Liverpool និង Man City ឈ្នះ​ក្នុង​ការប្រកួត Champions League ខណៈ Spurs ទប់​ស្មើ​នៅ​ទឹកដី Real Madrid

302

Liverpool បាន​ដក​សម្ពាធ​ចេញពី​លោក ជួ​ហ្គិ​ន ក្លប់ ខណៈដែល​កីឡាករ រ៉ូ​បឺ​តូ ហ្វើ​មី​ណូ និង មហាម៉ាត់ សា​ឡាស ជួយ​ក្រុម​ហង្ស​ក្រហម​ផ្តួល Maribor ៧-០ ក្នុងការ​ប្រកួត Champions League កាលពី​ថ្ងៃ​អង្គារ​ទី ១៧ តុលា​។

​បន្ទាប់ពី​ប្រកួត​ស្មើ​២​លើក​ក្នុង​ក្របខណ្ឌ​អឺរ៉ុប និង​ការលេង​មិនសូវ​ល្អ​របស់ខ្លួន​ក្នុង​ក្របខណ្ឌ Premier League មក​នោះ Liverpool បាន​មកដល់​ទឹកដី​ស្លូ​វេ​នី ជាមួយ​ក្រុម​អ្នក​រិះគន់​បាន​ចោទ​ជា​មន្ទិល​អំពី​ការទិញ​កីឡាករ និង យុទ្ធវិធី​នៃ​ការលេង​របស់លោក​ក្លប់​។​

​ប៉ុន្តែ​យប់មិញ​នេះ ក្រុម​របស់លោក​ក្លប់​បានបង្ហាញ​ពី​ភាពខ្លាំង​ឥត​ត្រា​ប្រណី​លើ​គូប្រកួត​របស់ខ្លួន​នៅ​តំបន់​ប៉េ​ណា​ល់​ទី​ដើម្បី​បំបាក់ Maribor យ៉ាង​ចាស់ដៃ​បំផុត​។

​បន្ទាប់ពី​ជ័យជម្នះ​នេះ Liverpool បាន​រំកិល​មក​លេខ ១ ប្រចាំ​ពូ​ល E បន្ទាប់ពី Sevilla ចាញ់ ៥-១ នៅ​ទឹកដី Spartak Moscow​។

​ចំណែក Man City បាន​ស៊ុត​បំប៉ោង​សំណាញ់ Napoli ២ គ្រាប់​ភ្លាមៗ​ក្នុង​រយៈពេល ១៣ នាទី​ដើមតង់ មុនពេល Napoli តាម​បាន ១ គ្រាប់​វិញ​នៅ​តង់​ទី ២ ។ ជ័យជម្នះ​លើ Napoli ២-១ បានធ្វើឱ្យ Man City រក្សា​កំណត់ត្រា​ឈ្នះ ១០០ ភាគរយ​ក្នុង​ពូ​ល F ។

​រីឯ​ក្លិប​អង់គ្លេស​មួយទៀត​គឺ Tottenham បាន​ប្រកួត​ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ Real Madrid ដោយ​រក្សា​ក្រុម​ទាំងពីរ​នៅលើ​កំពូល​តារាង​ដូចគ្នា​នៅក្នុង​ពូ​ល H បន្ទាប់ពី​ឈ្នះ ២ ស្មើ ១ ដូចគ្នា​។​

​លទ្ធផល​ប្រកួត Champions League យប់​ថ្ងៃ​អង្គារ ៖

​ពូ​ល E
NK Maribor 0-7 Liverpool
Spartak Moscow 5-1 Sevilla

​ពូ​ល F
Feyenoord 1-2 Shakhtar Donetsk
Manchester City 2-1 Napoli

​ពូ​ល G
Monaco 1-2 Besiktas
RB Leipzig 3-2 FC Porto

​ពូ​ល H
Apoel Nicosia 1-1 Borussia Dortmund
Real Madrid 1-1 Tottenham Hotspur៕

ដោយ៖ កញ្ញាដាលីស

Liverpool បំបាក់​ម្ចាស់ផ្ទះ Maribor ៧-០