The Global Times​ថា ចិន​គួរ​ត្រៀម​ចំណាត់ការ​យោធា​អំពី​រឿង​តៃវ៉ាន់​

1261
ចែករម្លែក

​កាសែត​រដ្ឋ​ចិន​ដែល​ត្រូវគេ​អាន​ជាទូទៅ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​មីនា​បាន​និយាយថា ចិន​គួរ​ត្រៀម​ចំណាត់ការ​យោធា​លើ​កោះ​តៃវ៉ាន់ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពាក់ព័ន្ធ​កិច្ចសហការ​អំពី​កូរ៉េខាងជើង​បន្ទាប់ពី​សហរដ្ឋអាមេរិក​អនុម័ត​ច្បាប់​មួយ​ដើម្បី​​លើកស្ទួយ​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​កោះ​តៃវ៉ាន់​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ខឹងសម្បារ​ជាខ្លាំង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​កាលពី​​សប្តាហ៍​មុន​ដែល​លើកទឹកចិត្ត​អោយ​អាមេរិក​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ទៅកាន់​កោះ​តៃវ៉ាន់​ដើម្បី​ជួប​សម​ភាគី​តៃវ៉ាន់​និង​ធ្វើ​ដូចគ្នា​សម្រាប់​​ភាគី​តៃវ៉ាន់​។​

​ឧបការី​រង​អាមេរិក​លោក​អា​ឡិច វ៉ុ​ង បាន​និយាយ​នៅ​ក្រុង​តៃ​ប៉ិះ​កាលពី​ថ្ងៃ​ពុធ​ទី​២១​មីនា​ថា ការសន្យា​តាំងចិត្ត​របស់​អាមេរិក​ចំពោះ​​តៃវ៉ាន់​គ្មាន​ពេលណា​ខ្លាំងក្លា​ដូច​ពេលនេះ​ទេ ហើយ​កោះ​នេះ​ជាការ​បំផុសគំនិត​មួយ​ដល់​ផ្នែក​ផ្សេង​នៃ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​

​ចិន​អះអាងថា​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់ខ្លួន ដោយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា​តៃវ៉ាន់​នឹង​ជួប​​ការដាក់ទោស​ជា​ប្រវត្តិសាស្ត្រ​ចំពោះ​ការប៉ុនប៉ង​បំបែក​ខ្លួន​ណាមួយ​។​

​ក្នុង​បទ​អត្ថាធិប្បាយ​របស់ខ្លួន​ ​កាសែត​The Global Times​បាន​និយាយថា​ចិន​«​ត្រូវតែ​វាយបក​ប្រឆាំងនឹង​ច្បាប់​នេះ​។​ចិន​អាច​​ដាក់​សម្ពាធ​អាមេរិក​នៅក្នុង​វិស័យ​ផ្សេងៗ​នៃ​កិច្ចសហការ​ទ្វេភាគី ឧទាហរណ៍ បញ្ហា​ឧបទ្វីប​កូរ៉េ​និង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​ចិន​ក៏​អាច​ប្រឆាំង​​អាមេរិក​នៅក្នុង​អង្គការ​អន្តរជាតិ ដូចជា​អ​.​ស​.​ប​»​។​

​កាសែត​របស់​បក្ស​នេះ​បាន​បន្តថា​«​ចិនដីគោក​ក៏ត្រូវ​តែ​ត្រៀមខ្លួន​សម្រាប់​ការប៉ះទង្គិច​យោធា​ដោយផ្ទាល់​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។​​វា​ត្រូវការ​ធ្វើអោយ​ច្បាស់​ថា ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​មន្ត្រី​អាមេរិក​និង​តៃវ៉ាន់​នឹង​នាំមក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​តៃវ៉ាន់​។​កាសែត​​មួយ​នេះ​ធ្លាប់បាន​លើកឡើងថា​ចិន​ដី​អាច​គោក​បញ្ជូន​យន្តហោះ​យោធា​និង​នាវាចម្បាំង​ទៅ​ឆ្លងកាត់​បន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​​។​ការងារ​នេះ​អាច​ត្រូវអនុវត្ត​បណ្តើរៗ​អាស្រ័យ​លើ​សភាពការណ៍​កាត់​ច្រក​សមុទ្រ​»​។​

​កោះ​តៃវ៉ាន់​ជា​បញ្ហា​រសើប​បំផុត​មួយ​របស់​ចិន និង​ជា​ចំណុចក្តៅ​ដែល​អាច​នឹងមាន​ការប៉ះទង្គិច​ដោយ​យោធា​។​មើលឃើញ​ពី​ការ​គំរាម​នេះ​ តៃវ៉ាន​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជូន​នាវាចម្បាំង​និង​យន្តហោះ​តាមឃ្លាំមើល​ក្រុម​នាវា​ដឹក​យន្តហោះ​របស់​ចិន​មួយ​ដែល​បាន​បើក​កាត់​ច្រក​​សមុទ្រ​។​

​អា​រិ​ភាព​របស់​ចិន​ចំពោះ​តៃវ៉ាន់​បាន​កើនឡើង​ចាប់តាំងពី​ការជាប់ឆ្នោត​របស់​ប្រធានាធិបតី​សៃ អ៊ិ​ង​-​វេន នៅ​ឆ្នាំ​២០១៦​។​ចិន​សង្ស័យថា​​លោកស្រី​សៃ ចង់​ជំរុញ​ឯករាជ្យភាព​ផ្លូវការ​សម្រាប់​កោះ​តៃវ៉ាន់​ដែលជា​ការឆ្លង​ផុត​បន្ទាត់​ក្រហម​មួយ​សំរាប់​ពួក​មេដឹកនាំ​នៅ​ក្រុង​ប៉េកាំង​ តែ​ទោះជា​យ៉ាងណា លោកស្រី​សៃ​បាន​និយាយថា លោកស្រី​ចង់​បន្ត​រក្សា​ស្ថានភាព​បច្ចុប្បន្ន​ហើយ​តាំងចិត្ត​ចំពោះ​សន្តិភាព​៕​ដោយ​៖​វាសនា​