UNICEF ដាក់ឱ្យ​ដំណើរការ​គេហទំព័រ​ស្ដីពី ការចិញ្ចឹម​បីបាច់​កូន ដើម្បីឱ្យ​ឪពុក​ចូលរួម​

500

ដោយៈ មេសា​/ភ្នំពេញៈ អង្គការ UNICEF មាន​ទស្សនៈ​ថា  ឪពុក គឺជា​ធនធាន​អភិវឌ្ឍន៍​កុមារ​មួយ​ល្អ​បំផុត ដែល​ពុំទាន់​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​នៅឡើយ  ។ ហេតុនេះ​ខណៈពេលដែល​ការអបអរសាទរ​ទិវា​ឪពុក ត្រូវបាន​ធ្វើឡើង​ក្នុងប្រទេស​ចំនួន​ប្រហែល ៩០ នៅ​ខែ​នេះ​យូ​នី​សេ​ហ្វ​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ​គេហទំព័រ​ថ្មី​មួយ​ស្ដីពី​ការចិញ្ចឹម​បីបាច់​កូន (parenting)​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឪពុក​ដ៏​អស្ចារ្យ (Super Dads)” ដើម្បី​ទទួលស្គាល់​តួនាទី​ឪពុក ក្នុងការ​អភិវឌ្ឍ​កូនតូច​របស់​ពួកគេ​។ យូ​នី​សេ​ហ្វ​កំពុង​អំពាវនាវ​ឱ្យមាន​ការផ្ដល់​ការគាំទ្រ​បន្ថែមទៀត​ដល់​ឪពុក​នៅ​ទូទាំង​សកលលោក​រួមមាន​គោលនយោបាយ​ដែល​ផ្ដល់ឱ្យ​ឪពុកម្ដាយ​នូវ​ពេលវេលា និង​ធនធាន​ដែល​ពួកគេ​ត្រូវការ ដើម្បី​ចំណាយ​ពេលវេលា​មានតម្លៃ ជាមួយ​កូនៗ​របស់​ពួកគេ​។​ ​នេះ​បើតាម​សេចក្តីប្រកាស​របស់​អង្គការ UNICEF ។

​តាមរយៈ​សេចក្តីប្រកាស​ខាងលើនេះ បណ្ឌិត​Pia Britto ប្រធាន​ផ្នែក​អភិវឌ្ឍ​កុមារ​តូច​របស់ UNICEF មានប្រសាសន៍ថា “​ឪពុក​មាន​តួនាទី​លើសពី​អ្នកផ្តល់​កំណើត​ទី​២ ឬ​ដៃ​មួយគូ​បន្ថែម​។ ឪពុក​គឺជា​ធនធាន​ដ៏​ល្អ​បំផុត​ដែល​យើង​មាន​ដើម្បី​អភិវឌ្ឍ​កុមារ ហើយ​ប្រសិនបើ​យើង​ចង់​ផ្ដល់ឱ្យ​កុមារ​នូវ​ការចាប់ផ្ដើម​ល្អ​បំផុត​ក្នុង​ជីវិត យើងទាំងអស់គ្នា​ត្រូវ​ទទួលស្គាល់ និង​ប្រើប្រាស់​តួនាទី​នេះ​ឱ្យអស់​លទ្ធភាព​”​។


​សេចក្តីប្រកាស​ដដែល​នេះ បន្ថែមថា គេហទំព័រ​នេះ​នឹង​ប្រមូលផ្ដុំ​ឪពុក​ជុំវិញ​ពិភពលោក​ដើម្បី​ចែករំលែក​ដំបូន្មាន​អំពី​ការចិញ្ចឹម​បីបាច់​កូន ឧបសគ្គ​ចម្បង​នានា​តម្រូវការ និង​ភាពជោគជ័យ​របស់​ពួកគេ​។ គេហទំព័រ​នេះ​ក៏​នឹងមាន “​ថ្នាក់​ជំនាញ​ខ្នាតតូច អំពី​ការចិញ្ចឹម​បីបាច់​កូន​”​ជា​លើកដំបូង​ដែល​បណ្ឌិត Pia Britto​ប្រធាន​ផ្នែក​អភិវឌ្ឍ​កុមារ​តូច​សកល​របស់ UNICEF ពន្យល់​ពី​សារៈសំខាន់​នៃ​ការការពារ ក្តី​ស្រឡាញ់ និង​អាហារូបត្ថម្ភ​ល្អ សម្រាប់​ការអភិវឌ្ឍ​ខួរក្បាល​ឱ្យមាន​សុខ​ភាពល្អ​ទៅកាន់​Sesame Street’s Grover​។​

​យុទ្ធនាការ “​ឪពុក​ដ៏​អស្ចារ្យ​” មាន​គោលបំណង​រំឭក​ប្រាប់​ឪពុកម្ដាយ​នៅ​គ្រប់​ទីកន្លែង​ថា នៅពេល​ឪពុក​ថែរក្សា​កូនតូច​របស់​ពួកគេ​អំឡុង​ឆ្នាំ​ដំបូងបង្អស់​នៃ​ជីវិត តាមរយៈ​ការផ្ដល់​សេចក្ដីស្រឡាញ់ និង​ការការពារ ការលេង​ជាមួយ​ពួកគេ និង​ការមើល​ខុសត្រូវ​លើ​អាហារូបត្ថម្ភ​របស់​ពួកគេ នោះ​កូនៗ​របស់​ពួកគេ​នឹង​រៀនសូត្រ​បាន​ប្រសើរ មិនសូវមាន​បញ្ហា​ផ្នែក​ឥរិយាបថ និង​ក្លាយជា​មនុស្ស​ប្រកបដោយ​សុខភាព​មាំមួន និង​សប្បាយរីករាយ​។


UNICEF អំពាវនាវ​សារជាថ្មី ដើម្បី លុបបំបាត់​ឧបសគ្គ​ផ្នែក​វប្បធម៌ និង​ហិរញ្ញវត្ថុ ដែល​រារាំង​ឪពុក​ពី​ការចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ជាមួយនឹង​កូនតូចៗ​របស់​ពួកគេ​។ បណ្ឌិត Britto​មានប្រសាសន៍ថា “​ពុំមាន​ពេលណា​ដែល​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ខួរក្បាល​ស្មើ​រយៈពេល​១០០០​ថ្ងៃ​ដំបូង​នៃ​ជីវិត​កុមារ​ឡើយ មាន​ភស្តុតាង​កាន់តែច្រើន​ដែល​បង្ហាញថា​ឪពុក​មាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ដំណើរការ​នេះ​។ បើទោះជា​មាន​ភស្តុតាង​ច្រើន​ក៏ដោយ ក៏​នៅ​មិនទាន់មាន​ការវិនិយោគ​គ្រប់គ្រាន់​ទៅលើ​ការគាំទ្រ ដែល​ឪពុក​ត្រូវការ​ជាបន្ទាន់​ដើម្បី​អនុវត្ត​និង​ក្លាយជា​ឪពុក​ល្អ​បំផុត​តាម​លទ្ធភាព​ដែល​ពួកគេ​អាចធ្វើ​បាន​នៅឡើយ​”​។​

​ភាពជឿនលឿន​ផ្នែក​វិទ្យាសាស្ត្រ​ខួរក្បាល​បាន​បង្ហាញថា នៅពេល​កុមារ​រស់នៅក្នុង​បរិយាកាស​ប្រកបដោយ​ការថែទាំ​ល្អ​អំឡុង​ឆ្នាំ​ដំបូងបង្អស់​នៃ​ជីវិត ជាពិសេស​រយៈពេល​១០០០​ថ្ងៃ​ដំបូង ខួរក្បាល​របស់​ពួកគេ​អាច​អភិវឌ្ឍ​ក្នុង​ល្បឿន​មួយ​ល្អ​បំផុត​។ តំណ ភ្ជាប់ កោសិកា​ខួរក្បាល​ទាំងនេះ​កំណត់​ប្រាជ្ញា​សុខភាព និង​សុភមង្គល របៀប​រៀន និង​គិត​សមត្ថភាព​ទប់ទល់​នឹង​ស្ត្រេ​ស និង​លទ្ធភាព​ក្នុង​ការកសាង​ទំនាក់ទំនង​របស់​កុមារ​។ អាហារូបត្ថម្ភ​ល្អ ការការពារ ការលេងកម្សាន្ត និង​សេចក្ដីស្រឡាញ់​ក្នុង​វ័យ​កុមារភាព​អំឡុង​ឆ្នាំ​ដំបូងៗ​នៃ​ជីវិត​ជួយ​បង្កើត​តំណ​ភ្ជាប់​កោសិកា​ខួរក្បាល​ទាំងនេះ នៅក្នុង​ខួរក្បាល​របស់​កុមារ​។​
​ការស្រាវជ្រាវ​បង្ហាញថា​នៅពេលដែល​ឪពុក​អាច​កសាង​ទំនាក់ទំនង​ស្អិតរ​មួ​ត​ជាមួយ​កូនតូច​របស់​ពួកគេ​ចាប់ពី​រយៈពេល​ដំបូង​នៃ​ជីវិត ពួកគេ​ដើរតួ​កាន់តែ​សកម្ម​នៅក្នុង​ការអភិវឌ្ឍ​កូនៗ​របស់​ពួកគេ និង​មាន​សុខភាព​ផ្លូវចិត្ត ការផ្ដល់​តម្លៃ​ដល់​ខ្លួនឯង និង​ការពេញចិត្ត​នឹង​ជីវិត​កាន់តែ​ប្រសើរ​ជាង​មុន​ក្នុង​រយៈពេល​វែង​។​

​គំនិត​ផ្ដួចផ្ដើម “ ឪពុក​ដ៏​អស្ចារ្យ​” គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ #EarlyMomentsMatter របស់ UNICEF ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​អំពី​បរិយាកាស និង​បទពិសោធ​របស់​កុមារ​អំឡុងពេល​ដំបូង​នៃ​ជីវិត ដែល​ពាក់ព័ន្ធ​នឹង​សុខភាព សុខុមាលភាព សមត្ថភាព​រៀនសូត្រ និង​កម្រិត​ចំណូល​របស់​កុមារ នៅពេលដែល​ពួកគេ​ក្លាយជា​មនុស្សពេញវ័យ ។


​ជាទូទៅ​ទិវា​ឪពុក​ពិភពលោក ធ្វើ​នៅ​ថ្ងៃទី ១៧ ខែ មិថុនា ប៉ុន្តែ​នៅ​បណ្តា​ប្រទេស​ខ្លះ ទិវា​នេះ​ធ្វើ​នៅ​ថ្ងៃ​ខុសៗ​គ្នា ៕ Kh