី​ធូរ ជ្រាប​ទឹកបាន​ល្អ ស្រទាប់​ដាំ​ដុះ​ជ្រៅ​ដុះ​លើដី​ខ្សាច់​ច្រើន ជាង​កណ្ដាល​ជាពិសេស គឺ​ដីល្បាយខ្សាច់ ដី​ល្បប់​មាត់​ស្ទឹង ព្រែក​, ទន្លេ​វា​មិនអាច​ដុះ​លូតលាស់​លើ​ប្រភេទ ដីឥដ្ឋ​បានឡើយ ប៉ុន្តែ​វា​ក៏​អាច​ដុះ​លូតលាស់​ល្អ​លើដី​ក្រហម​ខ្ពង់រាប​ដែរ ។



ជាទូទៅ​កំរិត pH ៦-៧,៥ មាន អំណោយផល​ល្អ​បំផុត​សំរាប់​ការ​ដុះ​លូតលាស់ និង​ទិន្នផល​ខ្ពស់ ។​
- ការរៀបចំ​ដី​: ត្រូវ​រាស់​ប្រមូលយក​ស្មៅ កាកសំណល់​ផ្សេងៗ​ចេញពី​ចំការ ហើយ​ភ្ជួរ​ឲ្យ​ជ្រៅ​ហាល​ដី​ឲ្យ ស្ងួត ដើម្បី​បន្ថយ​ការ​ដុះ​ស្មៅ និង​កត្តាចង្រៃ​ដែល​រស់នៅក្នុង​ដី​បន្ទាប់មក​រាស់​បំបែក​ដី​ឲ្យ​ល្អិត​កៀរ​ដី​ឲ្យ​ស្មើ ។ ការ​ភ្ជួរ​រាស់​ត្រូវធ្វើ​ឲ្យ​បាន ២-៣ លើក ដើម្បី​ឲ្យ​ដី​មាន​បន្ទុក​ខ្យល់​គ្រប់គ្រាន់​ព្រមទាំង​ធ្វើ​ឲ្យ​ដី​ធូរ​ជ្រាប ទឹកបាន​ល្អ ហើយ​ត្រូវ​លើក​រង​ឲ្យ​មាន​កំពស់​២៥-៣០ ស​.​ម ទទឹង​រង ១០០-១២០ ស​.​ម បន្ទាប់មក​យក​ជី គីមី​ប្រភេទ ១៥.១៥.១៥ ២០០ គ​ក្រ ជីធម្មជាតិ ១៥-១៨ តោន លើ​ផ្ទៃដី ១​ហ​.​ត បាច​លើ​រង ហើយ​រាល់ លុប​កៀវ​ឲ្យ​ស្មើ នឹង​អាច​ដាំ​បាន ។​

៤-​របៀប​ដាំ​ដុះ​
​ឆៃថាវ​គេ​ដាំ​វា​នឹង​គ្រាប់​ផ្ទាល់ ដូចនេះ​មុននឹង​យក​គ្រាប់​ទៅ​ដាំ ត្រូវយក​គ្រាប់ពូជ​នោះ​ដាក់​ហាលថ្ងៃ​ឲ្យ​ក្ដៅ រយៈពេល ១-២ ម៉ោង ក្រោយមក​ដាក់​ត្រាំ​ទឹក ៣-៤ ម៉ោង នឹង​លាង​សំអាត​គ្រាប់​ឲ្យ​បាន​ច្រើនលើក​ព្រម ទាំង​លាយថ្នាំ​ការពារ​ផ្សិត​បន្តិចៗ (១​គ​ក្រ គ្រាប់​=២​ក្រាម​ថ្នាំ​) ។ វិធីសាស្ត្រ​ក្នុង​ការដាំដុះ គឺ​យក​គ្រាប់ពូជ ទៅ​ដាំ​លើ​ថ្នាល ផ្ទាល់​ដោយ​ដាក់​ក្នុង​ជំរៅ ស​.​ម ជា​មធ្យម ក្នុង​មួយ​គុម្ព ២​គ្រាប់ ហើយ​ចន្លោះ​ជួរ និង​គុម្ព ២០​ស​.​ម X ២០​ស​.​ម ក្រោយពី​ដាំ​ហើយ​យក​ចំបើង​ស្ងួត​ទៅ​ពង្រាយ​គ្របពីលើ​ផ្ទៃ រង​ឲ្យ​បាន ៧០​ទៅ ៨០% ដើម្បី​ការពារ​សំណើម នឹង​ភាពហាប់​ណែន​នៃ​ដី​ជួយ​ឲ្យ ឆៃថាវ ដុះ​លូតលាស់​បានល្អ ប៉ុន្តែ​ក្រោយពី​ដាំ​ត្រូវ ស្រោច​ទឹក​ឲ្យ​ជោគ​ភ្លាម ។​

៥-​ការស្រោចស្រព
​ការផ្ដល់​ទឹកបាន​គ្រប់គ្រាន់ និង​ទៅតាម​តំរូវការ​របស់​វា ធ្វើ​ឲ្យ​ដំណាំ​ដុះ​លូតលាស់​លឿន ប៉ុន្តែ​សេចក្ដី​ត្រូវ ការមិន​ដូចគ្នា​ទាំងស្រុង​នោះឡើយ គឺ​អាស្រ័យ​ទៅតាម​វគ្គ​លូតលាស់​របស់​វា​ដូចតទៅ​:
- វគ្គ​ដុះ​ពន្លក​: នៅក្នុង​វគ្គ​នេះ​ចាប់តាំងពី​ដាំ​រហូតដល់​ឆៃថាវ​ដុះ ១០០% វា​ត្រូវការ​សំណើម​ដី​ថេរ តែ​មិន​ជោគ ជាំ​ខ្លាំង កាលណា​ដី​ស្ងួត​បណ្ដាល​ឲ្យ​ក្ដាំង​ដី​ធ្វើ ឲ្យ​ដំណុះ​មិន​ស្មើគ្នា ព្រមទាំង​បាត់បង់​ចំនួន​ដើម​ច្រើន ដូចនេះ​គេ​ត្រូវ​ផ្ដល់​ទឹក​ព្រឹក ល្ងាច តាម​វិធីសាស្ត្រ​ជាច្រើន​ដែល​ធ្វើទៅបាន​ដោយ​ប៉ោត ដោយ​ម៉ាស៊ីនបូមទឹក ។ នៅក្នុង​វគ្គ​នេះ កាលណា​សំណើម​ដី​សើម​ខ្លាំង​លើស​សេចក្ដីត្រូវការ ធ្វើ​ឲ្យ​កូន​ដំណាំ​រលួយ​ឫស​ទៅវិញ ។​

- វគ្គ​លូតលាស់​ស្លឹក​ពិត​: ក្រោយពី​ដុះ​ពន្លក ១០០% រយៈពេល ៧-១០​ថ្ងៃ ឆៃថាវ​ដុះ​បាន​ស្លឹក​ពិត ២-៣ សន្លឹក វា​ត្រូវការ​ទឹក​កំរិត​មធ្យម​ប្រហែល​គ្នា​នឹង​វគ្គ​ដុះ​ពន្លក​ដែរ ប៉ុន្តែ​ទាប​ជាង​បន្តិច​កាលណា​ស្រោច​ទឹក ខ្លាំង​សំណើម​ដី​ខ្ពស់​ធ្វើ​ឲ្យ​គល់ កូន​ឆៃថាវ​ប្រេះ អាចធ្វើ​ឲ្យ​យឺតយ៉ាវ វគ្គ​កំណកំណើត​មើម ។​
- វគ្គ​កំណកំណើត និង​ពង្រីក​មើម​: ក្រោយពី​ដាំ​បាន​រយៈពេល ១៥-១៨ ថ្ងៃ គេ​សង្កេតឃើញ​ឆៃថាវ​ចាប់ ផ្ដើម​ពង្រីក​គល់​ប៉ោង​បន្តិចៗ ពេលនោះ​វា​ត្រូវការ​ទឹក និង សារធាតុចិញ្ចឹម​កាន់តែ​កើនឡើងៗ រហូតដល់ ពេល​ប្រមូល​ផល ដូចនេះ​ត្រូវ​បង្កើន​ការ​ស្រោច​ទឹក​ឲ្យ​ខ្លាំង​ជាង​វគ្គ​នានា​អាចធ្វើ​ឲ្យ​ទិន្នផល​ឆៃថាវ​កាន់តែ កើនឡើង ។​

៦-​ការ​ជ្រំ​ជ្រួយ ដកស្មៅ​

​ដើម្បី​ឲ្យ​ដី​ធូរ ព្រមទាំង​ទប់ស្កាត់​ការ​ដុះ​លូតលាស់​នូវ​ស្មៅ​ចង្រៃ​ហើយនឹង​ការលូតលាស់​ប្រព័ន្ធ ឫស​តំបូង ត្រូវ​ដក​រំ​លោះ​កូន​ឆៃថាវ​ចេញ​ទុក​តែមួយ​ដើម​ក្នុង ១​គុម្ព ព្រម ទាំង​ដកស្មៅ​ចេញ ហើយ​យក​កូន​ចប​មុខ​តូច ជ្រុំដី​ឲ្យ​ផុស​ក្បែរៗ​គុម្ព​ពេញ​ផ្ទៃ​រង ហើយ​ផ្អាក​ការ​ស្រោច​ទឹក​រយៈពេល ១​ថ្ងៃ ធ្វើ​ឲ្យ​ដី​នោះ​ស្ងួត​ខ្យល់​ចេញ ចូល បានល្អ រយៈពេល​សមស្រប​ក្នុងការ​ជ្រំ​ជ្រួយដី គឺធ្វើឡើង​ក្រោយពី​ដាំ​បាន​ចំនួន ១៥-១៨​ថ្ងៃ កាលណា ពន្យារពេល ជ្រំ​ជ្រួយដី​ទុក​ឲ្យ​ឆៃថាវ​ព្រ​ងីក​មើម​កាន់តែ​ធំ​អាច​រំខាន​ដល់​ការ​វិវឌ្ឍន៍​នៃ​ប្រព័ន្ធ​ឫស​របស់​វា​ធ្វើ ឲ្យ​មើម​តូច​ហើយ​ខ្លី ។ ឆៃថាវ​ជា​ប្រភេទ​ដំណាំ ត្រូវការ​ជីជាតិ​ច្រើន​ប្រភេទ​ព្រមទាំង​សារធាតុ​រ៉ែ​ផ្សេងៗ ។​

៧-​ការដាក់​ជី​បំប៉ន​
​ឆៃថាវ​ជា​ប្រភេទ​ដំណាំ​ត្រូវការ​ជីជាតិ​ច្រើន​ប្រភេទ​ព្រមទាំង​សារធាតុ​រ៉ែ​ផ្សេងៗ

 
ប៉ុន្តែ​ជាពិសេស គឺ​សារធាតុ អាសូត (N) ផូស្វ័រ (P) ប៉ូ​តា​ស្យូ​ម (K) និង​កាល់ស្យូម (Ca) ដូចនេះ​កា​ដាក់​ជី​ត្រូវ ជ្រើសរើស​ប្រភេទ​ជី​ណា ដែលមាន​សារធាតុ N.P.K នឹង​កាលស្យូម ដើម្បី​ឲ្យ​មាន​ធាតុ​កាល់ស្យូម​គេ​ច្រើន​ប្រើ​លាមក​សត្វ ជាពិសេស លាមក​មាន់​ដាក់​មុន​ដាំ​លើដី​១ ហ​ត ដាក់​ចំនួន ៨០០០-១០.០០០ គ​ក្រ ក្រៅពីនោះ​ទៀត​គេ​អាច ប្រើ​ជីលា​មក ជ្រូក​ពុកផុយ​យូរ​ឆ្នាំ​ក៏បាន​ដែរ ។ យោងទៅតាម​តំរូវការ និង​ប្រភេទ​សារធាតុ​គេ​បែងចែក​ការដាក់​ជី​បំប៉ន ចំនួន ៤​លើក​គឺ​:
- បំប៉ន​លើក​ទី​១ ប្រើ​ជីអ៊ុយរ៉េ​លាយ​ទឹក​ស្រោច​ដោយ​ប្រើ​ចំនួន ២៤-៣០ គ​ក្រ លាយ​ទឹក ២០​លីត្រ លើ​ផ្ទៃដី ១០​ម​២ ហើយ​ស្រោច​ទឹក​លាង​តាម​ក្រោយ ១​ហ​.​ត គេ​ប្រើ​ទំងន់ ២៥-៣០​គ​ក្រ រយៈពេល ១០​ថ្ងៃក្រោយ​ដាំ ។​
- បំប៉ន​លើក​ទី​២ ប្រើ​ជី ១៥ ១៥ ១៥ ចំនួន ២០០​ក្រាម​លើ​ផ្ទៃដី ១០​ម​២ ១​ហ​.​ត ២០០​គ​ក្រ ដាក់​ក្រោយ​ជ្រំ​ជ្រួយដី ១៥-១៨​ថ្ងៃក្រោយ​ដាំ​វិធី​ដាក់ គឺ​តាម​ចន្លោះ​គុម្ព​ហើយ​ជ្រំដី​លុប​ឲ្យ​ជិត ។​
- បំប៉ន​លើក​ទី​៣ ប្រើ​ជីអ៊ុយរ៉េ ៤០-៥០​ក្រាម លាយ​ទឹក ២០​លីត្រ​ស្រោច​ឲ្យ​ជោគ​លើ​ផ្ទៃដី ១០​ម​២ ហើយ​ស្រោច​ទឹក​លាង​តាម​ក្រោយ​រយៈពេល ២៥-៣០​ថ្ងៃ ក្រោយ​ដាំ ។​
- បំប៉ន​លើក​ទី​៤ គេ​ប្រើ​ជី​ពីរ​ប្រភេទ​រួមគ្នា​ក្នុងករណី​ធ្វើទៅបាន គឺ​ជីអ៊ុយរ៉េ​ចំនួន ៣០​គ​ក្រ និង​ជី​ប៉ូ​តា​ស្យូ​ម ៥០​គ​.​ក្រ ដោយ​បញ្ចូល​គ្នា​ហើយ​ដាក់​តាម​ចន្លោះ​គុម្ព​រយៈពេល ៤០​ថ្ងៃ ក្រោយពី​ដាំ​ធ្វើ​ឲ្យ​ឆៃថាវ​មើម​ធំ ហើយ​មានគុណ​ភាពល្អ ។​

III អំពី​សត្វល្អិត​ចង្រៃ និង​ការការពារ​
​ដំណាំ​ឆៃថាវ​ជាធម្មតា ត្រូវ​បា​ករង​ការបំផ្លាញ​ពី​សត្វល្អិត​ចង្រៃ​សំខាន់ៗ​ចំនួន ៤​ប្រភេទ​គឺ​:
១-​ដង្កូវ​យោលទោង​: ជាស​ត្រូវ​យ៉ាង​ចំបង​វា​ស៊ី​បំផ្លាញ​ជាលិកា​ស្លឹក ធ្វើ​ឲ្យ​ស្លឹក​ឆៃថាវ​លែង​លូតលាស់​បាន ហើយ​បាត់បង់ ១០០% ។ នៅ​ប្រទេស​កម្ពុជា​យើង​ការបំផ្លាញ​ច្រើន​ចាប់ផ្ដើម​ពី​ចុងខែ​មករា ដល់​ខែឧសភា ក្រៅពីនេះ​វត្តមាន​របស់​វា​ត្រូវ​ថយចុះ​មកវិញ ។ ដើម្បី​ការពារ និង​កំចាត់​ដង្កូវ​ប្រភេទ​នេះ គេ​ត្រូវ​សិក្សា អំពី​វត្តមាន​មេ​ចំណាស់​របស់​វា​គឺ​មេអំបៅ​កាលណា​មាន​មេអំបៅ​ហើរ​ក្នុង​ចំការ​ពេល​ល្ងាច​មិនយូរ​នឹងមាន ដង្កូវ​ស៊ី​បំផ្លាញ​ដូចនេះ​គេ​ត្រូវ​ទប់ទល់​ជាមុន​ទៅតាម​លក្ខណៈ​ដែល​អាចធ្វើ​ទៅបាន ជាពិសេស​គឺ​វិធានការ​គីមី ។​

២-ដង្កូវ​ស៊ី​រូង​កំពូល:
វា​មាន​រាង​តូចៗ​ប្រហែល​នឹង​ដង្កូវ​យោលទោង​ដែរ តែមាន​មាឌធំ​ហើយ​វែង​ជាង​ពណ៌ ប្រផេះ មាន​រោម​បន្តិចៗ វា​ស៊ី​ស្លឹក​ដោយ​ពុំ​បន្សល់ទុក​នូវ​ភ្នាស​ដូច​ដង្កូវ​យោលទោង​ឡើយ​ព្រមទាំង​លក្ខណៈ ជា​ហ្វូង​ផ្ដុំ​នៅ​នឹង​ត្រួយ ។​

៣-ដង្កូវ​កាត់​ដើម: ដង្កូវ​មាន​មាឌធំ​វែងៗ​ពណ៌​ខ្មៅ​ច្រើន​ជ្រក​ពូន​នៅក្នុង​ចំការ​ដំណាំ​មេអំបៅ​របស់​វា​ពង​ដាក់ លើ​ស្មៅ ឬ​ដី​មុនពេល​ដាំ​ដំណាំ​ក្រោយពី​ដំណាំ​ដុះ​ក្នុង ដំណាក់កាល​កូន​សំណាប វា​ចាប់ផ្ដើម​ញាស់ ហើយ​កាត់​ស៊ី​ជា​ចំណីអាហារ​របស់​វា​នៅពេល​យប់ វា​ធ្វើ​ឲ្យ​បាត់បង់​ចំនួន​ដើម​ច្រើន​ក្នុង​ចំ​ការដាំដុះ ។​

៤-សត្វ​ទា​គូ: វា​ជា​សត្វល្អិត​ចង្រៃ​យ៉ាងខ្លាំង​ព្រោះ ក្នុង​១​វដ្ដ​ជីវិត​របស់​វាចា​ប់ ពី​កូន​ញាស់​ដល់​មេ​ចំណាស់ ត្រូវ​ស៊ី​បំផ្លាញ​ដំណាំ​ជាប្រចាំ​ដូចជា​:
- ដំណាក់កាល​កូន​ញាស់​: មេ​ចំណាស់​ពង​ដាក់​លើ​ថ្នាល​ក្បែរ​គល់​ដំណាំ​ក្រោយពី​វា​ញាស់​ទៅជា​កូន​ដង្កូវ តែងតែ​ស៊ី​បំផ្លាញ​ឫស នឹង​មើម​ឆៃថាវ​ដែល​កសិករ យើង​ហៅថា​កណ្ដៀរ​ដី​ស៊ី ធ្វើ​ឲ្យ​ដំណាំ​ស្រពោន​បន្ថយ ការលូតលាស់​ដើម​ត្រូវ​ខូចខាត យ៉ាងខ្លាំង ជាពិសេស​នៅ​រដូវក្ដៅ ។​
- ដំណាក់កាល​ពេញវ័យ​: មេ​ចំណាស់​តូចៗ មាន​ស្លាប​រឹង​ប៉ុនៗ​ជើងធូប​រស់​លក្ខណៈ​ជា​ក្រុមៗ លោត​ដោយ ផ្ទាត់​ជើង​របស់​វា សត្វ​នេះ​ស៊ី​ទំ​លុះ​ស្លឹក​ធ្វើ​ឲ្យ​ស្លឹក រទុះៗ​ដូច​ស្បៃ ស្លឹក​ក្រិន​លែង​លូតលាស់ អាចធ្វើ​ឲ្យ​បាត់ បង់​ទិន្នផល​យ៉ាងច្រើន​ក្នុង​១​ឆ្នាំៗ ការបំផ្លាញ​ខ្លាំង​ចាប់ពី​ខែ កុម្ភៈ ដល់​ខែ មេសា ជា​រៀងរាល់ឆ្នាំ ។ ដើម្បី​ការពារ នឹង​កំចាត់​ដង្កូវ​ប្រភេទ​នេះ​គេ​ត្រូវអនុវត្ត​វិធានការ​យ៉ាងច្រើន​ដូចជា​៖
- ការផ្លាស់ប្ដូរ​ដី​: ក្រោយពី​ប្រមូល​ផល​ឆៃថាវ​ហើយ ត្រូវ​បាច​ថ្នាំ​ប្រភេទ Furadan ក្នុង​កំរិត ១០-១៥​គ​.​ក្រ /​ហ​.​ត ហើយ​ភ្ជួរ​លុប ។​
- ការជ្រើសរើស​រដូវ រដូវ​មាន​ទំនាក់ទំនង​គ្នា​ជានិច្ច​ទៅនឹង ការកកើត​នៃ​កត្តាចង្រៃ ព្រោះ​វា​តែង​ពង្រីក​ពូជពង្ស របស់​វា​នៅ​រដូវក្ដៅ ហើយ​ដំណាំ​មិន​ទាមទារ​នូវ សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ឡើយ ។​
- ការធ្វើ​អនាម័យ​ចំការ សំអាត​ស្មៅ​ទាំង​ក្នុង និង​ជុំវិញ​ចំការ​ឲ្យ​បាន​ស្អាត​ព្រោះ​វា​ជា​ជំរក​របស់​ភ្នាក់ងារ​ចង្រៃ គ្រប់​ប្រភេទ ។​
- ការអនុវត្តន៍​វិធានការ​គីមី ក្នុងករណី​មាន​ដង្កូវ​៤​ប្រភេទ​ខាងលើ​គេ​ប្រើប្រាស់ ថ្នាំ​គីមី​ពុល​កសិកម្ម​ក្នុងការ កំចាត់ ដូចជា​យកមក​លាយ​ទឹក​បាញ់ ឬ​បាច​ទៅក្នុង​ថ្នាល​ពេល​សត្វល្អិត​ស្ថិតក្នុង​ដំណាក់កាល​កូន​ញាស់ ទើប​មាន​ប្រសិទ្ធ​ភាពល្អ ។​

IV. ការប្រមូល​ផល​

​ការប្រមូល​ផល​ត្រូវ​គិត​អំពី​វដ្ដ​ជីវិត​របស់​វា ព្រមទាំង​តំរូវការ​ទីផ្សារ​កាលណា ដក​មើម​ឆៃថាវ​មិនទាន់​គ្រប់ អាយុកាល ត្រឹមត្រូវ​ធ្វើ​ឲ្យ​បាត់បង់​ទិន្នផល​ព្រមទាំង មិនអាច​រក្សាទុក​បាន​យូរ​ផងដែរ ព្រោះ​វា​ខ្ចី​ពេក ប៉ុន្តែ​បើកាលណា​ពន្យា​ពេល​ដក​ធ្វើ ឲ្យ​មើម​ឆៃថាវ​ចាស់​ស្ពោត ក៏​អាច​បាត់បង់​ទិន្នផល និង​គុណភាព​ដែរ ។ ដូចនេះ​ដើម្បី ប្រមូល​ផល​ទៅតាម​ស្តង់ដារ​គឺ គេ​ពិនិត្យមើល​ទៅលើ​ពណ៌​នៃ​ស្លឹក​វា​ប្រែ​ពណ៌​បៃតង ខ្ចី​ទៅ​បៃតងចាស់ កំពូល​ត្រួយ​របស់​វា​លែង​លូតលាស់​ដើម​ប្រែ​ពណ៌​ពីស​ខ្ចី​ទៅ​ស​ប្រផេះ ហើយ​រលោង​គ្មាន​ជាប់​ឫស​ពេល​ដក​នោះ ជា​ដំណាក់កាល​ត្រូវ​ប្រមូល​ផល ។ របៀប​ប្រមូល​ផល​គឺ ដកយក មើម​ឆៃថាវ​ដាក់​តំរៀប​នៅ​នឹង​ចំការ ក្រោយមក​កាត់​ស្លឹក​ចេញ​ហើយ​ជញ្ជូន​ទៅកាន់​ទី​ត្រជាក់​មិនត្រូវ​ដាក់ ហាលថ្ងៃ​ឡើយ ។ កាលណា​គេ​បញ្ចូនទៅ​កាន់​ទីផ្សារ​ជិតៗ ត្រូវ​លាង​ទឹក​សំអាត​មើម​ជាមុនសិន ប៉ុន្តែ​ក្នុង ករណី​ត្រូវ​ដឹក​ទៅកាន់​តំបន់​ឆ្ងាយៗ មិនត្រូវ​លាង​ទឹក​ឡើយ ព្រោះ​អាច​បណ្ដាល​ឲ្យ​ជាំ​រលាត់ សំបក ទុក​មិន​បានយូរ ។ ប៉ុន្តែ​ដោយឡែក​សំរាប់​ការដឹកជញ្ជូន ឬ​ការ​រក្សាទុក​ក្នុង ប្រព័ន្ធ​បន្ទប់​ត្រជាក់​គេ​ត្រូវ​លាង ទឹក​សំអាត​ឲ្យ​ស្អាត​ជាមុន បន្តា​ប់​មក​ដាក់បញ្ចូល ទៅក្នុង​កន្ត្រក​ផ្លា​ស្ទីក​តាម​លំដាប់លំដោយ​កន្ត្រក​នោះ​មាន រន្ធ​អាច​ជ្រាប​ចំហាយ​ត្រជាក់​ចូលទៅក្នុង​បាន​ហើយ យកទៅ​រក្សាទុក​រយៈពេល ៤០​ម៉ោង ហើយ​បញ្ចុះ សីតុណ្ហភាព​ឲ្យ​ក្រោម​សូន្យ​អង្សារ​បួន​លេខ (-៤ អង្សា​) ដើម្បី​សំលាប់​ពួក​មីក្រូ​សរីរាង្គ និង​បាក់តេរី​ផ្សេងៗ ដែល​បណ្ដាល​ឲ្យ​ឆៃថាវ​រលួយ ។ ជាធម្មតា​ទិន្នផល ជា​មធ្យម​ទៅតាម​ប្រភេទ​ពូជ និង​រដូវ​កាល​ដាំ​ដុះ ប៉ុន្តែ​ទោះជា​យ៉ាងណា​នៅក្នុង ប្រទេស​កម្ពុជា​យើង​អាច​ទទួលបាន​ពី ២៨-៣២ តោន​/​ហ​.​ត ៕ ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

320


ដំណឹងថ្មីៗប្រចាំថ្ងៃ