Miss Global Cambodia ជូន​ប័ណ្ណសរសើរ​ដល់​អ្នក​ផាត់មុខ​ជាង​៣០​នាក់​

112

ដោយ​: បូ​រិ​ន / ភ្នំពេញ​: កញ្ញា យស ប៉ូ​លី​ណា ដែលជា​កញ្ញាឯក​តំណាង​កម្ពុជា Miss Global Cambodia ប្រចាំឆ្នាំ​២០១៧ មុនពេល​ត្រឡប់​ទៅ​អាមេរិក​វិញ បានរៀបចំ​ពិធី​ជូន​ប័ណ្ណសរសើរ​ដល់​អ្នក​ផាត់មុខ​ជាង​៣០​នាក់ និង​អាហារ​ល្ងាច​លាគ្នា​យ៉ាង​សប្បាយ​។​

​កញ្ញា យស ប៉ូ​លី​ណា បាន​ថ្លែង​ក្នុង​ពិធី​ជួបជុំ​អ្នក​ផាត់មុខ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ឱ្យដឹងថា នាង​សប្បាយចិត្ត​ណាស់ ដែលមាន​ពិធី​ជួបជុំ​ជាមួយ​អ្នក​ផាត់មុខ​ខ្មែរ​យើង​ជាង​៣០​នាក់ ហើយ​អ្វីដែល​ពិសេស​នោះ នាង​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​ផាត់មុខ ដែល​បានរៀបចំ​តុ​ប​តែ​នាង​ឱ្យ​ស្អាត​សម្រាប់​កម្មវិធី​ប្រឡង Miss Global 2017 ដែល​កម្ពុជា​ធ្វើ​ម្ចាស់​នោះ​។ នាង​សូម​សរសើរ​ដល់​ក្រុមការងារ​ទាំងអស់ ដែល​បាន​ខំប្រឹងប្រែង និង​អត់ធ្មត់​ចំពោះ​បញ្ហា​តិចតួច នាពេល​ប្រឡង​លើក​នោះ ហើយ​សម្រេច​ការងារ​ជូន​បេ​ក្ខ​នារី ដែល​បាន​ចូលរួម Miss Global 2017 ទាំង​៦២​ប្រទេស​មកពី​ជុំវិញ​ពិភពលោក​។​

​សូមបញ្ជាក់ថា កញ្ញា យស ប៉ូ​លី​ណា បាន​វិល​ទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក​វិញ​ហើយ កាលពី​យប់​ថ្ងៃទី​១៥​ខែឧសភា ជាមួយគ្នា​បន្ទាប់ពី​ចប់​កម្មវិធី​ជួបជុំ​ជាមួយ​អ្នក​ផាត់មុខ​ជាង​៣០​នាក់​។  នាង​បាន​បញ្ជាក់ដែរថា នឹង​វិល​មកកាន់​ទឹកដី នៃ​ប្រទេស​កម្ពុជា​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ព្រោះតែ​នាង​មាន​កិច្ចការងារ​មួយចំនួន​ដែល​ត្រូវបំពេញ​។​

​កញ្ញា យស ប៉ូ​លី​ណា នាពេល​អំឡុង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ជាថ្មី​នេះ នាង​បាន​ប្រើ ពេល ៣​សប្តាហ៍​ចូលរួម​ក្នុង​កម្មវិធី​នានា​ជាច្រើន​។ នាង​ពិត​ជាមាន​កិត្តិយស គ្រា​ដែល​ប្រជាជន​កម្ពុជា​ស្វាគមន៍​នាង​ដោយ​ស្នាមញញឹម​។ នាង​ថា​នាង​បាន​ចុះទៅ​កាន់​ខេត្ត​ក្រុង​នានា ដើម្បី​ស្វែងយល់​ពី​ប្រពៃណី​ទំនៀមទម្លាប់ ជីវភាព​រស់នៅ របស់​ប្រជាជន​ខ្មែរ​ឲ្យ​បាន​កាន់តែច្រើន​។ អ្វីដែល​កាន់តែ​រំភើបចិត្ត គឺ​ក្រោយ​បាន​ជួប​ជាមួយ​អ្នកគាំទ្រ​នាង​ជាច្រើន បូក​រួមទាំង​ការរៀបចំ​ពិធី​ខួបកំណើត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​៕ ល​