Man City ត្រឡប់មក​កំពូល​តារាង Premier League វិញ បន្ទាប់ពី​បំបាក់​បិសាច​ក្រហម Man Utd ២-០ ដល់​ទឹកដី Old Trafford

311
ចែករម្លែក

​ក្រុម​មេឃ​ខៀវ Manchester City កំពុង​ខិត​កាន់តែ​កៀក​ក្នុង​ការលើក​ពាន​ក្របខ័ណ្ឌ Premier League មួយ​ផ្សេងទៀត​។ ចំណែកឯ​ក្រុម​បិសាច​ក្រហម Man Utd កាន់តែ​ពុំ​ទំនង​មានលទ្ធភាព​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​។​

​នៅក្នុង​ការប្រកួត​រវាង​ក្រុម​ក្បែរ​ខាង​គ្នា ដែល​គូសបញ្ជាក់​ពី​ការតស៊ូ​ដ៏​ស្វិតស្វាញ​រវាង​គូប្រជែង​ដ៏​ខ្លាំង​ទាំងពីរ​នេះ ក្រុម City បាន​រក្សា​គោលដៅ​នៃ​ការ​ឈ្នះ​ពាន​លី​ក​កំពូល​នៅក្នុង​ដៃ​ខ្លួនឯង​ដោយ​យកឈ្នះ ២-០ តាមរយៈ​គ្រាប់​បាល់​របស់​កីឡាករ​បឺ​ណា​ដូ ស៊ី​ល​វ៉ា និង​កីឡាករ​បម្រុង ឡេ​រ៉​យ សា​ណេ នៅ​ទឹកដី Old Trafford កាលពី​ថ្ងៃ​ពុធ​ទី​២៤​មេសា​។​

​ការទទួល​ជ័យជម្នះ​១១​លើក​ជាប់ៗ​គ្នា​នៅ​ក្របខ័ណ្ឌ​លី​ក​កំពូល​បានធ្វើឱ្យ City ឡើងមក​កំពូល​តារាង​លើ Liverpool មួយ​ពិន្ទុ ជាមួយ​ការប្រកួត​នៅសល់​ចំនួន ៣ ជុំ​ទៀត​នៅ​រដូវ​កាល​នេះ​ក្នុងការ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​អាច​ការពារ​តំណែង​ជើងឯក​របស់ខ្លួន​បាន ចាប់តាំងពី Man Utd ក្នុង​ឆ្នាំ ២០០៩​។​

​ក្រុម Man Utd បាន​រង​បរាជ័យ​៧​ដង​ក្នុង​ការប្រកួត ៩ លើកចុងក្រោយ​របស់គេ​ក្រោម​ការដឹកនាំ​របស់លោក​អូ​ឡេ ហ្គា​ន់​ន័​រ សូល​ក្យែ​រ​។ បន្ទាប់ពី​ចាញ់​ក្រុម​ស្ករ​គ្រាប់ Everton ៤-០ កាលពី​ថ្ងៃអាទិត្យ សំណួរ​ត្រូវ​បានលើកឡើង​អំពី​ឥរិយាបថ​និង​បំណងប្រាថ្នា​របស់​កីឡាករ​របស់​ក្លិប​មួយ​នេះ ហើយ​លោក​សូល​ក្យែ​រ​បាន​បញ្ចេញ​ប្រតិកម្ម​អំពី​បរាជ័យ​ជា​បន្តបន្ទាប់​នេះ​។​

​លើក​នេះ ក្រុម Man Utd លេង​មិនទាន់​បានល្អ​នៅឡើយ​ទេ​។​

​លោក​សូល​ក្យែ​រ ដែល​ក្រុម​របស់គាត់​មិនទាន់បាន​រក​គ្រាប់​បាល់​នៅឡើយ​នៅក្នុង​ការប្រកួត​បែប​វាយលុក​ក្នុង​រយៈពេល ៥៧២ នាទី បាន​និយាយថា “​វា​មាន​ភាព​ខុសប្លែកគ្នា​នៅក្នុង​គុណភាព​។ ហេតុដូច្នេះ​ហើយ​ទើប​ពួកគេ​ស្ថិតនៅលើ​កំពូល​តារាង​ហើយ​យើង​ស្ថិតនៅ​កន្លែង​ដែល​យើង​កំពុង​នៅ​។ ពួកគេ​បាន​បង្កើត​ស្តង់ដារ​របស់គេ​។ រស់នៅក្នុង​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ យើង​មិនអាច​រីករាយ​ជាមួយ​រឿងនេះ​បានទេ​។ វា​គឺ​អាស្រ័យ​លើ​យើង​ដើម្បី​បិទ​គម្លាត​នេះហើយ​វ៉ា​ឱ្យ​ឈ្នះ​ពួកគេ​វិញ​”​។​

​គួរ​បញ្ជាក់ថា ការប្រកួត Premier League ឥឡូវ​បាន​ឈាន​ចូលដល់​សប្តាហ៍​ទី ៣៥ ហើយ ដោយ Man City ឈរ​នៅ​លេខ ១ មាន ៨៩ ពិន្ទុ និង Liverpool ឈរ​នៅ​លេខ ២ មាន ៨៨ ពិន្ទុ ហើយ​សល់​ត្រឹម ៣ សប្តាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​បិទ​រដូវ​កាល​ហើយ​៕ ដោយ៖ កញ្ញាដាលីស

បឺ​ណា​ដូ ស៊ី​ល​វ៉ា ស៊ុត​បើកឆាក​ឱ្យ Man City នាំមុខ​លើ Man Utd