WhatsApp ដាក់​ឱ្យប្រើ​វីដេអូ​ជា​ក្រុម​អាច​ជជែក​មើលមុខ​គ្នា​បាន​៤​នាក់​ក្នុងពេល​ដំណាលគ្នា នៅលើ​ប្រព័ន្ធ Android និង iOS

1112
ចែករម្លែក

WhatsApp បានដាក់​ឱ្យប្រើ​វីដេអូ​ជា​ក្រុម​សម្រាប់​កម្មវិធី​ជជែក​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព​របស់ខ្លួន​។​

​ចាប់ពី​ថ្ងៃទី​៣១​កក្កដា អ្នក​ប្រើ Android និង iOS អាចបង្កើត​វីដេអូ​ឬ​ការហៅ​ជា​សំឡេង​បាន​គ្នា ៤ នាក់​ជាមួយ​លេខ​ទំនាក់ទំនង​នៅ​ទូទាំង​ពិភពលោក​។​

​ក្រុមហ៊ុន Facebook ដែល​កាន់កាប់ WhatsApp បាន​នាំមក​នូវ​មុខងារ​ជជែក​កម្សាន្ត​ជា​វីដេអូ​ស្រដៀង​គ្នា​ដល់​សេវាកម្ម Facebook Messenger របស់ខ្លួន​កាលពី​ខែធ្នូ​ឆ្នាំ ២០១៦​។​

​ដើម្បី​ចាប់ផ្តើម​ការហៅ​វីដេអូ​ជា​ក្រុម​នៅក្នុង WhatsApp អ្នក​ប្រើ​ត្រូវ​ចាប់ផ្តើម​ការហៅ​មួយ​ទល់​មួយ​ជាមួយ​លេខ​ទំនាក់ទំនង​តែមួយ​សិន​។​

​ដើម្បី​ធ្វើដូច្នេះបាន ត្រូវ​បើក​ការសន្ទនា​ជា​អក្សរ​ជាមួយ​លេខ​ទំនាក់ទំនង​ដែល​អ្នក​ចង់​ហៅ​ជា​វីដេអូ ហើយ​ចុច​លើ​កាមេរ៉ា​នៅ​ផ្នែក​ខាងលើ​នៃ​អេក្រង់​។​

​នៅពេលដែល​ការហៅ​ត្រូវបាន​បង្កើតឡើង អ្នក​អាច​បន្ថែម​រហូតដល់​២​នាក់​ទៀត​ដោយ​ប្រើ​ប៊ូ​តុង​នៅ​ជ្រុង​ខាងស្តាំ​ផ្នែក​ខាងលើ​នៃ​អេក្រង់​។​

​វា​នឹង​បង្ហាញ​អេក្រង់​ដែល​អ្នកប្រើប្រាស់ អាច​ស្វែងរក​ឬ​ជ្រើសរើស​លេខ​ទំនាក់ទំនង​ផ្សេងទៀត​ដើម្បី​បន្ថែម​ទៅលើ​ការហៅ​ជា​វីដេអូ​។​

​ប្រសិនបើ​បើក WhatsApp ហើយ​មិនឃើញ​មុខងារ​ថ្មី​នេះ សូមកុំ​ទាន់​អាល​ភ័យ ព្រោះ​ដំណើរការ Update ថ្មី​ទូទាំង​ពិភពលោក​ធ្វើឡើង​រាង​យឺត​បន្តិច​តាម​ប្រទេស​នីមួយៗ​៕ ដោយ៖ កញ្ញាដាលីស

WhatsApp ឥឡូវ​អាច​ជជែក​ជា​វីដេអូ​មើលមុខ​គ្នា ៤ នាក់​ក្នុងពេល​តែមួយ