ការិយាល័យនិពន្ធ 012 813 366, 016 970 962

ជាវកាសែត - ផ្សាយពាណិជ្ជកម្ម - ទំនាក់ទំនង

Ads1111
Rhb02

ការិយាល័យនិពន្ធ 012 813 366, 016 970 962



អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ប្រកាសថា កម្ពុជា​មិនមាន​គុក​ងងឹត​ទេ ហើយក៏​គ្មាន​ការ​គំរាម លោក គឹម សុខ នៅ​ព្រៃ​ស​ឡើយ​

​ដោយ ៖ម៉េងឆៃ ថ្ងៃទី 21 មីនា 2017 ម៉ោង 07:50:AM

(​ភ្នំពេញ​)៖ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស ដោយ​បញ្ជាក់ថា កម្ពុជា​មិនមាន​គុក​ងងឹត​ទេ​ហើយ​នៅ​​ក្នុង​ពន្ធនាគារ​ព្រៃ​ស ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ “​ម​១” ក្នុង​រាជធានី​ភ្នំពេញ ក៏​មិនមាន​ការគំរាមកំហែង​លើ​លោក​គឹម​សុខ ដូច​ការអះអាង​ប្រាប់​ក្រុមអ្នកកាសែត​នោះឡើយ​។​
​    ​
​លិខិត​បំភ្លឺ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ជន​ជាប់ឃុំ ឈ្មោះ គឹម​សុខ បាន​ផ្តាំ​តាម​សារព័ត៌មាន​ថា “​សម្តេចនាយក​រដ្ឋមន្ត្រី​គួរ​ឈប់​បញ្ជូន​​មនុស្ស​ទៅ​លួងលោម និង​បញ្ចុះបញ្ចូល​រូបលោក ឬ​គម្រាម​យក​រូបលោក​ទៅ​ដាក់គុក​ងងឹត បើ​គេ​មិន​ព្រម​ធ្វើលិខិត​សុំទោស​ជា​ថ្នូរ​បាន​​នៅក្រៅ​ឃុំ​”​។​
​    ​
​ក្នុង​លិខិត​បំភ្លឺ ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​សក​ម្ម​ភាព​របស់​​ជន​ជាប់ឃុំ​ឈ្មោះ គឹម​ ​សុខ ដែល​កំពុង​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ពីបទ​“​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​​ជាអាទិ៍​” និង “​បរិហារកេរ្តិ៍​សាធារណៈ​” ហើយ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ( ម​១ )​។​
​    ​
​ក្នុង​សេចក្តីបំភ្លឺ ដែល​ចុះហត្ថលេខា​ដោយ​ឧ​ត្ត​ម​អគ្គានុរក្ស លេខ​១ លោក នុត សវ​នា អគ្គនាយករង​និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​​ពន្ធនាគារ បាន​លើកឡើងថា ជារឿយៗ មណ្ឌល​អប់រំ​កែប្រែ​និង​ពន្ធនាគារ​រាជធានី​/​ខេត្ត នៅ​កម្ពុជា តែង​ត្រូវបានធ្វើ​អធិការកិច្ច​ដោយ​​មិន​ជូនដំណឹង​ជាមុន រួមទាំង​ការធ្វើ​សម្ភាសន៍​ដោយ​សម្ងាត់ ពី​សំណាក់​យន្តការ​ទប់ស្កាត់​ថ្នាក់ជាតិ ដើម្បី​ទប់ស្កាត់​ការធ្វើ​ទារុណកម្ម​សំដៅ​​ត្រួតពិនិត្យ និង​ចាត់វិធានការ​ទប់ស្កាត់​អំពើ​ទារុណកម្ម ឬ​ទណ្ឌកម្ម​ទាំងឡាយណា​ដែល​ត្រូវបាន​ហាមឃាត់​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា ច្បាប់​ស្តីពី​ពន្ធនាគារ ក៏ដូចជា​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម​របស់​អង្គការសហប្រជាជាតិ ដែល​កម្ពុជា​ជា​រដ្ឋ​ហត្ថលេខី នៅពេល​ជនល្មើស ត្រូវបាន​តុលាការ​សម្រេច​ធ្វើការ​ឃុំខ្លួន រង់ចាំ​ការកាត់ទោស​តាមផ្លូវ​ច្បាប់​។ ជាអាទិ៍​ការប្រើ​គុក​ងងឹត​ដើម្បី​ដាក់​ទណ្ឌ​​កម្ម ជា​ទង្វើ​បំពាន​ច្បាប់ និង​គោលការណ៍​សិទ្ធិមនុស្ស​ទាំងស្រុង ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​សហការ​យ៉ាងសកម្ម និង​ឆ្លើយតប​ជា​វិជ្ជមាន​ជាមួយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ដោយ​អនុវត្ត​ឲ្យ​អនុគណៈ​​ក​ម្មា​ធិ​ការប្រឆាំង​ការធ្វើ​ទារុណកម្ម​របស់​អង្គការសហប្រជាជាតិ ( Sub-committee for the Prevention against Torture ) ចុះ​ពិនិត្យ​ដល់​កន្លែង​ដកហូត​សិទ្ធិសេរីភាព និង​សម្ភាសន៍​ដោយ​សម្ងាត់​ជាមួយ​ជន ដែល​ត្រូវបាន​ច្បាប់​ដកហូត​សិទ្ធិសេរីភាព​។​

​លិខិត​បំភ្លឺ​ដដែល លើកឡើងថា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទៀតសោត រួមមាន លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា​ស្មី​ត ( Rhona Smith ) លោកស្រី ផ្លា​វី​យែ​រ ប៉ាន​ស៊ី​រី ( Flavia Pansier ) និង​អ្នកជំនាញការ​សិទ្ធិមនុស្ស​ជាច្រើន​ទៀត​សុទ្ធតែ​បាន​ទៅដល់​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ដើម្បី​ត្រួតពិនិត្យ​ផ្ទាល់ និង​ពុំដែល​រកឃើញថា នៅ​ទីនោះ​មាន​គុក​ងងឹត​ឡើយ​។​
​    ​
​លោក នុត សវ​នា បញ្ជាក់ថា ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្នុង​រយៈពេល​ឃុំឃាំង​កន្លងមកនេះ ឈ្មោះ គឹម សុខ ត្រូវបាន​អនុញ្ញាត​ឲ្យ​ជួប​មេធាវី​ការពារ​ក្តី​របស់ខ្លួន ចំនួន​៣​លើក និង​ក្រុមគ្រួសារ​មក​សួរសុខទុក្ខ​ចំនួន​១​លើក ផងដែរ​។ ក្នុងករណី​មានការ​​គំរាម​ណាមួយ​ពី​សំណាក់​ជន​ជាប់ឃុំ​ដូចគ្នា ឬ​ជនណាម្នាក់ ដែល​ប្រព្រឹត្ត​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​មណ្ឌល​អប់រំ​កែប្រែ ឈ្មោះ គឹម​សុខ គួរ​រាយការណ៍​ផ្ទាល់ ឬ​តាមរយៈ​មេធាវី​ការពារ​ក្តី ឬ​ក្រុមគ្រួសារ​របស់ខ្លួន​ឲ្យ​អ្នកគ្រប់គ្រង និង​មន្ត្រី​បានដឹង​ដើម្បី​រួមគ្នា​រក​​ដំណោះស្រាយ ផ្ទុយទៅវិញ​ឈ្មោះ គឹម​សុខ បែរជា​ឆ្លៀត​បង្កើតជា​វេទិកា​វាយប្រហារ​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​គ្មាន​មូលដ្ឋាន​ទៅវិញ​។ ជាក់ស្តែង អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លើកឡើងថា យោង​កំណត់ហេតុ​បំភ្លឺ​របស់​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ជាមួយ​ឈ្មោះ គឹម សុខ ( មាន​ទាំង​សំឡេង និង​លាយលក្ខណ៍អក្សរ ) ដែល​បានធ្វើ​នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ បែរជា​ឈ្មោះ គឹម សុខ​អះអាង​ខុសពី​​ការពិត​ទាំងស្រុង​នូវ​អ្វី ដែល​ធ្លាប់​អះអាង ក្នុងអំឡុងពេល​ឈ្មោះ គឹម សុខ ត្រូវបាន​មន្ត្រី​ពន្ធនាគារ​បញ្ជូន​ខ្លួន​ឡើង​សវនាការ​នៅ​​សាលាឧទ្ធរណ៍​នោះ​ទៅវិញ​។​

​សូម​រម្លឹកថា លោក​គឹម​សុខ អ្នកវិភាគ​សង្គម​នយោបាយ ត្រូវបាន​ចាប់ឃុំខ្លួន កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់ពី​មេធាវី​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន គឺ​លោក​មេធាវី គី​តិច បាន​ប្តឹង​ក្រោយពី​លោក​គឹម​សុខ បាន​ប្រើប្រាស់​វេទិកា​វិទ្យុ​អាស៊ីសេរី ដោយ​ចោទប្រកាន់ថា រាជរដ្ឋាភិបាល ជា​អ្នករៀបចំ​សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦៕



ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ





Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

សន្តិសុខសង្គម