Newcastle United គ្រោង​បំបែក​ឯតទគ្គ​កម្ម​ចាស់ លើ​ការផ្ទេរ​កីឡាករ​

412
ចែករម្លែក

​ក្លឹប Newcastle United គ្រោង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល ចូ​អេ លីន​ធិ​ន (Joelinton) ជា​កីឡាករ​ម្នាក់​ដែល​អតីត​គ្រូបង្វឹក​លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) បារម្ភ​ថា មានតម្លៃ​ថ្លៃ​ខ្ពស់​ពេក​។

​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​នឹង​មកដល់​ពហុកីឡាដ្ឋាន St James Park ក្នុងតម្លៃ​ផ្ទេរ​៣៥ លាន​ផោន​ពី​ក្លឹប Hoffenheim គឺ​ច្រើនជាង​តម្លៃ​ផ្ទេរ ២១​លាន​ផោន​សម្រាប់​កីឡាករ មី​ហ្គែ​ល អាល​មី​រ៉ុ​ន (Miguel Almiron) កាលពី​ខែមករា​ទៅទៀត​។

​ចូ​អេ​លីន​ធិ​ន ស្ថិតក្រោម​ការតាមដាន​របស់​ក្លឹប​នេះ​ចាប់តាំងពី​ឆ្នាំមុន តាំងពី​មុនពេល លោក ស្ទី​វ នី​កសិន (Steve Nickson) ប្រធាន​ក្រុម​ជ្រើសរើស​កីឡាករ​សម្រេចចិត្ត​ផ្ទេរ ខ្សែប្រយុទ្ធ​រូបនេះ​។

​ទោះបីជា​យ៉ាងណា លោក បេ​នី​តេស មិន​អន្ទះសា​ចង់​ចំណាយ​សម្រាប់​កីឡាករ ចូ​អេ​លីន​ធិ​ន នោះទេ នៅពេលនោះ ហើយ​ពេញចិត្ត​រក្សាទុក​កីឡាករ​ខ្ចី​ជើង សា​ឡូ​ម៉ុ​ន រិ​ន​ឌិន (Salomon Rondon) ជា​ខ្សែប្រយុទ្ធ​ចម្បង​។

​ប៉ុន្តែ​នៅពេលនេះ លោក បេ​នី​តេស បាន​ចាកចេញ​ហើយ ចំណែក​លោក ស្ទី​វ ប្រ៊ូ​ស ត្រូវបាន​តំឡើង​ជា​គ្រូបង្វឹក ហើយ ចូ​អេ​លីន​ធិ​ន នឹង​ក្លាយជា​កីឡាករ​ដំបូង​ដែល គ្រូបង្វឹក​រូបនេះ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​។

​ចូ​អេ​លីន​ធិ​ន ដែល​ទំនង​ជាយ​កអាវ​លេខ​៩​នោះ រកបាន​៧​គ្រាប់​នៅ​ក្របខណ្ឌ Bundesliga កាលពី​រដូវ​កាល​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ