Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កសិកម្ម

វិធានការគ្រប់គ្រង និងកម្ចាត់ ដង្កូវ​កាត់​ដើម​

​ដោយ ៖ ថ្ងៃទី 18 មេសា 2017 ម៉ោង 02:49:PM

១. លក្ខណៈ​រូបសាស្ត្រ និង​ជីវសាស្ត្រ​
​ដង្កូវ​កាត់​ដើម​មាន​ពណ៌​ត្នោត​ក្រ​ម៉ៅ​ប្រវែង​ពី ២៥-៣៥ ម​.​ម នៅ​ដំណាក់កាល​ទី​៥ មាន​ឆ្នូត​ពណ៌ ប្រផេះ​ស្រាល នៅតាម​បណ្ដោយ​ទ្រនង់​កណ្ដាល និង​មាន​ឆ្នូត​ពណ៌​ខ្មៅ​នៅ​ផ្នែក​ចំហៀង​ខ្លួន ក្បាល​ពណ៌​ខ្មៅ និង​មាន​ចំណុច​ពណ៌​ស​ពីរ ។ លក្ខណៈ​ទូទៅ​របស់​ដង្កូវ​គឺមាន​ពណ៌​ប្រេង និង​ពណ៌ ខ្មៅ ហើយ​វារ​មូរ​ខ្លួន​ឡើង​នៅពេល​មាន​អ្វី​មក​រំខាន​វា (​រូបភាព ៥៣) ។​

រូបភាព ៥៣

ដំណាក់កាល​ដង្កូវ​មាន​រយៈពេល​ពី ២៨ ទៅ ៣៤ ថ្ងៃ​អាស្រ័យ ទៅលើ​សីតុណ្ហភាព ។ នៅ​២​ដំណាក់កាល​ដំបូង ដង្កូវ​ស៊ី​បំផ្លាញ​ស្លឹក​ដំណាំ​ជា ក្រុម នៅ​ដំណាក់កាល​ទី ៣ វា​បែកចេញ​តែ ឯង​ក្លាយជា​ដង្កូវ​ពេញលេញ​រស់នៅ និង​លាក់ខ្លួន​នៅក្នុង​ដី ឬ​កំទេច កំ​ទី​ក្បែរ​គល់​ដំណាំ​នៅពេល​ថ្ងៃ ហើយ​ចេញមក​ស៊ី​បំផ្លាញ​ដើម​ដំណាំ​ខ្ចីៗ​នៅពេល​យប់ ពួកវា​ចេញមក​លើ​ផ្ទៃដី ស៊ី​បំផ្លាញ​ដើម​ដំណាំ នៅក្បែរៗ​ដី ។ ដើម​របស់​ដំណាំ​អាច​ត្រូវបាន​ស៊ី​បំផ្លាញ​ទាំងស្រុង​នៅ​ផ្នែក​ខាងក្រោម​ដី ឬ​នៅត្រឹម​ដី ។ វា​បំផ្លាញ​នៅតាម​បណ្ដោយ​ជួរ​របស់​ដំណាំ ដោយ​កាត់​បំផ្លាញ​ដើម​នៅត្រឹម​ដី ។ ពេល​ដង្កូវ​វិវត្តន៍ ទៅជា​ដឹកដឿ​នៅក្នុង​ដី​រហូតដល់​ជំរៅ ១២ ស​.​ម ។ វា​អាច​រស់នៅ​បានតែ​លើដី​ស្ងួត សីតុណ្ហភាព ខ្ពស់ជាង ៣៥ អង្សា​សេ អាច​សំលាប់​វា​បាន ។​

​ដឹកដឿ​របស់​ដង្កូវ​កាត់់​ដើម មាន​ពណ៌​ក្រហម​ត្នោត​ចាស់ មាន​ប្រវែង​ប្រមាណ ២០ ម​.​ម (​រូបភាព ៥៤) ។ ដំណើរការ​ក្លាយជា​ដឹកដឿ​ប្រព្រឹត្តទៅ​នៅក្នុង​ដី​មាន​រយៈពេល​ពី ១០-៣០ ថ្ងៃ អាស្រ័យ​ទៅ លើ​សីតុណ្ហភាព ។ មេអំបៅ​ពេញវ័យ​មាន​មាឌធំ ប្រវែង​សន្ធឹង​របស់​ស្លាប​ពី ៣០-៤០ ម​.​ម មាន ខ្លួន​ពណ៌​ប្រផេះ (​រូបភាព ៥៥ និង ៥៦) ។ ស្លាប​មុខ​មាន​ពណ៌​ត្នោត​ស្រាល និង​មាន​ចំណុច​ពណ៌ ខ្មៅ​ជាច្រើន ស្លាប​ក្រោយ​របស់​វា​ស្ទើរ​តែមាន​ពណ៌​ស​សុទ្ធ ប៉ុន្តែ​មាន​ឆ្នូត​ពណ៌​ខ្មៅ​នៅ​ខាងចុង ។ វា​ចេញ​ហើរ​នៅពេល​យប់ និង​ហើរ​បាន​រយៈ​ចម្ងាយ​ឆ្ងាយ ។ ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ក្ដៅ​វា​អាច មាន​កូនចៅ​រហូតដល់ ៥ ជំនាន់ ។​
​រូបភាព ៥៤

រូបភាព ៥៥

​រូបភាព ៥៦


​វា​ពង​រាយ​មួយៗ ឬ​នៅ​ជា​ក្រុម (​ប្រហែល ៣០ ពង​) នៅលើ​គល់​ដំណាំ​ជម្រក ដើម ផ្ទៃ​ស្លឹក ខាងក្រោម ក្នុង​ដី​ក្បែរ​គល់​ដំណាំ ក្នុង​វាលស្មៅ ឬ​នៅលើ​កំទេចកំទី​ដែលមាន​នៅក្នុង​ចំការ ។ ពងមាន​អង្កត់ផ្ចិត​ប្រហែល ០.៥ ម​.​ម និង​មាន​ពណ៌​លឿង​ស្លេក​នៅ​ដំណាក់កាល​ដំបូង បន្ទាប់មក ប្ដូរ​ពណ៌ ពីស​លាយ​លឿង​ទៅ​ពណ៌​ត្នោត (​រូបភាព ៥៧) ។ ពង​របស់​វា​ញាស់​ក្នុង​រយៈពេល​ពី ៣-៤ ថ្ងៃ នៅ​សីតុណ្ហភាព ២៥ អង្សា​សេ ។ សត្វ​ញី​ពង​បាន​ច្រើន​រហូតដល់​ទៅ ១២០០​ពង ។ មួយ​វដ្ដ​ជីវិត​របស់​វា​ចាប់តាំងពី​ដំណាក់កាល​ពង រហូតដល់​ពេញវ័យ​មាន​រយៈពេល​ប្រែប្រួល​ទៅ តាម​សីតុណ្ហភាព គឺ ៣២ ថ្ងៃ នៅ​សីតុណ្ហភាព ៣០ អង្សា​សេ ៤១ ថ្ងៃ​នៅ​សីតុណ្ហភាព ២៦ អង្សា​សេ និង ៦៧ ថ្ងៃ នៅ​សីតុណ្ហភាព ២០ អង្សា​សេ ។
​រូបភាព ៥៧

២. លក្ខណៈ​នៃ​ការបំផ្លាញ
​រូបភាព ៥៨


​វា​បំផ្លាញ​ដំណាំ​បន្លែ​ច្រើន​ប្រភេទ​ដូចជា​: សណ្ដែក ពោត ស្ពៃ ប៉េងប៉ោះ ការ៉ុត ត្រប់ ដំឡូង អំពៅ ម្ទេស​... ។​ល​។ នៅពេល​យប់​ពួកវា​ចេញ​មកលើ​ផ្ទៃដី និង​ស៊ី​បំផ្លាញ​ដើម​ដំណាំ​នៅក្បែរៗ​ដី (​រូបភាព ៥៨ និង ៥៩) ។ ដើម​របស់​ដំណាំ​អាច​ត្រូវបាន​ស៊ី​បំផ្លាញ​ទាំងស្រុង​នៅ​ផ្នែក​ខាងក្រោម​ដី ឬ​នៅត្រឹម ដី ជាពិសេស​ដើម​ដំណាំ​ក្នុងដំណាក់កាល​ទើប​ដុះ​ថ្មីៗ និង​ដំណាក់កាល​លូតលាស់ ។ លក្ខណៈ បំផ្លាញ​របស់​ដង្កូវ​កាត់​ដើម គឺ​វា​បំផ្លាញ​តាម​បណ្ដោយ​ជួរ​របស់​ដំណាំ​ដោយ​កាត់​បំផ្លាញ​ដើម​របស់ ដំណាំ​នៅត្រឹម​ដី ជួនកាល​វា​កាត់​ដើម​ដំណាំ​ជា​កំណាត់​ខ្លីៗ ហើយ​ទាញ​ចូលទៅក្នុង​រន្ធ​របស់​វា ដើម្បី​ស៊ី ឬ​អាច​ស៊ី​ឬ​ស​របស់​ដំណាំ​ផងដែរ ។ វា​អាចធ្វើ​ឲ្យ​ខូចខាត​ដំណាំ​ធ្ងន់ធ្ងរ ក្នុងដំណាក់កាល ដំណាំ​នៅ​ខ្ចី ។ ដង្កូវ​កាត់​ដើម​ជាទូទៅ​លំបាក​ក្នុងការ​កម្ចាត់​ណាស់ ព្រោះ​នៅពេល​ស្នាម​ស៊ី​បំផ្លាញ លេខ​ឡើង ការបំផ្លាញ​អាច​នឹងមាន​ភាព​ធ្ងន់ធ្ងរ​រួចទៅហើយ ។​
​រូបភាព ៥៩

៣. វិធានការ​គ្រប់គ្រង និង​កម្ចាត់​
​ក​. វិធានការ​បង្ការ និង​អនាម័យ​

- បើ​អាច​ធ្វើបាន​គួរ​ជៀសវាង​ការដាំ​ដំណាំ​នៅ​ចំ​ការដែល​ធ្លាប់​រង​ការបំផ្លាញ​ពី​ដង្កូវ​កាត់​ដើម ។​
- ត្រូវ​សំអាត​ស្មៅ​ក្នុង​ចំការ និង​តំបន់​ជុំវិញ​ឲ្យ​បាន​ស្អាត យ៉ាងហោចណាស់ ២-៣ សប្ដាហ៍ មុនពេល​ដាំ​ដំណាំ ដើម្បី​កាត់បន្ថយ​ការកកើត​នៃ​ដង្កូវ​កាត់​ដើម ដែល​វា​អាច​នឹង​ឆ្លងទៅ​បំផ្លាញ​ដំណាំ ដែល​ទើប​ដាំ ព្រោះ​វា​ជា​ជម្រក​របស់​ដង្កូវ​កាត់​ដើម ជា​ចំណី​របស់​ដង្កូវ​នៅ​ដំណាក់កាល​ទី​១ ហើយ​សត្វ​ពេញវ័យ​អាច​ពង​ដាក់​នៅក្នុង​ស្មៅ​ទាំងនោះ ។​
- ត្រូវ​ភ្ជួរ​ត្រឡប់​ហាល​ដី​ឲ្យ​ស្ងួត​ល្អ​មុន​នឹងធ្វើ​ការដាំដុះ ធ្វើ​ឲ្យ​ពង ដង្កូវ និង​ដឹកដឿ ត្រឡប់មក​ខាង លើដី​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ ឬ​ជួបនឹង​ពពួកសត្វ​រំពា​ដូចជា​បក្សី ស្រមោច ជាដើម ។​
- អាស្រ័យ​ទៅតាម​មុខ​ដំណាំ យើង​អាច​បញ្ចូល​ទឹក​ពន្លិច​ចំការ​ដែលមាន​ដង្កូវ​កាត់​ដើម​ច្រើន ដើម្បី សំលាប់​វា ឬ​បញ្ចូល​ទឹក​មុនពេល​រៀបចំ​ដី​សម្រាប់​ដាំ​ដំណាំ​ថ្មី​មួយទៀត ។​
- អាច​ជីក​ចង្អូរ​ជំរៅ ២០ ស​.​ម មាត់​លើ ៣០ ស​.​ម ព័ទ្ធជុំវិញ​ចំការ​ដំណាំ រួច​រោយ​ផេះ ឬ​កន្ទក់ នៅ​បាត​រណ្ដៅ ។​
- ត្រូវ​ប្រើ​វិធី '' រំងាប់​មេរោគ​ដី '' ដើម្បី​សំលាប់​ដឹកដឿ និង​មេរោគ​ផ្សេងៗ ទៀត​ដែលមាន​នៅក្នុង​ដី មុនពេល​ដាំ​ដុះ​ដោយ​យក​បន្ទះ​ប្លា​ស្ទីក​គ្រប​លើ​រង​ដាំ​ដំណាំ ។ វិធី​នេះ​ជាការ​បង្ហប់​ដោយ​កំដៅថ្ងៃ ទុក​រយៈពេល​ប្រហែល​១​សប្ដាហ៍​ទើប​យកចេញ ។
- ត្រូវ​ជ្រើសរើស​ប្រើ​ពូជ​ដំណាំ​ដែលមាន​លក្ខណៈ​ធន់​ទ្រាំ​នឹង​កា​រាតត្បាត ។​
- ត្រូវ​ចុះ​ពិនិត្យ​ចំការ​ជាប្រចាំ​ដើម្បី​តាមដាន​វត្តមាន​សមាស​ភាព​ចង្រៃ​បំផ្លាញ​ដំណាំ ។​
- អាច​ប្រើ​អន្ទាក់​ភ្លើង​ទាក់​យក​មេអំបៅ​នៅពេល​យប់ ដោយ​ដាក់​នៅ​ឃ្លាត​ពី​ចំការ​ដំណាំ ។
- អាច​ប្រើ​អន្ទាក់​ស្អិត​ពណ៌​លឿង ឬ​អន្ទាក់​ជូ​-​ផ្អែម ប្រមូល​មេអំបៅ​ពេញវ័យ កាត់បន្ថយ​ការ​ជម្រុះ ពង និង​ការកកើត​ដង្កូវ ។​
- ត្រូវ​គ្រប់គ្រង​ថែរក្សា សត្រូវ​ធម្មជាតិ​របស់​ដង្កូវ​កាត់​ដើម ដែល​តែងតែមាន​វត្តមាន​ក្នុង​ច្បារ​បន្លែ ដោយ​មិន​ធ្វើការ​បាញ់ថ្នាំ​កសិកម្ម​ក្នុងស្ថានភាព​មិនចាំបាច់ ។ បណ្ដា​សត្រូវ​ធម្មជាតិ​ទាំងនោះ​មាន​:
+ ពួក​សត្វរំពា​: Carabidae (ground beetles), Chrysopa sp., Herpetogramma licarsisalis, Abacidus permundus និង Chrysoperla carnea ។​
+ ពួក​ប៉ា​រ៉ាស៊ី​: Braconidae, Cotesia ruficrus, Cotesia sp., Trichogramma, Lespesia archippivora, ណេ​ម៉ា​តូ​ត Hexamermis និង Steinernema bibionis ។​
+ ពួក​បង្ក​រោគ​: វីរុស Granulis virus និង Nucleo polyhedrosis virus ។​

​ខ​. វិធានការ​កម្ចាត់​
- គួរ​អនុវត្ត​ការ​កម្ចាត់​ដោយ​ដៃ​ប្រមូល​យកទៅ​កំទេចចោល​នូវ ពង និង ដង្កូវ ក្នុងករណី​ចំការ​មាន ទំហំ​តូច ។​
- អាច​ប្រើ​ជំរក​ធ្វើ​ពី​បន្ទះក្ដា ឬ​បន្ទះ​ក្រដាស​ដាក់​នៅក្នុង​ចំការ​នៅពេល​ថ្ងៃ ដែល​វា​ស្វែងរក​កន្លែង លាក់ខ្លួន វា​នឹង​ចូល​ជ្រក​ក្រោម​បន្ទះ​ទាំងនោះ ហើយ​យើង​អាច​ចាប់​វា​បាន​ដោយ​ងាយ ។​
- អាច​ប្រើ​អន្ទាក់​ស្អិត​ដាក់​រាយ​នៅក្បែរៗ​គល់​ដំណាំ​នីមួយៗ ។ ពេល​ដង្កូវ​ចេញមក​ស៊ី​បំផ្លាញ​ដំណាំ វា​នឹង​ប៉ះ​ជាមួយ​អន្ទាក់​ស្អិត​ហើយ​ជាប់​នៅ​ទីនោះ ។​
- អាច​ប្រើ​នុយ​ដោយ​លាបថ្នាំ​កសិកម្ម​ជាមួយ​កន្ទក់​សើមៗ ឬ​ស្លឹក​ស្ពៃក្ដោប ។
- គួរប្រើ​ថ្នាំ​ជីវសាស្ត្រ Bacillus thuringienis (Bt) ក្នុងការ​កម្ចាត់​ដង្កូវ​កាត់​ដើម ។​
- ក្នុងករណី​ដែល​អាច​រកបាន​គួរប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ ។​
- ក្នុងករណី​ចាំបាច់ ដែល​មិនអាច​ដោះស្រាយ​តាម​វិធី​ផ្សេង នោះ​ជម្រើស​ចុងក្រោយ​បំផុត​យើង អាច​ប្រើ​វិធានការ​គីមី​ដោយ​បាច​ថ្នាំ​មុនពេល​ដាំ និង​បាញ់ថ្នាំ​ពេល​ព្រលប់ មុនពេល​ដង្កូវ​ចេញ​បំផ្លាញ ។ ប្រភេទ​ថ្នាំ​ដែល​អាច​ប្រើ​គឺ​: Fipronil, Diafenthiuron, Methomy1, Chlorpyriphos 20 EC, Diazinon 20 EC, Malathion 5% dust, Cypermethrin និង Carbary1 ប៉ុន្តែ​ត្រូវ អាន​ស្លាក​សញ្ញា​ណែនាំ​ប្រើប្រាស់​ឲ្យ​បានច្បាស់លាស់ និង​អនុវត្តតាម​វិធីសាស្ត្រ​ត្រឹមត្រូវ ៤ យ៉ាង មុននឹង​ប្រើប្រាស់​ថ្នាំ​កសិកម្ម ៕ ប្រភពៈ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិមកម្ម



ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ