WHO ៖ ការបំពុល​ខ្យល់អាកាស​នៅ​ហ្សា​ការ​តា​អាក្រក់​ជាង​នៅ​បាងកក តែ​ប្រសើរ​ជាង​ម៉ានីល​

1599
ចែករម្លែក
  • 19
    Shares

​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បានបង្ហាញ​ឱ្យដឹងថា ការបំពុល​ខ្យល់អាកាស​នៅ​ទីក្រុង​ហ្សា​ការ​តា​គឺ​អាក្រក់​ជាង​ទីក្រុង​បាងកក ប៉ុន្តែ​មិនអាក្រក់​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នោះទេ​។​

​ក្រុង​ហ្សា​ការ​តា​និង​ទីក្រុង​បាងកក​គឺ​ល្បីល្បាញ​ខាង​ស្ទះចរាចរណ៍​។ ការ​បំ​ភាយ​ឧស្ម័ន​ពី​យានយន្ត​ដែល​បើក​យឺតៗ​បានរួម​ចំណែក​ដល់​ការបំពុល​បរិយាកាស​។​

​របាយការណ៍​ចុងក្រោយ​របស់ WHO គឺមាន​ទិន្នន័យ​ធំ​នៃ​ការវាស់វែង​ចុងក្រោយ​បំផុត​នៃ​ភាគល្អិត​ពុល PM10 និង PM2.5 នៅក្នុង​ទីក្រុង​ជាង ៤.៣០០ ក្នុងប្រទេស​ចំនួន ១០៨​។​

PM10 ដែលជា​ភាគល្អិត​ក្រាស់ និង PM2.5 ដែលជា​ភាគល្អិត​ស្តើង គឺជា​ភាគល្អិត​បំពុល​ខ្យល់ ដែលមាន​អង្កត់ផ្ចិត​តិចជាង ១០ និង ២,៥ មី​ក្រុង (Micron) ដែល​អាច​ជ្រាបចូល​ទៅក្នុង​ផ្លូវដង្ហើម​និង​បង្កឱ្យមាន​បញ្ហា​សុខភាព​រយៈពេល​វែង​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​លើកទឹកចិត្ត​ទីក្រុង​ទាំងអស់​ឱ្យធ្វើ​យ៉ាងណា​មាន​បរិមាណ​បំពុល​ខ្យល់​តិចជាង ២០ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប (ug/m3) (​សម្រាប់​ភាគល្អិត PM10) និង ១០ ug/m3 (​សម្រាប់​ភាគល្អិត PM2.5)​។​

​ការវាស់ស្ទង់​នៅ​ឆ្នាំ ២០១៦ បាន​រកឃើញថា​តម្លៃ​មធ្យម​ប្រចាំឆ្នាំ​នៃ​ភាគល្អិត PM10 នៅ​ទីក្រុង​ហ្សា​ការ​តា​មាន​កម្រិត ៨២ ug/m3 និង ភាគល្អិត PM2.5 នៅ​កម្រិត ៤៥ ug/m3​។ ខ្យល់អាកាស​នៅ​ទីក្រុង​បាងកក វាស់វែង​នៅ​ឆ្នាំ ២០១៥ មានតម្លៃ ៤១ ug/m3 សម្រាប់​ភាគល្អិត PM10 និង ២៨ ug/m3 សម្រាប់​ភាគល្អិត PM2.5 គឺ​សឹងតែ​ស្មើ​ពាក់កណ្តាល​នៃ​រដ្ឋធានី​ហ្សា​ការ​តា​។

​ហ្សា​ការ​តា​មិនមែនជា​ទីក្រុង​យ៉ាប់​ជាងគេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​ទេ ជាពិសេស​បើ​ប្រៀបធៀប​ទៅនឹង​ទីក្រុង​ម៉ានីល​និង​ហូជីមិញ​។ នៅ​ឆ្នាំ ២០១៦ ទីក្រុង​ម៉ានីល​មាន​កម្រិត ១១៨ ug/m3 សម្រាប់​ភាគល្អិត PM10 និង ២៩ ug/m3 សម្រាប់​ភាគល្អិត PM2.5 ខណៈពេលដែល​ក្រុង​ហូជីមិញ​មាន​កម្រិត ៩០ ug/m3 សម្រាប់​ភាគល្អិត PM10 និង ៤២ ug/m3 សម្រាប់​ភាគល្អិត PM2.5​។​

​ជាការ​ប្រៀបធៀប ទីក្រុង​ប៉េកាំង​ដែល​ល្បី​ខាង​បំពុលបរិយាកាស​បំផុត​នោះ ត្រូវបាន​វាស់វែង​នៅ​ឆ្នាំ ២០១៦ មាន​កម្រិត ៩២ ug/m3 សម្រាប់ PM10 និង ៧៣ ug/m3 សម្រាប់ PM2.5៕ ដោយ៖ កញ្ញាដាលីស