នៅឆ្នាំ២០១៥ ទូរស័ព្ទNokia 3310 បានឈប់ផលិតក្រោយលក់បាន១២៦លានគ្រឿង តែវានៅតែត្រូវបានចាត់ទុកជាជោគជ័យធំបំផុតរបស់ក្រុមហ៊ុនទូរស័ព្ទចល័តហ្វាំងឡង់។អ្នកប្រើអោយតំលៃលើភាពធន់មាំរបស់វាជាមួយនឹងថ្មប្រើបានយូរ។
ក្រុមហ៊ុនរុស្ស៊ីមួយខាងផលិតស្មាតហ្វូនប្រណិតCaviarបានប្រកាសផលិតចេញNokia 3310ប៊ូតុងចុចតែមានការរចនាថ្មី ដោយរំលេចរូបជំនួបកំពូលរវាងប្រធានាធិបតីដូណាល់ ត្រាំ និងលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ។
គេហទំព័ររបស់ Caviarបាននិយាយថា” យើងសង្ឃឹមថា ជំនួបកំពូលរវាងពូទីននិងត្រាំនឹងក្លាយជាការចាប់ផ្តើមប្រវត្តិសាស្ត្រនិងទំនាក់ទំនងថ្មីមួយរវាងរុស្ស៊ីនិងអាមេរិក”។
ម៉ូដែលបង្កើតសន្តិភាពនេះមានរូបពាក់កណ្តាលខ្លួនពណ៌មាសរបស់ពូទីននិងត្រាំជាមួយនឹងបន្ទះខាងក្រោយធ្វើពីទីតាញ៉ូម។បើតាមប្រភពព័ត៌មានទូរស័ព្ទបុរាណលាយសម័យនេះអាចលក់ក្នុងតំលៃ១៦២.០០០រូប្លិ៍(២.៦០០ដុល្លារ) និងអាចមានលក់ចាប់ពីថ្ងៃ២៧កក្កដាខាងមុខនេះ។
សូមបញ្ជាក់ថា ជំនួបកំពូលរវាងត្រាំនិងពូទីនត្រូវបានធ្វើរួចហើយនៅក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់កាលពីថ្ងៃ១៦កក្កដា ឆ្នាំ២០១៨៕ដោយ៖វាសនា