Spurs តែងតាំង​លោក​ម៉ូ​រី​ញ៉ូ ក្រោយ​បណ្តេញ​លោក​ផូ​ឆេ​តទី​នូ​បានតែ​ប៉ុន្មាន​ម៉ោង​

195
ចែករម្លែក

ក្រុម​មាន់​ខ្នាយ​មាស Tottenham បានតែងតាំង​លោក​ចូ​សេ ម៉ូ​រី​ញ៉ូ​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់ខ្លួន​លើ​កុងត្រា​រហូតដល់​រដូវ​កាល​២០២២-២៣​។

​លោក​ម៉ូ​រី​ញ៉ូ ដែល​អត់​ការងារ​ធ្វើ​តាំងពី​ត្រូវ​បិសាច​ក្រហម Manchester United បណ្តេញ​កាលពី​ឆ្នាំមុន និយាយថា “​ខ្ញុំ​រំភើប​ណាស់​ដែល​បាន​ចូលរួម​ក្លិប ដែលមាន​កេរ្តិ៍តំណែល​អស្ចារ្យ និង អ្នកគាំទ្រ​ដ៏​ងប់​ង​ល់​។ គុណភាព​ទាំង​ក្នុង​ជម្រើស​ឈុត​ធំ​និង​សិស្សសាលា​បាល់ទាត់​ធ្វើឱ្យ​ខ្ញុំ​រំភើបចិត្ត​។ ការដែល​បានធ្វើការ​ជាមួយ​កីឡាករ​ទាំងអស់នេះ​គឺជា​អ្វីដែល​ទាក់ទាញ​ខ្ញុំ​មែនទែន​”​។

​ប្រធាន​ក្លិប​លោក ដា​នី​ញែ​ល ឡេ​វី បាន​បន្ថែមថា “​ចំពោះ​លោក​ចូ​សេ យើង​មាន​អ្នកចាត់ការ​ទូទៅ​ជោគជ័យ​បំផុត​មួយរូប​ក្នុង​បាល់ទាត់​។ គាត់​មានបទពិសោធន៍​ហូរហៀ អាច​ជំរុញ​ទឹកចិត្ត​ក្រុម និង​ជា​អ្នក​រៀប​ក្បួន​លេង​ដ៏​អស្ចារ្យ​។ គាត់​ធ្លាប់​ឈ្នះ​ពាន​គ្រប់​ក្លិប​ដែល​គាត់​ដឹកនាំ​។ ខ្ញុំ​ជឿថា​គាត់​នឹង​នាំមក​នូវ​ថាមពល​និង​ជំនឿ​មក​បន្ទប់​កីឡាករ​”​។

​ការតែងតាំង​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ក្លិប​មាន់​ខ្នាយ​មាស​ប្រកាស​បណ្តេញ​លោក ម៉ូ​រី​ស៊ីអូ ផូ​ឆេ​តទី​នូ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា​នេះ បន្ទាប់ពី​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ដឹកនាំ​ក្លិប​៥​ឆ្នាំកន្លះ ដោយ​ពុំ​ឈ្នះ​ពាន​អ្វី​សោះ ទោះបី​នាំ Spurs ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំមុន​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ូ​រី​ញ៉ូ​ចូលមក​ជំនួស​លោក​ផូ​ឆេ​តទី​នូ​នៅ​ថ្ងៃ​ពុធ​នេះ