YouTube កំពុងចាត់វិធានការបន្ថែមដើម្បីរឹតបន្តឹងលទ្ធភាពដែលកុមារត្រូវបានកំណត់មុខសញ្ញាដោយក្រុមជនខិលខូចនៅលើវេបសាយវីដេអូមួយនេះ រួមមានការហាមឃាត់កុមារពីការផ្សាយបន្តផ្ទាល់វីដេអូដោយគ្មានការត្រួតពិនិត្យពីមនុស្សពេញវ័យ។
វេបសាយវីដេអូគ្រប់គ្រងដោយ Google នេះក៏បាននិយាយផងដែរនៅក្នុង Blog Post មួយកាលពីថ្ងៃចន្ទទី៣មិថុនាថា ខ្លួនកំពុងដាក់កំហិតលើការណែនាំវីដេអូ ដែលបង្ហាញពី “អនីតិជនក្នុងស្ថានភាពគ្រោះថ្នាក់”។
គោលនយោបាយថ្មីនេះកើតឡើងបន្ទាប់ពី YouTube កាលពីខែកុម្ភៈបានប្រកាសថា ខ្លួននឹងបិទលទ្ធភាពបញ្ចេញមតិយោបល់នៅលើវីដេអូស្ទើរតែទាំងអស់ដែលបង្ហាញពីកុមារ។
សេចក្តីប្រកាសនេះក៏បានកើតឡើងផងដែរ បន្ទាប់ពីសេចក្តីរាយការណ៍របស់កាសែត New York Times កាលពីថ្ងៃចន្ទ ដោយលើកឡើងពីការស្រាវជ្រាវមួយថា ប្រព័ន្ធណែនាំវីដេអូរបស់ YouTube បានណែនាំវីដេអូនៃ “កុមារស្លៀកពាក់វាលៗ” ដល់អ្នកប្រើប្រាស់ដែលចូលចិត្តមើលរឿងសិច។
យោងតាម YouTube វេបសាយនេះបានអនុវត្តន៍ការរឹតបន្តឹងថ្មីនេះចំពោះប្រព័ន្ធណែនាំដែលផ្អែកលើរូបមន្តពេជ្រគណិត ដោយទប់ស្កាត់ការណែនាំនូវវីដេអូរបស់អនីតិជនដល់អ្នកមើលរាប់សិបលាន។
ទោះយ៉ាងណា វេបសាយនេះនឹងបន្តផ្តល់ណែនាំវីដេអូជាច្រើនជាមួយកុមារដល់អ្នកទស្សនាដទៃទៀត ព្រោះការហាមប្រាមទាំងស្រុងនឹងប៉ះពាល់ដល់អ្នកផលិតវីដេអូ ដែលពឹងផ្អែកលើម៉ាស៊ីនណែនាំដើម្បីបង្កើនចំនួនអ្នកចុចមើល។ នេះបើយោងតាម YouTube ៕ ដោយ៖ កញ្ញាដាលីស