Tottenham មាន​គម្រោង​ដាក់សំណើ​ផ្ទេរ កីឡាករ វី​ល​សិន និង ដេវីដ ប្រ៊ូ​ក

724
ចែករម្លែក

ក្លឹប Tottenham មាន​គម្រោង​នាំយក​កីឡាករ​ពីររូប​នេះ ខាល​ឡុ​ម វី​ល​សិន (Callum Wilson) និង ដេវីដ ប្រ៊ូ​ក (David Brooks) របស់​ក្លឹប Bournemouth ក្នុងតម្លៃ​៨០​លាន ផោន ស្របពេល​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) អន្ទះសា​ចង់​នាំ យក​កីឡាករ​ទាំងពីរ​រូបនេះ ដើម្បី​ប្រជែង​យក​កៅអី​នៅមុន​រដូវ​កាល​ថ្មី​។​
​ ​
គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ទទួលបាន​ភ្លើង​ខៀវ​ពី​ប្រធាន​ក្លឹប ដា​នី​ញែ​ល ឡេ​វី (Daniel Levy) ដើម្បី​រុះរើ​ក្រុម​នៅ​រដូវក្តៅ​នេះ ខណៈ​ពួកគេ​ទំនងជា​ចង់​រៀបចំ​ក្រុម ឡើងវិញ សម្រាប់​ការប្រកួត​ក្នុង​លី​ក​និង​ក្របខណ្ឌ​អឺរ៉ុប​។​
​ ​
លោក ប៉ូ​ចេ​តទី​ណូ ចង់​នាំយក​កីឡាករ​អង់គ្លេស វី​ល​សិន ដើម្បី​បំពេញ​កង្វះខាត និង​ដើម្បី​ប្រជែង​ជាមួយ​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) ស្របពេល ប្រ៊ូ​ក នឹង​បន្ថែម កម្លាំង​តំបន់​បម្រើ​។
​ ​
វី​ល​សិន ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ចាប់តាំងពី​ផ្ទេរ​ពី​ក្លឹប Coventry មក​ចូលរួម ជាមួយ​ក្រុម Bournemouth កាលពី​៥​ឆ្នាំមុន ហើយ​កន្លងមក​ធ្លាប់​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ រកបាន​៥៨​គ្រាប់​ក្នុងការ​បង្ហាញ មុខ​១៤៨​លើក​សម្រាប់​ក្រុម របស់លោក អេ​ដ​ឌី ហូ​វ (Eddie Howe) ហើយ​ធ្លាប់​លេង​ឲ្យ​ជម្រើសជាតិ​ពីរលើក អំឡុងពេល​វេលា​នោះ​ផងដែរ​។​
​ ​
​ក្រុម​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុង​ដ៍​នេះ មិនទាន់បាន​ផ្ទេរ​កីឡាករ​ថ្មី​ម្នាក់​នៅឡើយ​ទេ អំឡុង​រដូវ​កាល​ទិញដូរ​កីឡាករ​ពីរលើក​កន្លង​មក ប៉ុន្តែ​លោក ប៉ូ​ចេ​តទី​ណូ នៅតែ​អាច ដឹកនាំ​ក្រុម​នេះ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ស្របពេល​ក្រុម Spurs ឡើងដល់​វគ្គ ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​