ក្រុមហ៊ុន Samsung បានបង្ហាញទូរស័ព្ទ Galaxy Note 9 ថ្មីរបស់ខ្លួនខណៈដែលក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះកំពុងពង្រឹងតួនាទីរបស់ខ្លួនជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោក។
ឧបករណ៍ថ្មីរបស់ក្រុមហ៊ុននៅទីក្រុងសេអ៊ូលនេះជាថ្មីម្តងទៀតគឺមានប៊ិកពិសេស S Pen ដដែល តែលើកនេះ មកជាទម្រង់ថ្មីភ្ជាប់ជាមួយមុខងារ Bluetooth។
លើកនេះក៏មកជាមួយអេក្រង់ខ្នាតយក្សដែរ គឺអេក្រង់ប្រភេទ Super AMOLED Infinity Display ទំហំ ៦,៤ អ៊ីញដ៏អស្ចារ្យ។
ក្រុមហ៊ុនបានអះអាងថាទូរស័ព្ទនេះនឹង “លើកមុខមាត់ផ្នែកល្បឿននិងថាមពលម្តងទៀត” ហើយមានជម្រើស ៤ ពណ៌ គឺ ខ្មៅ ស្វាយ ផ្កាឈូក និងខៀវ។
ក្រុមហ៊ុន Samsung បានអះអាងថា Note 9 ត្រូវបានរចនាឡើងជាមួយនឹងផ្នត់គំនិត “ហ្គេម” ហើយបានប្រកាសថា ហ្គេមអនឡាញ Fortnite នឹងមាននៅលើទូរស័ព្ទថ្មីនេះ ដែលជាទូរស័ព្ទដើរលើប្រព័ន្ធ Android ដំបូងគេបង្អស់ដែលមានហ្គេមប្រភេទនេះ។
នាយកប្រតិបត្តិផ្នែកហ្គេមរបស់ក្រុមហ៊ុន លោក ធីម ស្វ៊ីនី ក៏បានប្រកាសអំពីរូបរាងពិសេសជាលក្ខណៈ “Galaxy” ផងដែរសម្រាប់ហ្គេម Fortnite ដើម្បីឱ្យក្រុមអ្នកលេងហ្គេមសម្រិតសម្រាំងចូលទៅលេងហ្គេមនៅលើឧបករណ៍ថ្មីនេះ។
Note 9 របស់ក្រុមហ៊ុន Samsung នឹងអាចរកទិញបានចាប់ពីថ្ងៃទី ២៤ ខែសីហានៅចក្រភពអង់គ្លេសជាមួយនឹងតម្លៃ ៨៨៩ ផោន (៩៩៩ ដុល្លារ) សម្រាប់ស៊េរី ១២៨GB និង ១.០៩៩ ផោន (១.២៤៩ ដុល្លារ) សម្រាប់ស៊េរី ៥១២GB ។
Samsung បានដាក់បង្ហាញ Note 9 នៅព្រឹត្តិការណ៍ Samsung Unboxed របស់ខ្លួននៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍ ទី៩ សីហា ដែលផ្សាយផ្ទាល់តាមអ៊ីនធឺណេតទៅកាន់មនុស្សជាងកន្លះលាននាក់ទូទាំងពិភពលោក។
ចំណុចគួរឱ្យចាប់អារម្មណ៍បំផុតរបស់ Note 9 គឺប៊ិក S-pen (មាន Bluetooth) ប្រព័ន្ធដំណើរការដ៏ខ្លាំងក្លា (Qualcomm SnapDragon 845 ល្បឿនលឿនបំផុត និងរ៉េម ៨GB) និង ថាមពលថ្មខ្នាតយក្ស (៤០០០ មិល្លីអំពែរម៉ោង)។
Note 9 មាន ២ ស៊េរី គឺ ១២៨GB និង ២៥៦GB ហើយអាចបន្ថែមមេមម៉ូរីខាងក្រៅបានដល់ទៅ ១TBឯណោះ។
កាមេរ៉ាភ្លោះខាងក្រោមមាន ២ ប្រភេទ គឺ ប្រភេទ Wide-angle ទំហំ ១២ មេហ្គាភិចសែល និង ប្រភេទ Telephoto (សម្រាប់ពង្រីករូបភាពក្នុងកម្រិត ១០ គុណឯណោះ) ទំហំ ១២ មេហ្គាភិចសែល។ កាមេរ៉ាខាងមុខមានទំហំ ៨ មេហ្គាភិចសែល៕ ដោយ៖ កញ្ញាដាលីស