The Rock ស្ទាក់ស្ទើរ​ក្នុងការ​រៀបការ​ជាថ្មី បន្ទាប់ពី​ការលែង​លះ​ក្នុង​ឆ្នាំ​២០០៨

314
ចែករម្លែក

ការ​លែងលះ​ក្នុង​ឆ្នាំ​២០០៨​របស់លោក​ដ្វេ​ន ច​ន​សុន រហស្សនាម The Rock បានធ្វើឱ្យ​គាត់​បាក់ស្បាត​មិនទាន់​បាត់​នៅឡើយ​ទេ​។

​តារា​សម្តែង​អាយុ ៤៧ ឆ្នាំ​រូបនេះ​បាន​ចង​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​នាង ឡូ​រិ​ន ហា​សៀន អាយុ ៣៥ ឆ្នាំ​នៅ​ហា​វ៉ៃ​កាលពី​ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ និង​សារភាពថា គាត់​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​រៀបការ​ជា​លើក​ទី​ពីរ បន្ទាប់ពី​លែងលះ​ពី​នាង​ដា​នី ហ្គា​សៀ កាលពី​ជាង​មួយ​ទសវត្សរ៍​មុន​។

​គាត់​បាន​ប្រាប់​ទស្សនា​វ​ដ្តី WSJ ថា “​ការ​លែងលះ​របស់ខ្ញុំ​បានធ្វើឱ្យ​ខ្ញុំ​បាក់ស្បាត​។ ខ្ញុំ​មិន​ខ្លាច​នឹង​រៀបការ​ម្តងទៀត​ទេ គឺ​គ្រាន់តែ​ស្ទាក់​ស្ទើរចិត្ត​។ ប៉ុន្តែ​ឡូ​រិ​ន​ពិតជា​មានការ​អត់ធ្មត់​មិនធម្មតា​។ ខ្ញុំ​ស្រឡាញ់​នាង នាង​ស្រឡាញ់​ខ្ញុំ យើង​មានជីវិត​អស្ចារ្យ​បែបនេះ​ជាមួយគ្នា​”​។​

​ទោះបី​ដ្វេ​ន​និង​ដា​នី ដែលមាន​កូនស្រី​ឈ្មោះ​សាយ​ម៉ុ​ន​អាយុ​១៨​ឆ្នាំ​ជាមួយគ្នា ពុំបាន​លែងលះ​រហូតដល់​ឆ្នាំ​២០០៨​ក្តី ក៏ប៉ុន្តែ​ពួកគេ​បាន​ចែកផ្លូវ​គ្នា​មុននេះ​យូរហើយ ហើយ​នៅពេល​ដ្វេ​ន​បាន​ជួប​ឡូ​រិ​ន គាត់​បាន​លង់​ស្នេហ៍​នឹង​នាង​ភ្លាម​តែម្តង​។

​ដ្វេ​ន ច​ន​សុន​និយាយថា “​ក្នុងពេល​ត្រឹម​៣០​វិនាទី ខ្ញុំ​យល់ថា វ៉ា​វ នាង​ជានា​រី​អស្ចារ្យ​។ នៅ​គ្រានោះ ខ្ញុំ​កំពុង​ឆ្លងកាត់​ការបែកបាក់​ជាមួយ​ដា​នី ហើយ​ហា​សៀន​បាន​លេចមុខ​ឡើង​ចំពេល​កំពុង​បែកបាក់​នោះដែរ​។ អ្វីដែល​ហួសចិត្ត​គឺថា នៅពេល​អ្នក​មិនបាន​ស្វែងរក​អ្វី​សោះ អំណាច​នៃ​ចក្រវាល​បាន​រុញ​វា (​ស្នេហ៍​ថ្មី​) មកឱ្យ​អ្នក​”​។

​ដ្វេ​ន និង ឡូ​រិ​ន បានរស់នៅ​ជាមួយគ្នា​ពី​ពេល​នោះមក និង​មាន​កូនស្រី​ពីរ​នាក់​ជាមួយគ្នា គឺ ឈ្មោះ ចា​ស្មី​ន និង ទីណា ហ្គៀ ហើយ​គាត់​និយាយថា គាត់​ពិតជា​សំណាង​ដែល​រកឃើញ​ស្នេហា​ម្តងទៀត​ជាមួយ​ឡូ​រិ​ន​៕ ដោយ៖កញ្ញាដាលីស

The Rock ស្ទាក់ស្ទើរ​ជាង​១០​ឆ្នាំ​ទម្រាំ​ដាច់ចិត្ត​រៀបការ​ជាមួយ​ឡ​រិ​ន ហា​សៀន កាលពី​ខែសីហា