Samsung ចេញ​នាឡិកា​ឆ្លាត Galaxy Watch អាច​តាមដាន​ស្ថានភាព​សុខភាព​ទាន់​ហេតុការណ៍ និង តេ​ទូរស័ព្ទ​ចេញពី​កដៃ​មនុស្ស​

1320

​ក្រុមហ៊ុន Samsung និង Apple នឹង​ប្រណាំងប្រជែង​គ្នា​ជាថ្មី​ម្តងទៀត​ជាមួយនឹង​សេចក្តី​ប្រកាសថា ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​កូរ៉េខាងត្បូង​នេះ​នឹង​ចាប់ផ្តើម​ដាក់លក់​នាឡិកា​ឆ្លាត​វៃ​ថ្មី​។​

​ដោយមាន​ឈ្មោះថា Galaxy Watch វា​គឺជា​នាឡិកា​ជំនាន់​ក្រោយ​របស់​នាឡិកា Samsung Gear S3 Frontier និង នាឡិកា Gear S3 Classic ដែល​បានដាក់​លក់​នៅ​ចុងឆ្នាំ ២០១៦​។​

​នាឡិកា Galaxy Watch មាន​ថាមពល​ថ្ម​ប្រើ​បាន ៧ ថ្ងៃ និង អាច​តាមដាន​បំលាស់​ទី ទម្លាប់​ការហាត់​ប្រាណ និង​ការ​គេង​។ វា​ភ្ជាប់​ទៅនឹង​ស្មា​ត​ហ្វូ​ន​ដំណើរការ​ដោយ Android តាមរយៈ Bluetooth​។​

​ក្រុមហ៊ុន Samsung នឹង​ដាក់លក់​នាឡិកា 4G នេះ​នៅ​ចុងរដូវ​ក្តៅ​នេះ ដែល​នឹង​អនុញ្ញាតឱ្យ​អ្នក​ប្រើ ធ្វើ​ការហៅ​ទូរស័ព្ទ ផ្ញើ​សារ និង ចាក់​បទ​ចម្រៀង​តាមរយៈ​ការភ្ជាប់​ទៅ​អ៊ី​ន​ធឺ​ណេ​ត​ទូរស័ព្ទ​។​

​នាឡិកា​ឆ្លាត​វៃ​នេះ​នឹងមាន​ជម្រើស ៣ ពណ៌ គឺ ខ្មៅ និង មាស សម្រាប់​ម៉ូ​ដែល​ទំហំ​តូច​ជាង ៤២ មិល្លីម៉ែត្រ និង ពណ៌​ទឹកប្រាក់ សម្រាប់​ម៉ូ​ដែល​ធំ​ជាង ៤៦ មិល្លីម៉ែត្រ​។​

​នាឡិកា​ឆ្លាត​វៃ ដែល​ជាប់​កម្រិត​ពិន្ទុ IP68 សម្រាប់​ភាព​ធន់​នឹង​ទឹក​និង​ធូលី នឹង​អាច​បញ្ជា​ទិញ​ជាមុន​បាន ដោយ​ចាប់ផ្តើម​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី ២៤ ខែសីហា​នៅ​ក្រុមហ៊ុនទូរស័ព្ទ​សម្រិតសម្រាំង និង​ទីតាំង​លក់រាយ​នៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ៣១ ខែសីហា​ឆ្នាំ ២០១៨ និង​នៅ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី ៧ ខែកញ្ញា​។​

​នាឡិកា Galaxy Watch នឹង​លក់​នៅ​អង់គ្លេស​ក្នុងតម្លៃ ៤២៥ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

នាឡិកា Galaxy Watch លក់​ក្នុងតម្លៃ ៤២៥ ដុល្លារ