Man United ទិញ​ម៉ា​ទីក ពី Chelsea

902
ចែករម្លែក

​ក្រុម​បិសាច​ក្រហម Manchester United បាន​ចុះហត្ថលេខា​ទិញយក​កីឡាករ​អន្តរជាតិ​សែ​ប៊ី ណេ​មី​ចា ម៉ា​ទីក ពី​ក្រុម​ជើងឯក​ព្រីម​ញឺ​លី​ក Chelsea លើ​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ ជាមួយ​ជម្រើស​បន្ត​មួយឆ្នាំ​បន្ថែមទៀត​។ នេះ​បើតាម​ក្លិប​ទាំងពីរ​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ទី​៣១ កក្កដា​។​

​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​នៃ​កិច្ចព្រមព្រៀង​មិន​ត្រូវបាន​បញ្ចេញ​ឱ្យដឹង​ទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​រាយការណ៍​ថា United បាន​ចំណាយ​ខ្ទង់ ៤០ ទៅ ៥០ លាន​ផោន (៥៣ ទៅ ៦៦ លាន​ដុល្លារ​) ដើម្បី​ឱ្យបាន​ជួបជុំគ្នា​ឡើងវិញ​រវាង​ខ្សែបម្រើ​អាយុ ២៨ ឆ្នាំ​រូបនេះ​ជាមួយ​អ្នកចាត់ការ​ទូទៅ លោក ចូ​សេ ម៉ូ​រី​ញ៉ូ​។​

​លោក​ម៉ូ​រី​ញ៉ូ​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​យ៉ាង​ដូច្នេះ “​ណេ​មី​ចា​គឺជា​កីឡាករ Manchester United និង​ជា​កីឡាករ​របស់​ចូ​សេ ម៉ូ​រី​ញ៉ូ​។ គាត់​តំណាងឱ្យ​អ្វីៗ​ទាំងអស់ ដែល​យើង​ចង់បាន​នៅក្នុង​បាល់ទាត់ គឺ ភាពស្មោះត្រង់ ស្ថិរភាព​នៃ​ការលេង មហិច្ឆតា និង ជា​កីឡាករ​លេង​ដើម្បី​ក្រុម​”​។​

“​ខ្ញុំ​សូម​អរគុណ​គាត់​សម្រាប់​បំណង​របស់គាត់​ក្នុងការ​ចូលរួម​ជាមួយ​យើង ព្រោះ​បើ​គ្មាន​បំណង​ទេ ប្រហែល​មិនអាច​មាន​គាត់​នៅទីនេះ​ទេ​។ ខ្ញុំ​ប្រាកដ​ណាស់​ថា កីឡាករ​របស់​យើង និង អ្នកគាំទ្រ​យើង នឹង​ស្រឡាញ់​គាត់​។ សូម​ស្វាគមន៍​ធំៗ​ចំពោះ​កីឡាករ​ពាក់​ស្លាក​លេខ ៣១ របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស

ម៉ា​ទីក (​ស្តាំ​) កំពុង​ប្រជែង​ដណ្តើមយក​បាល់​ជាមួយ​កីឡាករ ក្រេ​ក ដ​សុន របស់ West Brom