Liverpool មិនត្រូវ​បាក់​ទឹកចិត្ត​ទេ ប្រសិនបើ​ពួកគេ​ចង់​រក្សា​ការ​ប្រជែង​ពាន Premier League ជាមួយ Man City

981
ចែករម្លែក

​ក្រុម​ហង្ស​ក្រហម Liverpool ត្រូវតែ​លើកកម្ពស់​ស្មារតី​ខ្លួនឯង បន្ទាប់ពី​ត្រូវបាន​បង្ក្រាប​រាប​ដល់​ដី​ពី​សំណាក់​កំពូល​តារាបាល់ទាត់ លី​អូ​នែ​ល ម៉េ​ស​ស៊ី​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រសិនបើ​ពួកគេ​ចង់​ប្រជែង​ដណ្តើមពាន​ក្របខ័ណ្ឌ Premier League ទល់នឹង​ក្រុម​មេឃ​ខៀវ Manchester City ដ៏​ខ្លាំងក្លា រហូតដល់​សប្តាហ៍​ចុងក្រោយ​នៃ​រដូវ​កាល​។​

​កូនក្រុម​របស់លោក​ជួ​ហ្គិ​ន ក្លប់ នឹងត្រូវ​ប្រឈម​តេស្ត​ដ៏​លំបាក​ពេលធ្វើ​ដំណើរ​ទៅសួរសុខទុក្ខ​ក្រុម​សារិកា​ព្រៃ Newcastle នៅ​ថ្ងៃ​សៅរ៍ គឺ​មុន​ពីរ​ថ្ងៃ មុន​ពេលដែល​ក្រុម Man City របស់លោក​ប៉េ​ប ហ្គា​ឌី​អូ​ឡា ទទួលភ្ញៀវ Leicester ខណៈ​ក្រុម​ទាំងពីរ​ទាំងពីរ (Man City និង Liverpool) មាន​ពិន្ទុ​ខុសគ្នា​តែ​១​ប៉ុណ្ណោះ​។​

​នៅ​ពីក្រោម​ពួកគេ គឺ​ក្រុម Tottenham ក្រុម Chelsea ក្រុម Arsenal និង​ក្រុម Manchester United កំពុង​ប្រទាញប្រទង់​គ្នា​ដណ្តើម​កៅអី​ចំនួន​២​ក្នុងចំណោម​តំណែង​កំពូល​ទាំង​៤ ទោះបី​ពួកគេ​កំពុងមាន​ទម្រង់​លេង​ធ្លាក់ចុះ​មិន​ទៀង​ក៏ដោយ​។​

​ហើយ​នៅ​បាត​តារាង​វិញ អនាគត​នៃ​ក្របខ័ណ្ឌ Premier League របស់​ក្លិប Cardiff គឺ​នៅសល់​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ ខណៈដែល​ពួកគេ​ត្រៀម​ស្វាគមន៍​ក្រុម​ភ្ញៀវ​គីឡូ​ធ្ងន់​គួរសម Crystal Palace​។​

​ប្រសិនបើ Liverpool ចាញ់​នៅ​ទឹកដី​របស់ Newcastle ដែល​ដឹកនាំ​ដោយ​អតីត​គ្រូបង្វឹក​ហង្ស​ក្រហម​លោក​រ៉ា​ហ្វា​អែល បេ​នី​តេស នោះ​នឹង​មានន័យថា ហង្ស​ក្រហម​ផ្តល់ឱកាស​ឱ្យ City លើក​ពាន​នៅ​ថ្ងៃ​ចន្ទ​។

​ប៉ុន្តែ​ប្រសិនបើ​ឈ្នះ នោះ Liverpool នឹង​ឈរ​នៅលើ​កំពូល​តារាង ៤៨ ម៉ោង និង​ដាក់​សម្ពាធ​ទៅលើ​ក្រុម​របស់លោក​ប៉េ​ប​ហ្គា​ឌី​អូ​ឡា ដែល​នឹង​ប្រកួត​ជាមួយ Leicester ដែល​កំពុង​ប្រជែង​យក​កៅអី Europa League និង​ទើប​បំបាក់ Arsenal ៣-០ កាលពី​ចុង​សប្តាហ៍​មុន​។

​បន្ទាប់ពី​ចាញ់ Barcelona ៣-០ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ CL ជើង​ទី​១ កាលពី​ថ្ងៃ​ពុធ កីឡាករ​ខ្សែការពារ វើ​ឌ្យី​ល វ៉ាន់ ដែក និយាយថា “​ខ្ញុំ​គិតថា បើតាម​ស្មារតី យើង​ដូចជា​មិន​មានអី​ប៉ះពាល់​នោះទេ​។ ខ្ញុំ​មិន​បាក់​ស្មារតី​អី​ទេ​។ វា​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ ប៉ុន្តែ​យើង​នឹងមាន​ការប្រកួត​ធំ​មួយ​ដែរ​នៅ​ចុង​សប្តាហ៍​នេះ ហើយ​យើង​នៅ​កំពុងស្ថិត​ក្នុងការ​ប្រជែង​ពាន​នៅឡើយ​។ យើង​ចង់បាន​ការប្រកួត​ដ៏​ល្អ​ដូចគ្នានេះ (​ដូច​លេង​ជាមួយ Barcelona) ដោយ​មិនឱ្យ​របូត​គ្រាប់​បាល់​”៕ ដោយ៖ កញ្ញាដាលីស

ក្រុម Liverpool របស់លោក​ក្លប់​ត្រូវ​ឈ្នះ​២​ប្រកួត​ចុងក្រោយ​ដាច់ខាត​ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុម City របស់​ហ្គា​ឌី​អូ​ឡា
#