PSG លក់​អាវ​នី​ម៉ា​បាន​ជាង ១០.០០០ ឈុត​នៅ​ថ្ងៃ​ទីមួយ​

1265
ចែករម្លែក

​នី​ម៉ា​បានចាប់ផ្តើម​សង​ថ្លៃ​ផ្ទេរ​ដ៏​សម្បើម​របស់ខ្លួន​វិញ នៅ​ថ្ងៃ​ទីមួយ ដែល​គាត់​ត្រូវបាន​ណែនាំ​ខ្លួន​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ក្លិប PSG ជាមួយ​ក្លិប​បារាំង​នេះ​លក់​អាវ​បាន​ជាង ១០.០០០ ឈុត ដែលមាន​ឈ្មោះ​នី​ម៉ា កាលពី​ថ្ងៃ​សុក្រ​ទី ៤ សីហា​។

​កីឡាករ​ប្រេ​ស៊ី​ល​អាយុ ២៥ ឆ្នាំ​រូបនេះ ត្រូវបាន​ចុះហត្ថលេខា​ទិញ​ពី Barcelona ក្នុងតម្លៃ ២៦៤ លាន​ដុល្លារ​ជាប់​កំណត់ត្រា​ពិភពលោក ប៉ុន្តែ​អាវ​ដែលមាន​ឈ្មោះ​និង​លេខ ១០ របស់គាត់ ដែល​លក់​ក្នុង​មួយ​កំ​ផ្លេ​រ ១០០ យូរ៉ូ​នោះ បាន​ជួយ​ឱ្យ PSG រកលុយ​បាន ១ លាន​យូរ៉ូ (១,១៨) កាលពី​ថ្ងៃ​សុក្រ​។

​ប្រសិនបើ PSG បន្ត​លក់​បែបនេះ​បន្តទៀត ពួកគេ​នឹង​រួចខ្លួន​ថ្លៃ​ចំណាយ​លើ​ការទិញ​នី​ម៉ា​ត្រឹម​ពាក់កណ្តាល​ខែមីនា ឆ្នាំក្រោយ ក្នុង​រដូវ​កាល​ដំបូង​នៃ​កិច្ចព្រមព្រៀង ៥ ឆ្នាំ​របស់​នី​ម៉ា ទោះបី​ធាតុពិត ប្រាក់ចំណូល​ទាំងនោះ​ត្រូវបាន​ចែករំលែក​ជាមួយ​ក្រុមហ៊ុន​ផលិត​អាវ Nike ក៏ដោយ តែ​នេះ​មានន័យថា PSG ចំណាយពេល​ម៉េច​ក៏ ២ រដូវ​កាល​ដែរ​ទើប​អាច​លក់​អាវ រួច​ថ្លៃ​ចំណាយ​ទិញ​នី​ម៉ា​។

​នី​ម៉ា​នឹង​បង្ហាញខ្លួន​នៅ​ចំពោះមុខ​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន Parc des Princes នៅ​ថ្ងៃ​សៅរ៍​នេះ (​នៅវេលា​ម៉ោង ៩.៤៥ យប់​នៅ​កម្ពុជា​) នៅមុន​ជំនួប​បើកឆាក​ក្របខណ្ឌ Ligue 1 រដូវ​កាល​ថ្មី ទល់នឹង​ក្រុម​ទើប​ឡើង​ថ្មី Amiens ៕ ដោយ៖ កញ្ញាដាលីស

អាវ​នី​ម៉ា លក់ដាច់​ជាង ១០.០០០ ឈុត​កាលពី​ថ្ងៃ​សុក្រ