កីឡាករឆេលស៊ីម្នាក់ទៀតអាចជាគោលដៅដែលក្លឹប Real Madrid ត្រូវផ្ទេរ ស្របពេលក្លឹបយក្សអេស្ប៉ាញមួយនេះចង់បានខ្សែបម្រើ អឹនហ្គោឡូ កានតេ (N`Golo Kante) ក្នុងកិច្ចព្រមព្រៀងដោះដូរដែលមានការពាក់ព័ន្ធនឹងកីឡាករ ជែមស៍ រ៉ូឌ្រីហ្គេស (James Rodriguez) ផងដែរ។
ក្លឹប Real Madrid បានផ្ទេរកីឡាករ អេឌីន ហាហ្សាដ (Eden Hazard) ពីពហុកីឡាដ្ឋាន Stamford Bridge កាលពីរដូវក្តៅក្នុងកិច្ចព្រមព្រៀងផ្ទេរ១៥០លានផោន ហើយនៅពេលនេះ ពួកគេអន្ទះសាចង់បាន កានតេ ក្នុងតម្លៃ៨៦លានផោន ដែលនឹងមានការពាក់ព័ន្ធនឹង រ៉ូឌ្រីហ្គេស ផងដែរ។
ក្លឹប Real Madrid បានបំភ្លេចចោល រ៉ូឌ្រីហ្គេស បន្ទាប់ពីកីឡាកររូបនេះបានលេងខ្ចីជើងពីររដូវកាលនៅក្លឹប Bayern Munich ប៉ុន្តែតម្លៃខ្លួនកីឡាកររូបនេះកើនឡើងវិញ បន្ទាប់ពីវិលត្រឡប់មកកាន់ក្រុមជម្រើសដំបុងរបស់លោក ហ្ស៊ីណេឌីន ហ្ស៊ីដាន (Zinedine Zidane) ។
ឆេលស៊ីបានបង្ហាញចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ ន្ទាប់ពីក្លឹបនេះធ្លាប់តាមប្រមាញ់កីឡាកររូបនេះកន្លងមក មុនពេលទៅចូលរួមជាមួយក្លឹប Bayern Munich ។
កានតេ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលលោក ហ្ស៊ីដាន ចង់បាន ហើយគ្រូបង្វឹករូបនេះចង់បំពេញចន្លោះប្រហោងនៅតំបន់បម្រើ។ ក្លឹប Madrid ធ្លាប់ព្យាយាមជម្រុះចេញ រ៉ូឌ្រីហ្គេស កាលពីរដូវក្តៅប៉ុន្តែបើទោះបីជាកីឡាកររូបនេះឡើងជើង បន្តិចវិញក៏ដោយ ក៏ក្លឹបនេះនៅតែមានបំណងទទួលយកសំណើផ្ទេរសម្រាប់កីឡាករវ័យ២៨ឆ្នាំរូបនេះ៕ ប្រែសម្រួល: ពិសិដ្ឋ