កងកម្លាំងពិសេសរុស្ស៊ីនឹងទទួលបានកាំភ្លើងស្វ័យប្រវត្តិបាញ់ឮសូរសំឡេងតិចបំផុត និងអាចទម្លុះអាវក្រោះទំនើបបានយ៉ាងងាយ

1420
ចែករម្លែក

កាសែត Izvestia បានរាយការណ៍កាលពីថ្ងៃចន្ទទី១៦ធ្នូថា កងកម្លាំងពិសេសរុស្ស៊ីនឹងត្រូវបំពាក់ដោយកាំភ្លើងស្វ័យប្រវត្តិដ៏ទំនើបបំផុតមួយ ដែលគេឱ្យរហស្សនាមថា “អ្នកសម្លាប់ស្ងៀមស្ងាត់”។

យោងតាមរបាយការណ៍បានឱ្យដឹងថា កាំភ្លើងថ្មី ASM Val (ឬ 6P30M) នឹងត្រូវបញ្ជូនទៅកងពលតូចលេខ ២៤ ដែលឈរជើងនៅទីក្រុងណូវ៉ូស៊ីបឺស (Novosibirsk) ដើម្បីធ្វើតេស្តពេញលេញហើយបន្ទាប់មក អាវុធនេះនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

កាំភ្លើង ASM Val ទទួលបានរហស្សនាមបែបនេះដោយសារតែសំឡេងឮតិចបំផុតរបស់វា ខណៈស្នូរកាំភ្លើងអាចស្តាប់ឮតិចបំផុត សូម្បីបាញ់នៅចម្ងាយតែពីរបីម៉ែត្រ។ កាំភ្លើងនេះមានបង់អាចដាក់បាន៣០គ្រាប់ និងប្រព័ន្ធអាមេការពារជម្រាបធូលីដី។ យោងតាមរបាយការណ៍ កាំភ្លើងនេះអាចបាញ់ទម្លុះអាវក្រោះទំនើបបានយ៉ាងងាយ។

កាំភ្លើងវែងជំនាន់មុនៗត្រូវបានប្រើប្រាស់ដោយទីភ្នាក់ងារ KGB របស់សហភាពសូវៀត និងក្រោយមកទៀតប្រើដោយទីភ្នាក់ងារសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ក៏ដូចជាកងកម្លាំងប៉ូលិសនិងអង្គភាពពិសេសមួយចំនួននៃកងទ័ពរុស្ស៊ី៕ ដោយ៖ កញ្ញាដាលីស