VinSmart​របស់​វៀតណាម នឹង​បញ្ចេញ​ស្មា​ត​ហ្វូន​5G នៅ​ឆ្នាំក្រោយ​

325
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​វៃឆ្លាត​វៀតណាម​VinSmart​នឹង​បញ្ចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​5G​លើកដំបូង​របស់​ខ្លួន​នៅ​ខែ​កក្កដា​ឆ្នាំ​ក្រោយ ហើយ​នឹង​ប្រើ​ស្ថានីយ​និង​ឧបករណ៍​5G​ផ្ទាល់​​របស់ខ្លួន​។​

​ង៉ូ ហ័ង​អាញ់ ប្រធាន​នាយកដ្ឋាន​សូ​ហ្វ​វែ​រ និង​អភិវឌ្ឍន៍​5G បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​តុលា​ថា «​យើង​បាន​ស្ថាបនា​កន្លែង​សិក្សា​ស្រាវជ្រាវ​ហើយ​នឹង​អភិវឌ្ឍ​ស្មា​ត​ហ្វូន​និង​​គ្រឿង​ឧបករណ៍​ទូរគមនាគមន៍​5G»​។​

​អាញ់ បាន​និយាយថា ក្រុមហ៊ុន​ក៏​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាម៉េរិក Cisco​និង Intel ដើម្បី​បង្កើត​បច្ចេកវិទ្យា​5G​។​កាលពី​ខែ​មិថុនា ក្រុមហ៊ុន​VinSmart​បាន​​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​Fujitsu របស់​ជប៉ុន​និង Qualcomm​របស់​អាម៉េរិក​ដើម្បី​អភិវឌ្ឍ​ស្មា​ត​ហ្វូន 5G​របស់ខ្លួន​។​ក្រុមហ៊ុន​VinSmart​ក៏​បាន​ស្នើសុំ​ទៅ​ក្រសួង​ព័ត៌មាន​​ដើម្បី​សាកល្បង​ស្ថានីយ​5G​របស់ខ្លួន​។​

និយោជិត​វេច​ខ្ចប់​ទូរស័ព្ទ​Vsmart​របស់​ក្រុមហ៊ុន​VinSmart នៅ​រោងចក្រ​ក្នុង​ទីក្រុង​ហាយ​ហ្វុង​

​អ្នកជំនាញ​បច្ចេកវិទ្យា​លោក​ផាំ ហុង ភឿក បាន​និយាយថា ការអភិវឌ្ឍន៍​សេវា​5G​របស់​VinSmart​ជា​ចំណាត់ការ​សមស្រប​នៅ​ឆ្នាំ​នេះ​និង​នៅ​ឆ្នាំក្រោយ ហើយ​វៀតណាម​មាន​បំ​​ណង​ធ្វើ​ពាណិជ្ជកម្ម​សេវា​5G​នៅ​ឆ្នាំក្រោយ​។​

​ការប្រកាស​របស់​VinSmart​កើត​ឡើង​ក្រោយ​ពី​មាន​ការប្រកាស​ស្រដៀង​គ្នា​ពី​ក្រុមហ៊ុន Viettel​ដែល​បានចាប់ផ្តើម​ការសាកល្បង​ផ្សាយ​ដោយ​ប្រើ​សេវា​5G​កាលពី​ខែ​កញ្ញា និង​គូប្រជែង​VNPT​ដែល​បាន​ប្រកាស​ធ្វើ​ដូច​គ្នា​។​

​ទូរស័ព្ទ​វៃឆ្លាត​ប្រើ​សេវា 5G​មិនទាន់​ត្រូវបាន​ផលិត​ឬ​ចែកចាយ​លក់​នៅ​វៀតណាម​នៅឡើយ​ទេ លើកលែង​តែ​ការនាំ​ចូល​ដោយ​បុគ្គល​តាម​យន្តហោះ​មកពី​ក្រៅប្រទេស​។​គេ​ថា​5G​មាន​ល្បឿន​លឿន​ជាង​4G​ដល់​ទៅ​១០០​ដង ដែល​ល្អ​បំផុត​សំរាប់​ការប្រើ​នៅ​ស្មា​ត​ហ្វូន​និង​ឧបករណ៍​ស្រដៀង​ផ្សេងៗ​។​5G​ក៏​អាច​ប្រើ​ក្នុង​វិធី​ព្យាបាល​រោគ​ពី​ចម្ងាយ​និង​ការបើកបរ​​ស្វ័យប្រវត្តិ​៕​ដោយៈ​វាសនា​