Sabay និង Smart Axiata ប្រកាស​ចាប់ដៃគ្នា​អភិវឌ្ឍ​ឌីជីថល​នៅ​កម្ពុជា​

223

(​ភ្នំពេញ)៖ Sabay Digital Plus Co. Ltd ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល និង​កម្សាន្ត​លេខ​១នៅ​កម្ពុជា បាន​ចាប់​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ Smart Axiata ដែលជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ឈានមុខ​គេ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ទាំងពីរ ជឿជាក់ថា ក្រៅពី​ពង្រឹង​ភាព​នាំមុខគេ​ផ្នែក​ឌីជីថល​របស់​ម្ចាស់​ភាគហ៊ុន​ទាំងពីរ កិច្ចសហការ​នេះនឹងធ្វើ​ឲ្យ​ភាគី​ទាំងពីរ​បញ្ចេញ​សក្ដានុពល​ទាំងអស់ ដើម្បី​ផ្ដល់នូវការអភិវឌ្ឍ​ន៍ប្រព័ន្ធ​បច្ចេកវិទ្យា ដល់​ប្រជា​ជនក​ម្ព​ជា​។​

​កិច្ចព្រមព្រៀង អាច​សម្រេច​ទៅបាន ដោយសារ​មានការ​សម្របសម្រួល​ពី​លោក Subhadeep Chowdhury (Deep) ដែលជា​ប្រធាន​/​ស្ថាបនិក​របស់​ក្រុមហ៊ុន Profitence (Cambodia) Co., Ltd ។​

Smart Axiata នឹង​បោះទុនលើ​ផ្នែក​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល (Digital Media) ជាមួយ​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី​របស់ Sabay ដែលមាន​ឈ្មោះថា Sabay Digital Plus​។ ក្រោយ​ពិធី​ចុះ​ហត្ថ​ការ​ថ្ងៃនេះ​ទៅ រយៈពេល ១​ឆ្នាំ Smart Axiata នឹង​បន្ថែម​ការវិនិយោគ ដើម្បី​ក្លាយជា​ម្ចាស់​ភាគហ៊ុន ចំនួន ៣០% នៃ​ក្រុមហ៊ុន​ថ្មី​នេះ​។​

Sabay បាននិង​កំពុង​នាំមុខគេ​ក្នុងការ​អភិវឌ្ឍ​ន៍វិស័យ​ឌីជីថល​នៅ​កម្ពុជា តាមរយៈ​ហ្គេម​កម្សាន្ត​អន​ឡាញ ការ​ទូរ​ទាត់​សាច់ប្រាក់​អន​ឡាញ បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន ការចេញផ្សាយ​ព័ត៌មាន​បែប​ស៊ី​វិ​ល័យ (Der និង Kanha) កម្មវិធី​មើល​ព័ត៌មាន​តាមរយៈ​App (Kley Kley) និង​កម្មវិធី​មើល​ភាពយន្ត​អន​ឡាញ Soyo ដំបូង​គេ​។ ព័ត៌មាន​អន​ឡាញរ​បស់ Sabay មាន អ្នកមើល​(unique visitor) រហូតដល់ ២,៥ លាន​នាក់ ជាមួយនឹង​ការ​ចុច​អាន​ព័ត៌មាន​ប្រមាណ ២២ លាន​ដង​ប្រចាំខែ​។ លើសពីនេះ Sabay មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ដែលមាន​អ្នកតាមដាន​សរុប​រហូត​ដល់​ជិត ៥,៧ លាន​នាក់​។

Sabay ក៏បាន​បណ្ដុះ​អ្នកបង្កើត original content តាមរយៈ​ប្រលោមលោក Sabay (E-Novel), Hear My Song កម្មវិធី​ប្រកួត​ចម្រៀង​តែង​និពន្ធ​ថ្មី​, ការប្រកួត​ភាពយន្ត​ខ្លី និង​តាមរយៈ​ការសហការ​ផ្សេងៗ​ទៀត​ជាច្រើន​។ ការយល់ដឹង​ទូលំទូលាយ​លើ​ឥរិយាបថ​ឌីជីថល​នៅ​កម្ពុជា វប្បធម៌​សម័យ​ទំនើប និង​ភាពខ្លាំង​របស់​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន បានធ្វើ​ឲ្យ Sabay ជោគជ័យ​ក្នុង​ការធ្វើការងារ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ជាង ២០០ ក្រុមហ៊ុន​លើ​យុទ្ធសាស្ត្រ​ពង្រឹង​ម៉ាក​យីហោ និង​គម្រោង​ផ្សព្វផ្សាយ​ជាច្រើន​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ Sabay ក៏​ផ្ដោតលើ​ការបង្កើត​ព្រឹត្តិការណ៍​ផ្ទាល់ខ្លួន ដូចជា អាណាចក្រ​តារា ដើម្បី​ទទួលស្គាល់ ផ្ដល់​ពានរង្វាន់ និង​អបអរសាទរ​ដល់​តារា​មាន​ទេពកោសល្យ និង N.E.T ដែលជា​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជាតិ​ដំបូង​គេ និង​ធំ​បំផុត​នៅ​កម្ពុជា​។​

​លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay បាន​ថ្លែងថា Sabay Digital Corporation នៅតែ​រក្សា​អាជីវកម្ម​ហ្គេម​អន​ឡាញ របស់ខ្លួន​ដដែល​។ ដោយឡែក Sabay Digital Plus នឹង​ដើរតួ​សំខាន់​ចំពោះ​អាជីវកម្ម ព័ត៌មាន ការកម្សាន្ត ប្រព័ន្ធ​ទូទាត់​ទំនើប និង​ការផ្សព្វផ្សាយ​ទីផ្សារ ជាមួយ Smart Axiata​។ “​យើង​ចាប់ផ្ដើម ២០០៧ គ្រា​ដែល​វិស័យ​ឌីជីថល ទើប​លូត​ពន្លក រហូតដល់​បច្ចុប្បន្ន បុគ្គលិក​កើន​ដល់​ជិត ២០០​នាក់​។ កាល​ហ្នឹង ភាគច្រើន​មហាជន​ឆ្ងល់ ថា​អ្វី​ជា​ឌីជីថល​? តែ​អត់​ទាន់​មាន​អ្នក​ផ្ដើម​ផុលផុស​នៅឡើយ​។ យើង​បង្កើត យើង​ធ្វើ ព្រោះ​យើង​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ ឬ​ដើម្បី​បំពេញតម្រូវការ ឬ​ជំនួស​អ្វីដែល​ទីផ្សារ​នឹង​ពេញនិយម ក្នុងពេល ១០ ឆ្នាំ​ខាងមុខ​។ ជា​លទ្ធផល​វា​ដំណើរ​ល្អ​ការដូ​ចការ​ប្រមើល​ទុក​របស់​យើង​មែន​”​។

​លោក​ជី សិលា បាន​ឲ្យ​ដឹងថា កម្ពុជា​ជា​ប្រទេស​វ័យក្មេង និង​រីកចម្រើន​ឆាប់រហ័ស ដូច្នេះ​វិស័យ​ឌីជីថល នឹង​លូតលាស់​ឆាប់រហ័ស​ជាងការគិត​។ ហើយ​កិច្ចសហការ​ជាមួយ Smart នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​ប្រើប្រាស់​ភាពខ្លាំង​របស់ខ្លួន​ឲ្យ​អស់​លទ្ធភាព រាប់​ចាប់ពី​អតិថិជន ដល់បច្ចេកវិទ្យា ហើយនឹង​ធ្វើការ​ក្នុង​ទស្សនវិស័យ​រួមគ្នា​ក្នុងការ​ផ្ដល់នូវ​ឌីជីថល​ដ៏​ទំនើប និង Internet of Things​។ “​ការ​កិច្ចសហការ​នេះ​នឹងមាន​ភាព​យូរអង្វែង ហើយ​លទ្ធផល​ខ្លះ នឹង​លើសពី​ការ​នឹកស្មាន​។ យើង​កាន់​តែមាន​កម្លាំងចិត្ត ហើយ ចង់​ចាប់ផ្ដើម​ភ្លាមៗ​”​។​

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata ថ្លែងថា​៖ “​ការវិនិយោគ​ក្នុង Sabay នេះ គឺ​ស្របគ្នា​ជាមួយនឹង​យុទ្ធសាស្ត្រ​របស់​យើង ដើម្បី​បំពេញតម្រូវការ​កាន់​ច្រើន​របស់​អ្នកប្រើប្រាស់​អ៊ីនធឺណិត​របស់​យើង​។ ការរួមបញ្ចូល​គ្នា​រវាង​ភាព​នាំមុខគេ​ផ្នែក​អ៊ីនធឺណិត​របស់ Smart និង content ដ៏​ចាប់អារម្មណ៍​របស់ Sabay នឹង​អនុញ្ញាត​ឲ្យ​យើង​ផ្ដល់នូវ​គំនិត​ជីវិត​បែប​ស៊ី​វិ​ល័យ​កាន់តែ​សម្បូរបែប​។ ការសហការ​នេះ គឺជា​ការច្របាច់បញ្ចូល​គ្នា​ដ៏​ស័ក្ដិសម​បំផុត​រវាង​ក្រុមហ៊ុន​ច្នៃប្រឌិត​ថ្មី​បំផុត​របស់​កម្ពុជា​ពីរ ដែល​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​លូតលាស់​កាន់តែ​ឆាប់រហ័ស​។ ការវិនិយោគ​លើ​ក្រុមហ៊ុន​ដូចជា Sabay មិន​ត្រឹមតែ​ជា «​ដៃគូ​ដ៏​សមសួន​បំផុត​» នោះទេ ថែមទាំង​ដើរតួ​ជា​គំរូ​ដល់​វិនិយោគិន និង​សហគ្រិន​ផ្សេងៗ​ទៀត​លើ​អ្វី​ដែលជា​ឱកាស​នៅក្នុង​ទីផ្សារ​យុវវ័យ​កម្ពុជា ជាមួយនឹង​សក្ដានុពល​ដ៏​អស្ចារ្យ​”៕​ដោយៈ មុនី​រ័ត្ន​/sn

​ពិធី​ចុះហត្ថលេខា​រវាង Sabay និង Smart Axiata ដើម្បី​អភិវឌ្ឍ​ឌីជីថល​នៅ​កម្ពុជា (​រូប​ថ​តៈ មុនី​រ័ត្ន​)