Leicester City សង្ឃឹមថា នឹង​អាច​ផ្ទេរ​ខ្សែប្រយុទ្ធ​មួយរូប​របស់​ស៊ី​ធី​

1127
ចែករម្លែក

​ក្លឹប Leicester កំពុងតែ​បោះជំហាន​កាន់តែ​ខិត​ទៅរក​ការសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ខេ​ឡេ​ឈី អ៊ី​ហ៊ាន​ណា​ចូ (Kelechi Iheanacho) ពី​ក្លឹប​ម៉េ​ន ឆេ​ស្ទ័​រ ស៊ី​ធី​ក្នុងតម្លៃ​២៥​លាន​ផោន ប៉ុន្តែ​នៅ​ត្រូវការ​ពេលវេលា​ពីរ​បី​សប្តាហ៍​ទៀត ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​នេះ​។​
​ ​
​លោក ក្រិ​ក សេក​ស្ពៀ (Craig Shakespeare) ត្រៀម​បន្ថែម​កម្លាំង​ប្រយុទ្ធ​របស់លោក ហើយ​ចង់​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​មុនពេល​ក្រុម​របស់លោក​ធ្វើដំណើរ​ទៅ​ទីក្រុង​ហុងកុង​សម្រាប់​ការប្រកួត​ដណ្តើមពាន Premier League Asia Trophy ។​
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ចង់​លក់​កីឡាករ អ៊ី​ហ៊ាន​ណា​ចូ ខណៈពេល​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) រុះរើ​ក្រុម​របស់លោក ហើយ​កីឡាករ​សញ្ជាតិ​នី​ហ្សេ រី​យ៉ា​រូបនេះ​ចង់​ផ្ទេរ​ទៅលេង​នៅ​ពហុកីឡាដ្ឋាន King Power Stadium ។​
​ ​
​បច្ចុប្បន្ន ខ្សែប្រយុទ្ធ​រូបនេះ​កំពុង​សម្រាកលំហែ ខណៈពេល​កំពុងមាន​ប​ញ្ហា​ជាមួយ​ភ្នាក់ងារ​ផងដែរ ប៉ុន្តែ​ក្រុម Leicester ស្ថិតក្នុង​ទីតាំង​រឹងមាំ​មួយ​សម្រាប់​ផ្ទេរ​កីឡាករ​រូបនេះ​។​
​ ​
​លោក សេក​ស្ពៀ បាន​ទិញ​ចូល​កីឡាករ ហ៊ែ​រី ម៉ា​ហ្គី (Harry Maguire) និង កីឡាករ វី​សិន​តេ អ៊ី​បូរ៉ា (Vicente Ibora) ក្នុងតម្លៃ​សរុប​២៩​លាន​ផោន​នៅ​រដូវក្តៅ នេះ ហើយ​កំពុង​ស្វែងរក​ទិញ​កីឡាករ​បន្ថែមទៀត​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា អ៊ី​ហ៊ាន​ណា​ចូ រកបាន​២១​គ្រាប់​ក្នុង​៦៤​ប្រកួត ចាប់តាំងពី​បង្ហាញមុខ​លើកដំបូង​ជាមួយ​ក្រុម​ឈុត​ធំ​របស់​ស៊ី​ធី​កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​ចាប់ផ្តើម​បាត់បង់​ឱកាស​ចាប់តាំងពី​ការមកដល់​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល ហ្គា​ប្រ៊ី​ល ជេ​ស៊ូ​ស​។​
​ ​
​លោក សេក​ស្ពៀ ជឿថា អ៊ី​ហ៊ាន​ណា​ចូ នឹង​បន្ថែម​អ្វីដែល​ថ្មី​ទៅក្នុង​តំបន់​ប្រយុទ្ធ​របស់លោក ប៉ុន្តែ​ក៏មាន​បំណង​ពិនិត្យមើល​សំណើសុំ​ផ្ទេរ​កីឡាករ អ៊ីស្លាម ស្លី​ម៉ា​នី (Islam Slimani) ដើម្បី​រក្សា​តុល្យភាព​ក្រុម​ផងដែរ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ខេ​ឡេ​ឈី អ៊ី​ហ៊ាន​ណា​ចូ (Kelechi Iheanacho) ​