SCG បរិច្ចាគ​ទឹកប្រាក់ ៧ ម៉ឺន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា

290

(​ភ្នំពេញ​)៖​ក្រុមហ៊ុន អេស​ស៊ីជី (SCG) បាន​បរិច្ចាគ​ទឹកប្រាក់​៧​ម៉ឺន​ដុល្លារ ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)​ដែល​ការបរិច្ចាគ​​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​មនុស្សធម៌ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៧ ហើយ​នេះ​ក៏​ជាការ​ប្ដេជ្ញា​​ចិត្ត​មួយផ្នែក​របស់​ក្រុមហ៊ុន​ក្នុងការ​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

​នៅក្នុង​ពិធី​នោះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​ឯ​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​លោក ប្រា​រ៉ា​ម៉េ​ត ភី​ម​ផា​ប៊ូ​ត (Praramate Pimpaboote) ប្រធាន​រោងចក្រ​កំពត​ស៊ី​មេន ខូ អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ អេស​ស៊ីជី​។ ការបរិច្ចាគ​នោះ​គឺមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៨០.០០០.០០០ រៀល (៧០.០០០ ដុល្លារ​សហរដ្ឋអាមេរិក​)​ដែល​បានមកពី​​ការលក់​សំបុត្រ និង​អាវយឺត​អំឡុងពេល​ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុមបាល់ទាត់ SCG Muangthong United​និង​ក្រុម​​ចម្រុះ​កម្ពុជា K-Cement Cambodian All Stars កាលពី​ខែកក្កដា កន្លងទៅនេះ​។

​លោក សៅ សុខា បាន​ថ្លែងថា លោក​កោតសរសើរ​ដល់​ក្រុមហ៊ុន SCG​សម្រាប់​ការគាំទ្រ​ជា​បន្តបន្ទាប់​ដល់​វិស័យ​កីឡាបាល់ទាត់​នៅ​​កម្ពុជា ហើយ​ទឹកប្រាក់​នេះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​កីឡាបាល់ទាត់​កម្ពុជា​ផងដែរ​។ ​ថវិកា​នេះ​នឹងត្រូវ​បាន​យកទៅ​ប្រើប្រាស់​នៅក្នុង​គម្រោង “​សាលា​បាល់ទាត់​ថ្នាល​” ទូទាំងប្រទេស​កម្ពុជា​ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ខ្ទង់​​លាន​ដុល្លារ​។ តាមរយៈ​ការសហការ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាមរយៈ​ប្រាក់​ជំនួយ​ឧបត្ថម្ភ​នានា គម្រោង​នេះ​មាន​​បំណង​បង្កើត​ទីលាន​បាល់ទាត់ នៅតាម​សាលារៀន ក៏ដូចជា​ផ្ដល់ប្រាក់​បៀវត្សរ៍​ដល់​គ្រូបង្វឹក និង​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ទូទាំងប្រទេស ហើយ​គម្រោង​នេះ​បានចាប់ផ្ដើម​នៅ ដើមឆ្នាំ ២០១៧ នឹង​គ្រោង​ដំណើរការ​រយៈពេល​ពីរ​ឆ្នាំ​៕​ដោយៈ មុនី​រ័ត្ន​/sn

​អេស​ស៊ីជី​បាន​បរិច្ចាគ​ទឹកប្រាក់​៧​ម៉ឺន​ដុល្លារ ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​