កម្មករ​ដែល​ថៅកែ​រត់ចោល​គ្មាន​ប្រាក់​បង់ថ្លៃ​បន្ទប់​ជួល​នាំគ្នា​មក​បោះតង់​រស់នៅ​មុខរោ​ង​ចក្រ​សុំ​ជំនួយ​

3021
ចែករម្លែក

ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ បន្ទាប់ពី​ម្ចាស់​ផ្ទះជួល​បណ្តេញចេញ ដោយសារ​គ្មាន​ប្រាក់​សម្រាប់​បង់ថ្លៃ​បន្ទប់​របស់គេ​បន្តទៀត​នោះ កម្មករ​មួយចំនួន​ដែល​ត្រូវ​ថែ​កែ​រោងចក្រ​រត់ចោល បាននាំគ្នា​បង្ខំចិត្ត​មក​បោះតង់​រស់នៅ​ពី​ខាងមុខ​រោងចក្រ ដើម្បី​រង់ចាំ​ការទូទាត់​ប្រាក់​ឈ្នួល​របស់​ពួកគេ​។​

​ជាមួយ​ទុក្ខលំបាក​ដោយសារ​គ្មាន​កន្លែង​រស់នៅ​នេះដែរ ក្រុមកម្មករ​បាន​អំពាវនាវ​ឱ្យ​សម្បុរ​សជន​ជួយ​ពួកគេ និង​ពិសេស​សុំ​ក្រសួង​ការងារ ដោះស្រាយ​បញ្ហា​ប្រាក់​បុរេប្រទាន​របស់​រាជ​រដ្ឋ​ភិ​បាល ជួយ​ដល់​ពួកគេ​អោយបាន​ឆាប់​។​

​ក្រុមកម្មករ​ដែល​ទទួល​រង​ការលំបាក ត្រូវ​មក​បោះតង់​រស់នៅ​ពីមុខ​រោងចក្រ​ដោយសារ​ថៅកែ​រត់ចោល​នេះ បម្រើ​ការងារ​នៅ​រោងចក្រ អ៊ី​ហ្វា​ហ្គា​មេន អ៊ី​ន​ដាស់​ស្ទ្រី (​ខេ​ម​បូ​ឌា​) ដែល​សព្វថ្ងៃ​ស្ថិតនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្នុងចំណោម​ស្ត្រី​ដែល​ត្រូវ​បង្ខំចិត្ត​មក​បោះតង់​រស់នៅ​ខាងមុខ​រោងចក្រ ចំនួន​៤​ទៅ​៥​នាក់ ដោយសារ​ការបណ្តេញចេញ​ពី​ម្ចាស់​ផ្ទះជួល​នោះ បាន​និយាយថា ការ​មក​រស់នៅ​កណ្តាលវាល​បែបនេះ បានធ្វើអោយ​ពួកគេ​ជួប​នូវ​ហានិភ័យ​សព្វបែបយ៉ាង ប៉ុន្តែ​ដោយសារ​គ្មាន​ជម្រើស​ចាំបាច់​ត្រូវតែ​ជ្រើសរើស​វិធី​នេះ​ដើម្បី​រង់ចាំ​ប្រាក់​ឈ្នួល​របស់​ពួកខ្លួន​។​

​ស្ត្រី​មេម៉ាយ​កូន​បី​មួយរូប​ឈ្មោះ ព្រំ អ៊ី​ដាន ដែល​ធ្វើការ​នៅ​រោងចក្រ​អ៊ី​ហ្វា​ហ្គា​មេន​បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹងថា ដោយសារ​ថៅកែ​រត់ចោល​ចាប់​តាំងតែ​ពីថ្ងៃ​ទី​៧​ខែកុម្ភៈ មក​បានធ្វើអោយ​អ្នកស្រី​គ្មាន​ថ្លៃបង់​បន្ទប់​ជួល ត្រូវ​ម្ចាស់ផ្ទះ​គេ​បណ្តេញចេញ កាលពី​៣​ថ្ងៃ​មុននេះ បានធ្វើឱ្យ​អ្នកស្រី​និង​មិត្តភក្តិ​គ្មាន​ជម្រើស​នាំគ្នា​មក​បោះតង់​រស់នៅ​ខាងមុខ​រោងចក្រ ដើម្បី​រង់ចាំ​បើកប្រាក់​ឈ្នួល​ពី​រាជរដ្ឋាភិបាល​។​

​ស្ត្រី​ដែលមាន​ទាំង​កូន និង​ម្តាយ​ចាស់​អាយុ​៨៧​ឆ្នាំ ក្នុងបន្ទុក​រូបនេះ បាន​ប្រាប់​បន្ថែមថា “​ខ្ញុំ​គ្មាន​ប្រាក់កាស​មួយ​រៀល​ជាប់​ខ្លួន​ទេ ហើយ​ពេលនេះ មក​រស់នៅ​កណ្តាលវាល​ធ្វើឱ្យ​ពេលយប់​ព្រួយបារម្ភ​ពី​សន្តិសុខ​ខ្លាំងណាស់​។ អ្វីដែល​ពិបាក​បំផុត គឺ​ក្រៅពី​អាហារ​ប្រចាំថ្ងៃ ហើយ​នៅ​គ្មាន​កន្លែង​បង់ដៃ​ជើង និង​ងូតទឹក​ថែមទៀត​”​។​

​បញ្ជាក់​ដូចគ្នានេះ កញ្ញា ចេង ស៊ី​ខេង ដែល​ធ្វើការ​នៅ​រោងចក្រ​នេះដែរ បាន​ប្រាប់ថា ពួកគេ​វេទនា​ទាំង​កន្លែង​រស់នៅ​និង​ថ្លៃ​ចាយវាយ​។ ពេលនេះ សង្ឃឹមថា ក្រសួង​ការងារ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​បាន​ឆាប់​ពុំខាន​។​
​ ​សូមបញ្ជាក់ថា ក្រុមកម្មករ​ដែល​ត្រូវ​ថៅកែ​បិទទ្វារ​រត់ចោល​នេះ កើតឡើង​តាំងតែ​ពីថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨​មកម្ល៉េះ​។ រហូតមកដល់​ពេលនេះ ពួកគេ​ពុំទាន់​ទទួលបាន​ការទូទាត់​ប្រាក់​ឈ្នួល​ណាមួយ ពី​សំណាក់​ថៅកែ​រោងចក្រ ឬ​ពី​រាជរដ្ឋាភិបាល​នៅឡើយ​ទេ​។​

​ក្រុមកម្មករ​បាន​និយាយថា ពួកគេ​មួយចំនួន​តែង​មកកាន់​រោងចក្រ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ទទួលដំណឹង​ពី​ការទូទាត់​ប្រាក់​ឈ្នួល ប៉ុន្តែ​ដោយសារ​គ្មាន​ដំណឹង​អ្វី​សោះ ធ្វើឱ្យ​ពួកគេ​អស់សង្ឃឹម​យ៉ាង​
​ខ្លាំង​។​ពួកគេ​ចង់បាន​ការបើក​ប្រាក់​ឈ្នួល​ពី​រាជរដ្ឋាភិបាល ឱ្យបាន​ឆាប់​ពីព្រោះថា ពេលនេះ​កំពុង​ទាល់ច្រក​ហើយ​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បានឱ្យដឹង​កាលពី​ថ្មីៗ មកនេះ​ថា ក្រសួង​កំពុងធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ជូន​កម្មករ​។ នាពេល​នេះដែរ ក្រុមមន្ត្រី​របស់​ក្រសួង​បាន​ចុះ​ត្រួតពិនិត្យ​តាម​រោងចក្រ ដែល​បាន​បិទទ្វារ​ទាំងនេះ ដើម្បី​ទូទាត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យមាន​តម្លាភាព​ត្រឹមត្រូវ​។ ទោះបីយ៉ាងណា លោក រដ្ឋមន្ត្រីក្រសួង​ការងារ​មិនអាច​បញ្ជាក់​ពី​ការ​បរិច្ឆេទ​ពិត​ប្រាកដថា ប្រាក់​ដែល​រាជរដ្ឋាភិបាល​ទូទាត់​ជូន​កម្មករ​នេះ បាន​នៅពេលណា​ឡើយ​។​

​គួរ​បញ្ជាក់ថា គិត​រហូតមក​ដល់ពេលនេះ ជាង​រយៈពេល​២​ខែ​ហើយ ដែល​កម្មករ​អះអាងថា ពួកគេ​ដែលមាន​គ្នា​សរុប​ចំនួន​ជាង​៧០០​នាក់ នៅ​រោងចក្រ​មួយកន្លែង​នេះ មិនទាន់​បានទទួល​ទូទាត់​សំណង​ប្រាក់​ឈ្នួល​ណាមួយ​នៅឡើយ​។ បើតាម​អនុសាសន៍​របស់​ម្តេច​តេ​ជោ ហ៊ុន សែន នា​កន្លងមក​គឺ សម្តេច​បាន​បញ្ជា​ឱ្យ​យក​ថវិកា​របស់​ក្រសួង​សេដ្ឋកិច្ច យកទៅ​ដោះស្រាយ​ជូន​កម្មករ កម្មការិនី​ដោយ មិនត្រូវ​អោយ​ពួកគេ​ជួប​បញ្ហា ដោយ​គ្មាន​ដំណោះស្រាយ​នោះទេ​។ ក្រៅពីនេះ​សម្តេច​អោយ​ក្រសួង​ការងារ ត្រូវខិតខំ​រក​ការងារ​ថ្មី​ជូន​កម្មករ កម្មការិនី​ទៀតផង​៕L