WHO៖ កូរ៉ូណា​វីរុស​នៅតែ​ជា​គ្រោះអាសន្ន​នៅ​ចិន​និង​អំពាវនាវ​អោយ​មាន​ការ​រួម​កម្លាំង​គ្នា​ប្រឆាំង​វា​

340
ចែករម្លែក

​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​កុម្ភៈ​ថា​ការផ្ទុះ​កូរ៉ូណា​វីរុស​នៅតែ​ជា​គ្រោះអាសន្ន​សំរាប់​ចិន​និង​វា​មិនអាច​​ទៅរួច​ទេ​នឹង​ប្រាប់​ថា​តើ​ជម្ងឺឆ្លង​នេះ​នឹង​រាលដាល​ទៅ​ទីណា​។​

​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក

​លោក​វេជ្ជបណ្ឌិត ថេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេស៊ូ​ស បាន​ប្រាប់​សន្និសីទ​មួយ​នៅ​ក្រុង​មុយ​នី​ច ប្រទេស​អាឡឺម៉ង់​ថា​ចំណាត់ការ​ប្រកាន់​យក​ដោយ​ប្រទេស​ចិន​​បាន​ពន្យឺត​ការឆ្លង​រាលដាល​វីរុស​នេះ តែ​នៅ​មាន​ការព្រួយបារម្ភ​អំពី​ការឆ្លង​បន្ថែម​នៅ​ទីនោះ​។​

​លោក​បាន​និយាយថា ក្រុម​អ្នកជំនាញការ​អន្តរជាតិ​មួយ​កំពុង​ធ្វើការ​នៅ​ទីតាំង​ផ្ទុះ​ជម្ងឺ​ជាក់ស្តែង​ជាមួយ​ភាគី​ចិន ដើម្បី​ស្វែងយល់​អំពី​ការផ្ទុះ​ជម្ងឺឆ្លង​នេះ ដើម្បី​​រក​វិធានការ​ឆ្លើយតប​បន្ទាប់​។​លោក​ក៏​បាន​អំពាវនាវ​អោយ​សហគមន៍​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​អំពី​កូរ៉ូណា​វីរុស​នេះ​ព្រោះ​ព័ត៌មាន​ក្លែង​​ក្លាយ​«​រាលដាល​លឿន​ជាង​វីរុស និង​គ្រោះថ្នាក់​។​យើង​អំពាវនាវ​អោយ​បណ្តា​រដ្ឋាភិបាល​និង​ក្រុមហ៊ុន រួមទាំង​អង្គការ​សារព័ត៌មាន​ធ្វើការ​ជាមួយ​ពួក​យើង​ដើម្បី​​ចេញ​ការព្រមាន​សមស្រប ដោយ​មិន​បំផ្លើស​ការពិត​»​។​

​ដោយ​មិន​និយាយ​ចំ​រដ្ឋាភិបាល​ណាមួយ មេដឹកនាំ​អង្គការ​សុខភាព​ពិភពលោក​រូបនេះ បាន​និយាយថា ប្រទេស​មួយចំនួន​បាន​ចាត់​វិធានការ​បង្ការ​វីរុស​ឆ្លង​នេះ​​ដោយ​មិន​បាន​ប្រឹក្សា​យោបល់​ជាមួយ​ក្រសួង​សុខាភិបាល ឬ​ពិចារណា​អំ​ពិ​ផលវិបាក​នៃ​វិធានការ​ទាំងនោះ​ទេ​។​

​ចុងបញ្ចប់ លោក​វេជ្ជបណ្ឌិត ថេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេស៊ូ​ស បាន​អំពាវនាវ​អោយ​មាន​ការរួម​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រាលដាល​បច្ចុប្បន្ន​៕​ប្រែ​​សម្រួល​៖​វាសនា​