Liverpool បញ្ជាក់​អំពី​កិច្ចព្រមព្រៀង​កំណត់ត្រា​សម្រាប់​ខ្សែបម្រើ ឃី​តា របស់​ក្រុម Leipzig

1074
ចែករម្លែក

​ក្រុម​ហង្ស​ក្រហម Liverpool បាន​បញ្ជាក់ថា ពួកគេ​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​កំណត់ត្រា​របស់​ក្លិប ជាមួយ​ក្រុម​អាល្លឺម៉ង់ RB Leipzig សម្រាប់​ផ្ទេរ​យក​កីឡាករ​ខ្សែបម្រើ ណា​ប៊ី ឃី​តា (Naby Keita) ដែល​នឹង​ផ្ទេរ​មក​ទឹកដី Anfield នៅ​ដើមរដូវ​កាល​ក្រោយ​។

​កីឡាករ​អន្តរជាតិ​ហ្គី​ណេ អាយុ ២២ ឆ្នាំ​រូបនេះ ត្រូវបាន​កំណត់​ជា​គោលដៅ​ទិញ​ជា​អាទិភាព​ដោយ​អ្នកចាត់ការ​ទូទៅ​ហង្ស​ក្រហម លោក ជួរ​ហ្គិ​ន ក្លប់ ប៉ុន្តែ Leipzig ដែល​លេង​ក្នុង​ក្របខណ្ឌ Champions League រដូវ​កាល​នេះ ពុំមាន​បំណង​ឱ្យ​កីឡាករ​រូបនេះ​ចាកចេញ​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​បច្ចុប្បន្ន​ទេ​។​

​ឃី​តា មានតម្លៃ​ខ្លួន ៤៨ លាន​ផោន (​ជាង ៦២ លាន​ដុល្លារ​) ក្នុង​កិច្ចសន្យា​នៅ Leipzig ដែល​នឹង​ចូល​ជាធរ​មាននៅ​រដូវ​កាល​ក្រោយ ហើយ Liverpool យល់ព្រម​បង់ប្រាក់​ជាមុន​ដោយ​មិន​បញ្ចេញ​ឱ្យដឹង លើ​ចំនួន​ទឹកប្រាក់​កុងត្រា​នេះ ដើម្បី​ធានា​ទទួលបាន​កីឡាករ​រូបនេះ​ជាមុន​។​

​ឃី​តា​បាន​ប្រាប់​ទៅ​វេ​ប​សាយ​របស់ Liverpool ថា “​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់ ដែល​កិច្ចព្រមព្រៀង​បាន​ឈានដល់​ការសម្រេច ដែល​នឹង​អនុញ្ញាតឱ្យ​ខ្ញុំ​ចូលរួម​ជាមួយ​ក្រុមបាល់ទាត់ Liverpool រដូវក្តៅ​ក្រោយ នៅពេល​ខ្ញុំ​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​គម្រោង ដែល​ធ្វើឱ្យ​ខ្ញុំ​រំភើបចិត្ត​ជាខ្លាំង​”​។

​កីឡាករ​ហ្គី​ណេ ដែល​ស៊ុត​ចូល ៨ គ្រាប់​ក្នុងការ​បង្ហាញ​វត្តមាន ៣១ ប្រកួត​នៅ​ក្របខណ្ឌ Bundesliga សម្រាប់ Leipzig រដូវ​កាល​មុន និង​ជួយ​ពួកគេ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ ២ បាន​បន្ថែមថា គាត់​នឹង​ប្តេជ្ញា​ចំពោះ​ក្លិប​អាល្លឺម៉ង់​នេះ​រហូតដល់​គាត់​ចូលរួម​ជាមួយ Liverpool ជា​ផ្លូវការ​នៅ​ខែកក្កដា ២០១៨៕ ដោយ៖ កញ្ញាដាលីស

ណា​ប៊ី ឃី​តា នឹងចូលរួម​ជាមួយ Liverpool ជា​ផ្លូវការ​នៅ​ខែកក្កដា ២០១៨ ក្នុងតម្លៃ​ខ្លួន​ជាង ៦២ លាន​ដុល្លារ