កម្មកររោងចក្រដែលឈប់សម្រាក បុណ្យចូលឆ្នាំនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ

167
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយដោយបានកំណត់ដល់កម្មករ-និយោជិតទាំងអស់ដែលបានឈប់សម្រាកទៅលេងស្រុកក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំ ថ្មីខាងមុខនេះ នៅពេលវិលត្រឡប់មកវិញនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ តាមវិធានចត្តាឡីស័កសុខាភិបាលចំនួន ១៤ថ្ងៃ ដើម្បីជាវិធានការ ការពារនៃការចម្លងជំងឺកូវីដ-១៩ទៅកម្មករ កម្មការិនីដទៃទៀត។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី៩ខែ មេសា ឆ្នាំ ២០២០បានបញ្ជាក់ពីវិធានការបង្ការជំងឺកូវីដ-១៩នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិតទាំងអស់ដែលស្ថិតនៅក្នុងដែនអនុវត្តន៍ នៃ ច្បាប់ស្តីពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះដោយបានកំណត់ដូចជា៖១)កម្មករនិយោជិតត្រូវបន្តធ្វើការងារដូចថ្ងៃធម្មតា នៅតាមរោចក្រ សហគ្រាស គ្រឹះស្ថាន របស់ខ្លួន។២)ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះដោយឯកឯង នោះកម្មករនិយោជិតនឹងត្រូវដាក់វិធានចត្តាឡីស័កសុខាភិបាល(ការដាក់ឱ្យនៅដោយឡែក)រយៈពេលចំនួន១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងមិនទទួលបានប្រាក់ឈ្នួលក្នុងអំឡុងពេលឈប់សម្រាកនេះឡើយ។៣)ករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកក្នុងអំឡុងពេលនេះ ដោយមានការអនុញ្ញាត្តិពីនិយោជក(ថៅកែ)នោះកម្មករនិយោជិត នឹង ត្រូវដាក់ក្នុងវិធានការឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃមុនចូលបំពេញកាងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជក ក្នុងរយៈពេលធ្វើចត្តាឡីស័កនេះ។

ក្នុងប្រភពដដែលនេះបានបញ្ជាក់ដែរថា ក្នុងអឡុងពេលនេះដែរ និយោជកត្រូវចាត់ចែងឱ្យមានបញ្ជីឈ្មោះកម្មករនិយោជិតដែលឈប់សម្រាកក្នុងអំឡុងនេះដើម្បីផ្តល់ជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តវិធានចត្តាឡីស័កសុខាភិបាល(ការដាក់ឱ្យនៅដោយឡែក)។

គួរបញ្ជាក់ថាបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងការងារបានឱ្យដឹងថាការអនុវត្តបែបនេះធ្វើឡើង ដើម្បីបង្ការកុំឱ្យមានការចម្លងជំងឺកូវីដ១៩ ទៅកម្មករ និយោជិត និងបុគ្គលិកដទៃ ក្នុងករណីដែលអ្នកអវត្តមានទាំងនោះបានប៉ះពាល់ ឬជួបជុំ ឬធ្វើដំណើរឆ្លងកាត់តំបន់មានជំងឺកូវីដ។

កាលពីថ្មីៗមកនេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយរបស់រាជរដ្ឋាភិបាលដែលបានធ្វើការ ជូនដំណឹងអំពីការពន្យារពេលឈប់សម្រាកចំនួន៤ថ្ងៃនៅក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមកហើយ ដើម្បីជាវិធានការការពារជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការនេះដែរបាន បញ្ជាក់ថាយោងតាមច្បាប់ការងារនិងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ក្រសួងការងារសូមបញ្ជាក់ជូនដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តិន៍នៃច្បាប់ការងារឱ្យបានជ្រាបថាការឈប់សម្រាកចំនួន៤ថ្ងៃនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៣, ១៤,១៥និង១៦ខែមេសាឆ្នាំ២០២០ខាងមុខនេះត្រូវបានលើកពេល។

ប្រភពដដែលនេះបានបញ្ជាក់បន្ថែម ចំពោះការលើកពេលនៃការឈប់សម្រាក់នេះដែរ រាជរដ្ឋាភិបាលបានកំណត់ចំនួនថ្ងៃត្រូវសងការឈប់សម្រាកចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះចំនួន៥ថ្ងៃជូនដល់បងប្អូនកម្មករនិយោជិតវិញនៅពេលវេលាសមស្របណាមួយ។ក្រសួងនឹងធ្វើការជូនដំណឹងជាថ្មីអំពីការឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ បន្ទាប់ពីទទួលបានការកំណត់ការបរិច្ឆេទជាក់ច្បាស់ណាមួយពីរាជរដ្ឋាភិបាល។

ក្នុងប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថា ដោយយោងតាមសេចក្តីសម្រេចខាងលើនេះ សូមម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន និងបងប្អូកម្មករនិយោជិតទាំងអស់បន្តធ្វើការដូចថ្ងៃធម្មតានៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាងពេលខាងមុខ។

រាជដ្ឋាភិបាលកម្ពុជាបានសម្រេចការលើកពេលឈប់សម្រាកអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិនេះបន្ទាប់ពីក្រសួងសុខាភិបាលបានបង្ហាញការព្រួយបារម្ភ ក៏ដូចជា បានក្រើនរំឭកដល់សាធារណៈជនថា ប្រជាជន ក្រសួងស្ថាប័នអាជ្ញាធរជំនាញពាក់ព័ន្ធ មិនត្រូវធ្វេសប្រហែសឡើយក្នុងការការពារ ក៏ដូចជាការទប់ស្កាត់នៃការចម្លងវីរុសកូវីដ-១៩ ។
ជាមួយគ្នាក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវបន្តរួមគ្នាប្រុងប្រយ័ត្នជានិច្ច និ ងត្រូវកាត់ផ្តាច់កុំឱ្យមានការចម្លងពីបុគ្គលទៅបុគ្គល និង ពីបុគ្គលទៅសហគមន៍ ទៀតនោះ៕/B