កម្រិតផ្សែងអ័ព្ទប៉ះពាល់សុខភាពគ្របដណ្តប់ទីក្រុងបាងកកជាងមួយសប្តាហ៍ហើយ

269
ចែករម្លែក

កម្រិតផ្សែងអ័ព្ទប៉ះពាល់សុខភាពបានគ្របដណ្តប់លើទីក្រុងបាងកកអស់រយៈពេលជាងមួយសប្តាហ៍មកហើយ ខណៈប្រជាជននៅរាជធានីថៃផ្ទុះកំហឹងចំពោះអប្រសិទ្ធភាពនៃវិធានការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ។

យោងតាមនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានរបស់រដ្ឋាភិបាល ដែលបានពិពណ៌នាកម្រិតអ័ព្ទនេះថាគ្រោះថ្នាក់ខ្លាំង បានឱ្យដឹងថា ខណៈផ្សែងអ័ព្ទក្រាស់ៗគ្របដណ្តប់ពេញទីក្រុងបាងកកនៅថ្ងៃចន្ទទី២០មករា កម្រិតបំពុលខ្យល់បានកើនឡើងដល់ ៩៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃភាគល្អិត PM 2.5 នៅម៉ោងថ្ងៃត្រង់នៅតំបន់ខ្លះ។ កម្រិតអតិបរិមាដែលរដ្ឋាភិបាលគិតថាមានសុវត្ថិភាព គឺ ៥០។

ភាគល្អិត PM 2.5 មានទំហំតូចល្អិតល្មមអាចជ្រាបចូលទៅក្នុងសួត ដែលអាចបង្កជាបញ្ហារលាកទងសួតរយៈពេលខ្លីក៏ដូចជាបញ្ហាសុខភាពរយៈពេលវែងផងដែរ។

អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានលោក ប្រាឡុង ដាំរ៉ុងថៃ បានពន្យល់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃចន្ទថា វិបត្តិផ្សែងអ័ព្ទនៅបាងកកគឺបណ្តាលមកពីខ្យល់ស្ងប់និងបរិមាណធូលីហួសកម្រិតពីការបំភាយផ្សែងចេញពីយានយន្តនិងសកម្មភាពផ្សេងៗទៀត។ លោកបាននិយាយថាផ្សែងអ័ព្ទកំពុងធ្លាក់កៀកជិតដី ដោយសារខ្យល់ក្តៅ នៅក្នុងអ្វីដែលអ្នកឧតុនិយមហៅថា ដំណើរវិលវល់។

អ្នករស់នៅទីក្រុងបាងកកមានការអាក់អន់ចិត្តដោយសារកង្វះភាពរីកចម្រើនក្នុងការកែលម្អស្ថានភាព។ ការស្ទង់មតិមួយដោយវិទ្យាស្ថានជាតិសម្រាប់ការគ្រប់គ្រងការអភិវឌ្ឍដែលចេញផ្សាយកាលពីថ្ងៃអាទិត្យបានបង្ហាញថា ៨១ ភាគរយនៃប្រជាជនក្នុងតំបន់ ១.២៥៦ នាក់ដែលបានសាកសួរ បានឯកភាពថា រដ្ឋាភិបាលមិនមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហានោះទេ។ មានតែអ្នកឆ្លើយសំណួរ ២,៧ ភាគរយប៉ុណ្ណោះ ដែលយល់ស្របលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។

នាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានបានចេញផែនការសកម្មភាពជាតិចំនួន ៥២ ទំព័រកាលពីខែតុលាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងបញ្ហាការបំពុលធូលីនេះប៉ុន្តែគេមិនច្បាស់ទេថាតើវិធានការប៉ុន្មានត្រូវបានអនុវត្ត។ ផែនការនេះភាគច្រើនគឺរួមបញ្ចូលគោលការណ៍ណែនាំសម្រាប់ទីភ្នាក់ងាររដ្ឋាភិបាលនានា ប៉ុន្តែក៏ពិភាក្សាពីការប្រុងប្រយ័ត្ននិងមធ្យោបាយដែលអាចធ្វើបានដើម្បីវាស់ស្ទង់ការបំពុលផងដែរ៕ ដោយ៖ កញ្ញាដាលីស

ផ្សែងអ័ព្ទគ្របដណ្តប់ក្រុងបាងកកជាងមួយសប្តាហ៍ហើយ