Rolls-Royce រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង ល្បី​ដល់​ថ្នាក់​តារាចម្រៀង​ល្បីៗ​ជួល​ថត MV គគ្រឹកគគ្រេង​

710

​រថយន្ត​កែច្នៃ Rolls-Royce លោក បូរ៉ា ហៅ​រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង បច្ចុប្បន្ន​នៅ​កំពុង​តែមាន​ទីផ្សារ​ខ្លាំង​ឡើងៗ​ហើយ​។ ក្រៅពី​ជា​មធ្យោបាយ​លក់​ម៉ាំ​ល្ហុង​យ៉ាង​មាន​ភាព​ទាក់ទាញ រថយន្ត​កែច្នៃ​មួយ​នេះ​ត្រូវបាន​អ្នក​ដឹក​សម្ដែង ជួល​ទៅ​ថត MV ឲ្យ​តារាចម្រៀង​ល្បីៗ​ជា​បន្តបន្ទាប់​។​

លោក បូរ៉ា និង​រថយន្ត​កែច្នៃ Rolls-Royce

​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​រថយន្ត​ខាងលើ យ៉ាងតិច​មាន​បទ​ចម្រៀង​៤​បទ របស់​តារាចម្រៀង​ល្បី​៤​រូប​ផ្សេងគ្នា បាន​ជួល​រថយន្ត ទៅ​សម្ដែង MV ជា​បន្តបន្ទាប់​។ រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង​រូបនេះ បាន​រៀបរាប់​ឲ្យ​ដឹងថា បទ​ចម្រៀង​ដែល​រថយន្ត Rolls-Royce របស់ខ្លួន​ធ្លាប់បាន​សម្ដែង​មាន ទី​១​បទ​”​ខោរ​ហែក​” របស់​តារាចម្រៀង Vid Cooler ទី​២ បទ​”​បី​ឆ្កែ​ចូល​រាំ​” របស់​តារាចម្រៀង ពេជ្រ សោភា ទី​៣ បទ “​បុក បឹ​បៗ ” របស់ DJ ក្ដឹប និង​បទ​”​កុំ​ជោរ​ប្រយ័ត្ន​ប៉ះ​កង់​” របស់​តារាចម្រៀង ព្រាប សុវត្ថិ​។​

​ពេជ្រ ថៃ ថត​ជាមួយ​រថយន្ត Rolls-Royce

​លោក បូរ៉ា បាន​លើកឡើងថា អ្នកដឹកនាំ​សម្ដែង​ដែល​ជួល​រថយន្ត​ខ្លួន​ទៅ​ថត​នោះ មិនមែន​យកតែ​រថយន្ត​នោះទេ គឺ​ថែមទាំង​ជួល​លោក​ទៅ​សម្ដែង​ផងដែរ​។ តម្លៃ​ជួល​ថត Rolls-Royce ១​បទ ថ្លៃ​៥០ ដុល្លារ ចំណែក​តម្លៃ​ខ្លួន​លោក​វិញ បាន​៥០ ដុល្លារ​ដូចគ្នា​។ ” ឡាន​ខ្ញុំ​គាត់​ឲ្យ​៥០ ហើយ​ថ្លៃ​ខ្លួន​ខ្ញុំ​បាន​៥០​ដែរ អីចឹង​ម្ដងៗ​បាន​១០០ ដុល្លារ​ដែរ​ហ្នឹង​” លោក បូរ៉ា ថ្លែង​។​

​តាម​ការបញ្ជាក់ រថយន្ត​កែច្នៃ Rolls-Royce លោក បូរ៉ា បាន​កែឆ្នៃ​ពី​ម៉ាស៊ីន​ម៉ូតូ ដោយ​ចំណាយ​ប្រហែល​១០​លាន​រៀល ។ បុរស​ដែល​ចូលចិត្ត​ធ្វើ​អ្វី​ប្លែក មិនចេះ​អៀនខ្មាស​រូបនេះ បាន​កែឆ្នៃ​រថយន្ត​នេះ ជិត​១​ឆ្នាំ​មកហើយ ដើម្បី​លក់​ម៉ាំ​ល្ហុង​របស់លោក ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​ពី​មហាជន​។ លោក​ថា តាំងពី មាន Rolls-Royce នេះ​មក ខ្លួន​លក់​ម៉ាំ ដាច់​ជាង​មុន​ខ្លាំង​គួរសម ហើយ​មហាជន​ក៏​កាន់តែ​ចាប់អារម្មណ៍​លោក​កាន់តែខ្លាំង​ផងដែរ​៕

​អត្ថ​ប​ទៈ ស៊ុនហួត​/sn