Sharp​ពិចារណា​រើ​ផលិតកម្ម​ពី​ចិន​មក​វៀតណាម​

1111
ចែករម្លែក

​ក្រុមហ៊ុន​អេឡិចត្រូនិក​ជប៉ុន​Sharp មាន​គំរោង​រើ​ផលិតកម្ម​របស់ខ្លួន​ពី​ចិន​មក​កាន់​វៀតណាម​ដើម្បី​គេច​ពី​សង្គ្រាម​ពន្ធ​ចិន​-​អាម៉េរិក​។​

​ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន​NHK​ថា ក្រុមហ៊ុន​មាន​ផែនការ​រើ​ផលិតកម្ម​កុំព្យូទ័រ​ផ្ទាល់ខ្លួន​(PC)​របស់​ខ្លួន​ទៅ​កាន់​កោះ​តៃវ៉ាន់​ជា​បណ្តោះអាសន្ន​មុន​ដូរ​ទៅកាន់​រោង​​ចក្រ​ថ្មី​មួយ​នៅ​វៀតណាម​។​ផែនការ​នេះ ត្រូវ​រំពឹងថា​នឹង​ចាប់ផ្តើម​ក្រោយ​ខែតុលា​។​

Sharp​កាលពី​ដំបូង​មាន​គំរោង​ផលិត​ផ្នែក​ផ្សំ​គ្រឿង​អេឡិចត្រូនិក​នៅ​រោងចក្រ​មួយ​នៅ​ក្រុង​ហូជីមិញ តែ​វា​ទំនងជា​ត្រូវបាន​ផ្លាស់ប្តូរ​ដោយសារ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ចិន​​និង​អាម៉េរិក​។​

​ចំណាត់ការ​របស់​Sharp​បាន​កើត​ឡើង​បន្ទាប់ពី​ការប្រកាស​របស់​ក្រុមហ៊ុន​ពហុ​ជាតិ​ជា​ច្រើន​អំពី​ការ​រើ​ទីតាំង​ផលិតកម្ម​របស់គេ​ចេញ​ពី​ចិន​មក​កាន់​វៀតណាម​ដើម្បី​គេច​ចេញពី​​សង្គ្រាម​ពន្ធ​។​

​ក្រុមហ៊ុន​ផលិត​ស្បែកជើង​អាម៉េរិក Brooks Running​កាលពី​ខែ​មុន​បាន​និយាយថា​ខ្លួន​នឹង​រើ​ផលិតកម្ម​ភាគច្រើន​ចេញ​ពី​ចិន​មក​កាន់​វៀតណាម​នៅ​ឆ្នាំ​នេះ​។​ក្រុមហ៊ុន​ផលិត​​ផ្នែក​ផ្សំ​និង​ដំឡើង​នៃ​ទូរស័ព្ទ​iPhone​ក៏រ​ក​បាន​ទីតាំង​សង់​រោងចក្រ​ថ្មី​នៅ​វៀតណាម​ខាងជើង​។​

​ក្រុមហ៊ុន​Samsung​កាលពី​ចុងឆ្នាំ​មុន​បាន​បិទ​រោងចក្រ​មួយ​ក្នុងចំណោម​រោងចក្រ​២​របស់​ខ្លួន​នៅ​ចិន ដើម្បី​មក​ផ្តោត​ការផលិត​នៅ​វៀតណាម​ឬ​ឥណ្ឌា​ដែល​តំលៃ​ពលកម្ម​​ថោក​ជាង​៕​ដោយៈ​វាសនា​