Ads1111
Rhb02
មាតិកាៈ កសិកម្ម

ដង្កូវ​ស៊ី​បណ្ដូល​ស្ពៃក្ដោប​

​ដោយ ៖ ថ្ងៃទី 20 មីនា 2017 ម៉ោង 02:43:PM

​គេ​អាច​ហៅថា​ដង្កូវ​នេះ​ថា ដង្កូវ​ស៊ី​បណ្ដូល ឬ​ដង្កូវ​ស៊ី​ក្ដោប ឬ​ដង្កូវ​ត្បាញ​ស្លឹក​ស្ពៃក្ដោប ។ ដង្កូវ​នេះ​ស៊ី​បំផ្លាញ​លើ​ដំណាំ​អំបូរ​ស្ពៃ ខាត់ណា កប្បាស ពពួក​សណ្ដែក និង​ដំណាំ​បន្លែ​មួយចំនួន ទៀត ។​

១. លក្ខណៈ​រូបសាស្ត្រ និង​ជីវសាស្ត្រ​
​មេអំបៅ​ពេញវ័យ មាន​សកម្មភាព​ខ្លាំងក្លា​តែ​នៅពេល​ព្រឹក និង​ពេលយប់ វា​មាន​ទ្រូង​ពណ៌​ខ្មៅ និង​មាន​ពោះ​ពណ៌​ក្រហម​ត្នោត (​រូបភាព ១០ និង ១១) ។​

​រូបភាពទី១០

រូបភាពទី១១


មេអំបៅ​ញី​ពេញវ័យ​អាច​រស់​នៅបាន​រហូតដល់ ៣០​ថ្ងៃ និង​អាច​ពង​បាន​រហូតដល់ ១០ សំបុក ដែល​គិត​ជា​មធ្យម​ស្មើនឹង ៣៥០​ពង ។ វា​ពង​ជា​សំបុកៗ​ដែល​មួយៗ​អាចមាន​រហូតដល់ ១០០​ពង តំរៀប​គ្នា​រាបស្មើ និង​មាន​របៀប​គង​គ្នា​ដូច​ដំបូល​ក្បឿង​នៅ​ពីលើ​ស្លឹក (​រូបភាព ១២) ។ សំបុក​ពង របស់​វា​មាន​ពណ៌​បៃតងខ្ចី ។ និង​ជាធ​ម្មា​ត្រូវបាន​ពង​ដាក់​ក្បែរ​គល់​ស្លឹក ។ ដង្កូវ​ញាស់​ក្នុង​រយៈពេល ប្រហែល ៤​ថ្ងៃ ហើយ​ដំណាក់កាល​ដង្កូវ​មាន​រយៈពេល​ប្រហែល​១២​ថ្ងៃ (​រូបភាព ១៣) ។​
រូបភាពទី១២

រូបភាពទី១៣

ដង្កូវ​ស៊ី​បណ្ដូល​ស្ពៃក្ដោប​មាន​រោម​តូចៗ​វា​មាន​ប្រវែង​ពី ១៦-១៩ ម​.​ម នៅ​ដំណាក់កាល​អាយុកាល ទី​៥ ក្បាល​របស់​ដង្កូវ​ពណ៌​ទឹកក្រូច មាន​ពណ៌​លឿង​ដូច​ក្រែ​ម​នៅ​ខាងក្រោម មាន​ខ្នង​ពណ៌​បៃតង និង​មាន​ឆ្នូត​ពណ៌​ស​នៅតាម​បណ្ដោយ​ខ្នង ពួកវា​មាន​ភាពងាយស្រួល​ក្នុងការ​សំគាល់​ដោយសារ​ឆ្នូត ពណ៌​លឿង​-​ស ដាច់ដោយឡែក​ពី​គេ​មាន​ឆ្នូត​បី​នៅ​ខាង​ខ្នង និង​ពីរ​ទៀត​នៅ​ផ្នែក​ចំហៀង (​រូបភាព ១៤) ។
រូបភាពទី១៤

ស្នាម​ឆ្នូត​នេះ​លេចឡើង​តែ នៅពេល​ជិត​ឈាន ដល់​ដំណាក់កាល​ដឹកដឿ​ប៉ុណ្ណោះ ។ នៅ​ផ្នែក​ចំហៀង នៃ​ខ្លួន​របស់​វា​មាន​ពណ៌​ត្នោត និង​លាយឡំ​ទៅដោយ​ចំណុច​ពណ៌​ខ្មៅ​ជាច្រើន ។ មាន​ដង្កូវ​រហូតដល់ ៥០ ក្បាល ត្រូវបាន​គេ​រកឃើញ​ប្រមូលផ្ដុំ​គ្នា​ជា​ក្រុម នៅក្នុង​សំបុក​សូត្រ​នៅលើ ដើម​ស្ពៃក្ដោប​តែមួយ ។

​ដង្កូវ​ត្បុល​ចូលទៅក្នុង​ដី​នៅក្បែរៗ​គល់​ដំណាំ​ជា​ជម្រក ដើម្បី​សម្ងំ​នៅក្នុង​ដំណាក់កាល​ដឹកដឿ (​រូបភាព ១៥) ។
រូបភាពទី១៥

ពួកវា​ត្បាញ​សំបុក​សូត្រ​ដែល​គ្រប​នៅ​ពីក្រោម​កំទេចកំទី​ផ្សេងៗ​ដែល​អាច​រកបាន ជាធម្មតា​នៅក្រោម​ដី​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុងការ​ស្វែងរក​ដឹកដឿ ។ វដ្ដ​ជីវិត​របស់ ដង្កូវ​មាន​ប្រហែលជា ២៨ ថ្ងៃ អាស្រ័យ លើ​សីតុណ្ហភាព និង​សំណើម ។ ពួកវា​ស្ទើរតែ​មិនត្រូវ​បាន គេ​រកឃើញ នៅក្នុង​តំបន់​ខ្ពង់រាប​ក្ដៅ​សើម ត្រូពិច ។ ពួកវា​ជា​សត្វល្អិត​ចង្រៃ​ដែល​បង្កបញ្ហា​ធ្ងន់ធ្ងរ នៅ​រដូវប្រាំង ព្រោះ​រដូវវស្សា​ទឹកភ្លៀង​អាចធ្វើ​ឲ្យ​ដង្កូវ​លង់​ងាប់ ។​

២. លក្ខណៈ​នៃ​ការបំផ្លាញ​
​ដង្កូវ​ជាច្រើន​បាន​ប្រមូល​ផ្ដុំគ្នា​ស៊ី​បំផ្លាញ​លើ​ដំណាំ​តែមួយ ។ នៅ​រយៈពេល ៤-៥ ថ្ងៃ ដំបូង​បន្ទាប់ពី ញាស់​ដង្កូវ​តូចៗ ស៊ី​បំផ្លាញ​នៅ​ផ្នែក​ខាងក្រោម​របស់​ស្លឹក តែ​មិន​ស៊ី​ធ្លុះ​ដល់​ផ្នែក​ខាងលើ​របស់​ស្លឹក ដែល​ធ្វើ​ឲ្យ​នៅលើ​ស្លឹក​មាន​ស្នាម​បំផ្លាញ​រាង​ដូច​បង្អួច (​រូបភាព ១៦) ។ បន្ទាប់មក​ពួកវា​ផ្លាស់​មក​ស៊ី នៅត្រង់ចំណុច​លូតលាស់​ផ្នែក​កណ្ដាល​របស់​ដំណាំ ។​
​រូបភាពទី១៦

ចំពោះ​ស្ពៃក្ដោប វា​ចោះ​ចូលទៅ​ស៊ី​នៅ​ផ្នែក​កណ្ដាល​របស់​ក្ដោប ។ នៅ​ទី​ចំហ ហ្វូង​របស់​ដង្កូវ​លាក់ ខ្លួន នៅ​ពីក្រោម​សំណាញ​សូត្រ​និង​រោម​ទន់ៗ ។ ការបំផ្លាញ​របស់​ដង្កូវ​នេះ​បណ្ដាល​ឲ្យ​ដំណាំ​មានការ ខូចខាត​ទាំងស្រុង បណ្ដាល​ឲ្យ​បាត់បង់​ក្ដោប (​រូបភាព​ទី ១៧) ឬ​មាន​ក្ដោប​តូចៗ (​រូបភាព ១៨) ។ ដង្កូវ​មាន​ភាព​សកម្មក​ក្នុងការ​បំលាស់​ទីណា​ស់ ហើយ​អាច​វារ​បាន​រហូតដល់​ចម្ងាយ ២ ម៉ែត្រ ឬ​ច្រើនជាង​នេះ​យ៉ាង​ងាយស្រួល ដើម្បី​ទៅកាន់​រុក្ខជាតិ​ជម្រក​ដែល​វា​ចូលចិត្ត ។ នៅពេល​ដង្កូវ​ចាប់ ផ្ដើម​ស៊ី​រូង​ទៅក្នុង​ក្ដោប​របស់​ស្ពៃ ពួកវា​ត្រូវបាន​ការពារ​មិន​ឲ្យ​ប៉ះពាល់​ជាមួយនឹង​ថ្នាំ​សំលាប់សត្វ ល្អិត និង​ភ្នាក់ងារ​ជីវសាស្ត្រ​ផ្សេងៗ ។​
រូបភាពទី១៧

រូបភាពទី១៨

៣. វិធានការ​គ្រប់គ្រង និង​កម្ចាត់​
​ក​. វិធានការ​បង្ការ និង​អនាម័យ​

- ត្រូវធ្វើ​ការសំអាត​សំណល់​ដំណាំ ភ្ជួរ​ត្រឡប់​ហាល​ដី​បន្ទាប់ពី​ប្រមូល​ផល និង​មុន​ពេលធ្វើ​ការដាំដុះ ធ្វើ​ឲ្យ​ដឹកដឿ​ត្រឡប់មក​ខាង​លើដី​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ ឬ​ជួបនឹង​ពពួកសត្វ​រំពា​ដូចជា​បក្សី ស្រមោច​ជាដើម អាច​កាត់បន្ថយ​បរិមាណ​ប្រជាករ​សត្វល្អិត​ចង្រៃ ។ ក្នុងដំណាក់កាល​ដាំ​ដុះ ការប្រមូល​ផល​ចេញ​នូវ ដំណាំ​ដែល​រង​ការបំផ្លាញ​ចោល គឺជា​មធ្យោបាយ​កម្ចាត់​ដ៏​មាន​ប្រសិទ្ធភាព ។​

- ត្រូវ​ប្រើ​វិធី ''​រំងាប់​មេរោគ​ដី​'' ដើម្បី​សំលាប់​ដឹកដឿ និង​មេរោគ​ផ្សេងៗ​ទៀត​ដែលមាន​នៅក្នុង​ដី មុនពេល​ដាំ​ដុះ​ដោយ​យក​បន្ទះ​ប្លា​ស្ទីក​គ្រប់​លើ​រង​ដាំ​ដំណាំ ។ វិធី​នេះ​ជាការ​បង្ហប់​ដោយ​កំដៅថ្ងៃ ទុក​រយៈពេល​ប្រហែល​១​សប្ដាហ៍​ទើប​យកចេញ ។​

- ត្រូវ​ជ្រើសរើស​ប្រើ​ពូជ​ដំណាំ​ដែលមាន​លក្ខណៈ​ធន់​ទ្រាំ​នឹង​សត្វល្អិត​ចង្រៃ​ប្រភេទ​នេះ ។​

- ត្រូវ​កំណត់​ពេលវេលា​ដាំ​ដុះ​ឲ្យ​បាន​សមស្រប ដោយហេតុថា​ការដាំ​ដំណាំ​នៅ​រដូវភ្លៀង​ពុំ​សូវ​រង ការបំផ្លាញ​ទេ (​ព្រោះ​រដូវវស្សា​ទឹកភ្លៀង​អាចធ្វើ​ឲ្យ​ដង្កូវ​លង់​ងាប់​) ។ ប៉ុន្តែ​ចំពោះ​ដំណាំ​ស្ពៃ​ក​ក្ដោប អាចមាន​ជំងឺ​ច្រើន​នៅ​រដូវភ្លៀង​ធ្លាក់ ។​

- ត្រូវ​ចុះ​ពិនិត្យ​បន្លែ​ក្នុងការ​ជាប្រចាំ​ដើម្បី​តាមដាន​រក​វត្តមាន​សមាសភាព​ចង្រៃ​បំផ្លាញ​ដំណាំ ។​

- ត្រូវ​គ្រប់គ្រង​ថែរក្សា​សត្រូវ​ធម្មជាតិ​របស់​ដ​ង្កូ​វ​ស៊ី​បណ្ដូល​ស្ពៃក្ដោប ដែល​តែងតែមាន​វត្តមាន​ក្នុង ច្បារ​បន្លែ​ដោយ​មិន​ធ្វើការ​បាញ់ថ្នាំ​កសិកម្ម​ក្នុងស្ថានភាព​មិនចាំបាច់ ។ បណ្ដា​សត្រូវ​ធម្មជាតិ​ទាំង នោះ​មានៈ​

- ពួក​សត្វរំពា​: Eocanthecona furcellata , Brinckochrysa scelestes ។​
- ពួក​ប៉ារ៉ាស៊ីត​: Apanteles sp., Diplazon orientalis , Tachinidae ), Enicospilus xanthocephalus, Palexorista inconspicuoides និង Palexorista solennis ។​

- គួរប្រើ​អន្ទាក់​ស្អិត​ពណ៌​លឿង ឬ​អន្ទាក់​ជូ​-​ផ្អែម ដើម្បី​កម្ចាត់​មេអំបៅ​ពេញវ័យ ដែល​អាច​កាត់បន្ថយ​ការបន្ត​ពូជ និង​ការកកើត​ដង្កូវ ។​
- គួរប្រើ​ដំណាំ​អន្ទាក់​: ដាំ​ស្ពៃខៀវ ១​ជួរ ចន្លោះ​រង​នៃ​ដំណាំ​ចំបង​របស់​យើង ៤-៥ ជួរ ។ ស្ពៃខៀវ​អាច​ទាក់ទាញ​យ៉ាងខ្លាំង​ចំពោះ​មេ​ពេញវ័យ និង​ដង្កូវ​ស៊ី​បណ្ដូល​ស្ពៃក្ដោប ។ នៅពេលដែល មានការ​បំផ្លាញ​ខ្លាំង​ត្រូវ​ដក​ដំណាំ​អន្ទាក់​យកទៅ​បំផ្លាញចោល បើ​មិន​ដូច្នោះ​ទេ​សត្វល្អិត​ចង្រៃ​នឹង បំលាស់​ទី​ទៅ​បំផ្លាញ​ដំណាំ​ចំបងៗ​របស់​យើង​ទៀត ។​

​ខ​. វិធានការ​កម្ចាត់​
- គួរ​ចាប់​ដោយ​ដៃ​នូវ​ពង និង​ដង្កូវ ក្នុងករណី​ដែលមាន​ផ្ទៃដី​ចំការ​តូចៗ ។ គេ​អាច​ចាប់​យកមក​ញេច ចោល ឬ​ចាប់​ដាក់​ធុង​ដែលមាន​ទឹកសាប៊ូ​ឲ្យ​វាល​ង់​ងាប់ ។​
- នៅក្នុង​តំបន់​ដែលមាន​ប្រជាករ​ដង្កូវ​ខ្ពស់ នឹង​បង្ក​ការ​រាតត្បាត នោះ​ការបាញ់​ថ្នាំ Bacillus thuringiensis (Bt) ឲ្យ​ទៀងទាត់ គឺជា​ជម្រើស​មួយ​ដ៏​សមស្រប ។ ប៉ុន្តែ​នៅពេល​ដង្កូវ​ស្ថិតនៅ​ខាង ក្នុង​ក្ដោប​របស់​ស្ពៃ​ថ្នាំ Bt ឬ​ថ្នាំ​កសិកម្ម​ផ្សេងៗ​ទៀត​ពុំមាន​ប្រសិទ្ធិភាព​ទេ ។​
- គួរប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​ដែល​អាច​រកបាន​នៅក្នុង​មូលដ្ឋាន ។​
- ករណី​ចាំបាច់​ដែល​មិនអាច​ដោះស្រាយ​តាម​វិធី​ផ្សេង​នោះ ជម្រើស​ចុងក្រោយ​បំផុត​យើង​អាច​ប្រើ ថ្នាំ​កសិកម្ម​ដូចជា​: Methomyl, Diafenthiuron, Abamectin ប៉ុន្តែ​ត្រូវ​អាន​ស្លាក​សញ្ញា​ណែនាំ ប្រើប្រាស់​ឲ្យ​បានច្បាស់លាស់ និង​អនុវត្តតាម​វិធីសាស្ត្រ​ត្រឹមត្រូវ​៤​យ៉ាង  មុននឹង​ប្រើ ប្រាស់​ថ្នាំ​កសិកម្ម ។

ការបាញ់​ថ្នាំ​ទៅលើ​តែ​កន្លែង​ដែលមាន​វត្តមាន​ដង្កូវ គឺជា​វិធានការ​កម្ចាត់​ដ៏​មាន ប្រសិទ្ធិភាព ។ ចំពោះ​ដំណាំ​ស្ពៃក្ដោប នៅពេលដែល​ឈានចូល​ដល់​ដំណាក់កាល​បង្កើត​ក្ដោប​មាន ការលំបាក​ណាស់​ក្នុង​ករ​កម្ចាត់​ដង្កូវ ៕ ប្រភពៈ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិមកម្ម



ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

កសិកម្ម ផ្សេងទៀត

របៀប​ភ្ញាស់កូនទា​តាមបែប​ធម្មជាតិ​នៅ​ខេត្តព្រៃវែង​ ថ្ងៃទី 30 មីនា 2017 ម៉ោង 09:27:AM

ទៀក​គូ ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM

ចៃ​ ថ្ងៃទី 23 មីនា 2017 ម៉ោង 03:32:PM

វិធី​ចិញ្ចឹម​ត្រី​ក្រាញ់​ក្នុង​ស្រះ​ប្លា​ស្ទិ​ច​ ថ្ងៃទី 20 មីនា 2017 ម៉ោង 03:25:PM

ដង្កូវ​ស៊ី​បណ្ដូល​ស្ពៃក្ដោប​ ថ្ងៃទី 20 មីនា 2017 ម៉ោង 02:43:PM