កម្ពុជា​-​អាមេរិក បង្ហាញ​ការគាំទ្រ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​

115
ចែករម្លែក

ដោយ​៖ ដេប៉ូ /
​ភ្នំពេញ​៖
ប្រទេស​កម្ពុជា តាមរយៈ​ក្រសួងយុត្តិធម៌ និង​ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក បាន​សម្តែង​នូវ​ការគាំទ្រ ក្នុងការ​ពង្រឹង និង​ពង្រីក កិច្ច​សហប្រតិបត្តិ​ទ្វេភាគី ឱ្យ​កាន់តែ​ល្អប្រសើរ និង​ទូលំទូលាយ​បន្ថែមទៀត ដោយ​ផ្តោតលើ​ការអនុវត្ត​ច្បាប់ និង​ការអភិវឌ្ឍ ធនធានមនុស្ស​។​

​នេះ​បើតាម​ការឱ្យ​ដឹង របស់​ក្រសួងយុត្តិធម៌ ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​។​

​យោងតាម​ការផ្សាយ របស់​ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងជំនួប​ពិភាក្សា​នេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​នូវ ការគាំទ្រ ក្នុងការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​នៅក្នុង​កិច្ចពិភាក្សា​នេះដែរ លោក​ឯកអគ្គរដ្ឋទូត ក៏បាន​សម្តែង​នូវ ការកោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ និង​ឆាប់រហ័ស​របស់ ក្រសួង យុត្តិធម៌ កន្លងមក ក្នុងការ​អនុវត្ត​ច្បាប់ ជាពិសេស កិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធ​នឹង​បត្យាប័ន ការការពារ​កុមារ ការប្រឆាំង​ការរីក​សាយភាយ ហិរញ្ញប្បទាន អាវុធ​ប្រល័យ​លោក និង​ដំណើរការ នៃ​កិច្ច​ស៊ើបអង្កេត លើ​ករណី​មួយចំនួន​៕v