Toyota បង្ហាញ​រូបរាង​រថយន្ត​អ៊ីដ្រូសែន​កែ​ម៉ូត​ថ្មី​ទាំងស្រុង​ដើម្បី​ប្រជែង​ជាមួយ Tesla

380
ចែករម្លែក

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រុមហ៊ុន​ផលិត​រថយន្ត Toyota បានបង្ហាញ​នូវ​រថយន្ត​អាគុយ​ឥន្ធនៈ​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន​រចនា​ម៉ូត​ឡើងវិញ​ថ្មី​ទាំងស្រុង​ក្នុងការ​ប៉ុនប៉ង​ចុងក្រោយ​របស់ខ្លួន​ដើម្បី​ធ្វើឱ្យ​តម្រូវការ​លើ​បច្ចេកវិជ្ជា​ថ្មី​នេះ ក្លាយជា​តម្រូវការ​ធំ​នៅលើ​ទីផ្សារ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេ​របស់​ជប៉ុន​នេះ​បាននិងកំពុង​ផលិត​យានយន្ត​ប្រើ​អាគុយ​ឥន្ធនៈ​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មកហើយ ប៉ុន្តែ​បច្ចេកវិជ្ជា​នេះ​ត្រូវបាន​លុបបំបាត់​ដោយ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​រថយន្ត​អាគុយ​ថ្ម​លី​ចូ​ម​ដើរ​ដោយ​ថាមពល​អគ្គិសនី ដែល​កំពុង​ផ្សព្វផ្សាយ​យ៉ាងខ្លាំង​ក្លា​ដោយ​ក្រុមហ៊ុន​ជាច្រើន​ដូចជា​ក្រុមហ៊ុន Tesla Inc ជាដើម​។​

​នៅមុន​ពិព័រណ៍​រថយន្ដក្រុង​តូ​ក្យូ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែតុលា ក្រុមហ៊ុន Toyota បានដាក់​បង្ហាញ​គំរូ​រថយន្ត​អ៊ីដ្រូសែន​ស៊េរី​ថ្មី ដែល​សាងសង់​នៅលើ​តួ​តែមួយ​ដូច​រថយន្ត LS របស់​ម៉ាក Lexus ដែរ​។ ក្រុមហ៊ុន​បាន​និយាយថា ម៉ូ​ដែល​ថ្មី​នេះ​ម៉ាក Mirai មាន​រយៈ​ចម្ងាយ​បើកបរ​បាន​ឆ្ងាយ​ជាង​រថយន្ត​ស៊េរី​មុន និង បានរៀបចំ​កន្លែង​ដាក់​អាគុយ​ឥន្ធនៈ​ថ្មី​ទាំងស្រុង និង ធុង​ផ្ទុក​អ៊ីដ្រូសែន​ក៏​ថ្មី​ទាំងស្រុង​ដែរ​។​

​លោក យ៉ូ​ស៊ីកា​ហ្ស៊ូ តា​ណា​កា ប្រធាន​វិស្វករ​នៃ​រថយន្ត Mirai ថ្មី​នេះ​បាន​និយាយថា “​យើង​ចង់​ផលិត​រថយន្ត​មួយ​ដែល​មនុស្ស​ពិតជា​ចង់​ទិញ មិនមែន​គ្រាន់តែ​ជា​រថយន្ត​សន្សំសំចៃ​ថាមពល​នោះទេ​។ យើង​ចង់បាន​អ្វីដែល​គេ​រីករាយ​ក្នុងការ​បើកបរ​”​។​

​ម៉ូត​ឌី​ហ្សា​ញ​ថ្មី​បែប​ស្ព័​រ​រប​ស់វា​ជាមួយនឹង​តួ​វែង​និង​សាក់​ស៊ី​ទាប​គឺជា​ការកត់សម្គាល់​នូវ​ការចាកចេញ​ពី​រថយន្ត Mirai ជំនា​ន់ទី ១ ដែល​មើលទៅ​ដូចជា​រថយន្ត Prius ហាយ​ប្រ៊ី​ដ​មាឌ​កំប៉ោង​។​

​យោងតាម​ក្រុមហ៊ុន​បានឱ្យដឹងថា រថយន្ត​ថ្មី​នេះ​មានការ​កែលម្អ​លើ​រយៈ​ចម្ងាយ​ប្រសើរ​ជាង​មុន ៣០ ភាគរយ ដោយ​ឥឡូវ​អាច​បើក​បាន​ចម្ងាយ​ប្រហែល ៧០០ គីឡូម៉ែត្រ​។​

​លោកតា​ណា​កា​បាន​និយាយថា រថយន្ត Mirai ចុងក្រោយ​នេះ​ចំណាយ​តិច​ក្នុង​ការផលិត​ជាង​រថយន្ត​ស៊េរី​មុន ដោយសារតែ​ការ​ងាក​មករក​ការផលិត​ទ្រង់ទ្រាយ​ធំ​។ ម៉ូ​ដែល​ថ្មី​នេះ​ភាគច្រើន​គឺ​ផ្គុំ​ដោយ​ដៃ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Mirai ស៊េរី​ថ្មី​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន