ករណី​លោក គឹម សុខ​ចោទ​CPP​សម្លាប់​លោក កែម ឡី តុលាការ​នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​១០ ខែសីហា

1038
ចែករម្លែក

(​ភ្នំពេញ​) ៖ បន្ទាប់ពី​ជំនុំជម្រះ​នៅ​រសៀល​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ថា​នឹង​ប្រកាស​សាល​​ក្រម​ចំពោះ​សំណុំរឿង លោក គឹម សុខ នៅ​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ ចំពោះ​ករណី​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា (CPP)​ថា​ជា​អ្នក​សម្លាប់​អ្នកវិភាគ​នយោបាយ និង​សង្គម​លោក​បណ្ឌិត កែម ឡី ។​
​ ​
​សវនាការ​កាត់ទោស លោក គឹម សុខ នៅ​ថ្ងៃ​ម្សិលមិញ ដឹកនាំ​ដោយ លោក គី ឫទ្ធី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​ចៅក្រម​​ជំនុំជម្រះ ហើយ​មាន លោក សៀង សុខ ជា​ព្រះរាជអាជ្ញារង​។ សវនាការ​នេះ ធ្វើឡើង​នៅ​ចំពោះមុខ ជនជាប់ចោទ​ដោយមាន​មេធាវី​​ដើមបណ្តឹង និង​មេធាវី​ជនជាប់ចោទ​ចូលរួម​ដែរ​។​
​ ​
​សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​តាម​បណ្តឹង​​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បន្ទាប់ពី​លោក​ចូលខ្លួន​ឆ្លើយបំភ្លឺ​ចំពោះ​ករណី​​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី តាម​វិទ្យុ​អាស៊ីសេរី នាពេល​កន្លងទៅ​។​
​ ​
​លោក គឹម សុខ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​គឺ​ញុះញង់​ឲ្យ​ប្រ​​ព្រឹ​ត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ ​
​បច្ចុប្បន្ន​លោក គឹម សុខ ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ហើយ​បរាជ័យ​ក្នុងការ​ស្នើសុំ​នៅក្រៅ​ឃុំ​ជា​បន្តបន្ទាប់​នោះ កំពុង​នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​មេធាវី​សម្តេច​តេ​ជោ ដូចគ្នា គឺពាក់ព័ន្ធ​ករណី​លោក គឹម សុខ បាន​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតករ​មិនដែល​ឃើញ​៕ដោយ៖វិបុល